ខេត្តបាត់ដំបង៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមការគាំទ្រមូលនិធិពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយបន្តថ្នាក់ខេត្តស្តីពី ការប្រើប្រាស់ឧបករណ៍សម្រាប់ការបញ្ជ្រាបគម្រោងភាពធន់នឹងអាកាសធាតុទៅក្នុងដំណើរការរៀបចំផែនការ និងថវិកាឃុំ សង្កាត់ ដើម្បីបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានសិក្ខាកាមចូលរួមមកពីរដ្ឋបាលខេត្ត ស្រុក ឃុំសរុបប្រមាណ ៦០រូប។ វគ្គផ្សព្វផ្សាយនេះប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៥ និង១៦ ខែមីនា ឆ្នាំ២០១៨ ក្នុងសាលប្រជុំសណ្ឋាគារស្ព្រីងផាក ខេត្តបាត់ដំបង។
លោក ឡុង វិសិដ្ឋ អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងជាប្រធានសម្របសម្រួលគម្រោងជំនួយបច្ចេកទេសការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍដល់រដ្ឋបាលថ្នាក់ស្រុក និងឃុំ (SPCR) បានមានប្រសាសន៍ថា គម្រោងនេះផ្តោតជាចម្បងលើការបណ្តុះបណ្តាលសមត្ថភាព ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគឺនៅថ្នាក់រដ្ឋបាលស្រុក និងឃុំ បានយល់ជ្រួតជ្រាប និងបន្តបណ្តុះបណ្តាលផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ និងបន្សាំការប្រែប្រួលអាកាសធាតុទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកបានបន្ថែមថា វគ្គនេះមានគោលដៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលបាននូវចំណេះដឹងជំនាញស្តីពី ទស្សនទានការប្រែប្រួលអាកាសធាតុ និងសមត្ថភាពក្នុងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយទៅក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ សង្កាត់ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញប្រជាពលរដ្ឋយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ ព្រមទាំងពួកគាត់អាចទាក់ទាញថវិកាពីដៃគូម្ចាស់ជំនួយ និងរាជរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងនៅមូលដ្ឋានដោយផ្ទាល់ផងដែរ។
អញ្ជើញជាអធិបតីក្នុងបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម ស៊ូ អារ៉ាហ្វាត អភិបាលរងខេត្តបាត់ដំបងបានមានប្រសាសន៍ថា កន្លងមកមានការដាក់បញ្ចូលបញ្ហាការប្រែប្រួលអាកាសធាតុជាក់លាក់ទៅក្នុងដំណើរការកសាងផែនការថ្នាក់ក្រោមជាតិដែលជាកិច្ចការសំខាន់នៃក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមមានប្រសាសន៍ថា “គោលនយោបាយនេះមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ដោយផ្តើមលើការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និរន្តរភាពបរិស្ថាន ការងារបៃតង បច្ចេកវិទ្យាបៃតង ហិរញ្ញវត្ថុបៃតង ឥណទានបៃតង និងការវិនិយោគបៃតង”។ ឯកឧត្តម ក៏បានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការឆ្លើយតប និងជាបទពិសោធសម្រាប់យកទៅបន្តអនុវត្តនៅថ្នាក់ស្រុក និងថ្នាក់ឃុំផ្សេងៗទៀត។ ឯកឧត្តម មានប្រសាសន៍ថា “ប្រសិនបើវគ្គបណ្តុះបណ្តាលនេះទទួលបានជោគជ័យ វានឹងក្លាយជាមេរៀនសំខាន់សម្រាប់បន្តអនុវត្ត បង្កើនសមត្ថភាពក្នុងការបញ្ជ្រាបការបន្សាំការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិជាបន្តទៀត”។
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមទាំងអស់នឹងបានស្វែងយល់ពីបរិបទទូទៅនៃការប្រែប្រួលអាកាសធាតុជាសកល យល់ដឹងអំពីមូលហេតុនៃការប្រែប្រួលអាកាសធាតុជាសកល និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាសកល និងនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ផងដែរថា គម្រោងជំនួយបច្ចេកទេសការបញ្ជ្រៀបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍដល់រដ្ឋបាលថ្នាក់ស្រុក និងឃុំ (SPCR) មានរយៈពេលអនុវត្តចំនួន ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ស្ថិតក្រោមមូលនិធិថវិកាពីធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រមាណ ៥០ម៉ឺនដុល្លារ៕