ខេត្តបាត់ដំបង៖ ក្រុមការងារអនុវត្តគម្រោងជំនួយបច្ចេកទេសការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍដល់រដ្ឋបាលថ្នាក់ស្រុក និងឃុំ (SPCR) នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានចុះបណ្តុះបណ្តាលពីការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំផែនការ និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេលពីរថ្ងៃ ដើម្បីបង្កើនការយល់ដឹងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំ និងការអនុវត្តគម្រោងវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងតំបន់ទីប្រជុំជន និងជនបទ។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍១២កើត និងថ្ងៃសុក្រ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ និង២៧ ខែមេសា ឆ្នាំ២០១៨ ក្នុងខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិប្រមាណ៤០រូបមកពីខេត្តចំនួន១២ ក្នុងនោះ រួមមាន ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ កោះកុង កំពត កែប ព្រះសីហនុ កំពង់ឆ្នាំង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ឡុង វិសិដ្ឋ អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកសម្របសម្រួលគម្រោង SPCR បានមានប្រសាសន៍ថា គម្រោង SPCR គឺជាគម្រោងមួយចូលរួមចំណែកក្នុងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ហើយលេខាធិការដ្ឋាន គ.ជ.អ.ប មានគោលបំណងឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអនុវត្តគម្រោងដោយខ្លួនឯង។
តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍បញ្ជាក់ថា៖“ប្រសិនបើរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំកសាងផែនការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុត្រឹមត្រូវតាមនីតិវិធីនោះ រដ្ឋបាលថ្នាក់ក្រោមជាតិអាចកៀងគរថវិកាជាច្រើនពីមូលនិធិគាំទ្រ ដើម្បីជួយអភិវឌ្ឍឃុំ និងស្រុក។ នេះជាទិសដៅមួយដ៏ធំរបស់លេខាធិការដ្ឋាន”។
លោកបានមានប្រសាសន៍សង្ឃឹមថា រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់នឹងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឱ្យការបណ្តុះបណ្តាលកាន់តែមានប្រសិទ្ធភាព។
ឱកាសនេះដែរ លោកជំទាវ ញឹក សុគន្ធ អភិបាលរងខេត្តបាត់ដំបង បានសម្តែងការរីករាយ និងស្វាគមន៍ដែលក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ជ្រើសរើសខេត្តបាត់ដំបងជាទីតាំងអនុវត្ត បណ្តុះបណ្តាល និងផ្សព្វផ្សាយគម្រោងបន្តទៅខេត្តដទៃទៀត។ លោកជំទាវបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើនការយល់ដឹងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំ និងការអនុវត្តគម្រោងវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្លើយតបនឹងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកជំទាវជឿជាក់យ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងក្លាយជាមេរៀនមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផ្សព្វផ្សាយ និងអនុវត្តបន្តទៅថ្នាក់ក្រោមជាតិផ្សេងទៀត។
សូមបញ្ជាក់ថា សិក្ខាកាមទាំងអស់បានស្វែងយល់មេរៀនសំខាន់ៗពីអ្នកជំនាញបន្សាំនឹងការប្រែប្រួលអាកាសធាតុនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដូចជា លក្ខណៈវិនិច្ឆ័យទូទៅសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងអាកាសធាតុ មូលនិធិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ បច្ចេកទេសរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដំណើរការរៀបចំ និងការពិនិត្យបច្ចេកទេសគម្រោង និងនីតិវិធីលទ្ធកម្ម និងការអនុវត្តគម្រោង ជាដើម។ នេះជាវគ្គបណ្តុះបណ្តាលលើកទីបីហើយ។ កន្លងមក ក្រុមការងារអនុវត្តគម្រោង SPCR ដែលទទួលមូលនិធិគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលដល់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕