សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​

"

កំពង់ធំ ៣១ កក្កដា ២០១៥៖ គណនេយ្យភាពសង្គមគឺជាឧបករណ៍ដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងដើម្បីពង្រឹងសិទិ្ធអំណាច របស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ធនធាន និងការផ្តល់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ…

កំពង់ធំ ៣១ កក្កដា ២០១៥៖ គណនេយ្យភាពសង្គមគឺជាឧបករណ៍ដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងដើម្បីពង្រឹងសិទិ្ធអំណាច របស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ធនធាន និងការផ្តល់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតជាសំខាន់ទៅលើការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីទទួលបាននូវព័ត៌មាន និងបានចូលរួមក្នុងដំណើរការត្រួតពិនិត្យ ការអនុវត្ត និងវាយតម្លៃការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

 

ដើម្បីផ្សព្វផ្សាយ និងពិភាក្សាដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងស្រុក ខេត្ត គោលដៅអនុវត្តការងារគណនេយ្យភាពសង្គម លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយអង្គការទស្សនៈពិភពលោក បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៃស្ថាប័នដែលពាក់ព័ន្ធសំខាន់ៗ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ នៅខេត្តកំពង់ធំ។

 

ថ្លែងបើកសិក្ខាសាលា ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានលើកឡើងពីការគាំទ្រការងារគណនេយ្យភាពសង្គម និងជំរុញដល់មន្រ្តីពាក់ព័ន្ធក្នុងខេត្តយកចិត្តទុកដាក់ចូលរួមក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមអោយបានម៉ត់ចត់ផងដែរ។

 

ឯកឧត្តមបានបញ្ជាក់ថាក្នុងការអនុវត្តជាក់ស្តែង ខេត្តកំពង់ធំ បាននិងកំពុងអនុវត្តផែនការគណនេយ្យភាពសង្គម តាំងពីចុងឆ្នាំ២០១៤ក្នុងស្រុកចំនួន៣ គឺស្រុកស្ទោង ១៣ឃុំ  ស្រុកកំពង់ស្វាយ១១ឃុំ  និងស្រុកសន្ទុក៣ឃុំ (ក្នុងនោះឃុំគោលដៅរបស់អង្គការទស្សនៈពិភពលោកមានចំនួន ១៥ឃុំ គឺនៅក្នុងស្រុកស្ទោង៦ឃុំ ស្រុកកំពង់ស្វាយ៦ឃុំ និងស្រុកសន្ទុក៣ឃុំ) ដែលកំពុងសាកល្បងអនុវត្តចំពោះសេវាកម្មជាមូលដ្ឋានចំនួន០៣ គឺ(១).សេវាកម្មផ្តល់ដោយសាលាឃុំ (២).សេវាអប់រំ ផ្តល់ដោយសាលាបឋមសិក្សា និង(៣). សេវាសុខភាពផ្តល់ដោយមណ្ឌលសុខភាព ។ 

 

ក្នុងនោះដែរ ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគ.ជ.អ.ប បានលើកឡើងថាយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនេះ មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់អំពីការបំពេញការងាររបស់អ្នកផ្តល់សេវាក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយយុទ្ធសាស្ត្រនេះនឹងអនុវត្តរួមគ្នារវាងផែ្នកផ្គត់ផ្គង់(រាជរដ្ឋាភិបាល) និងផែ្នកតម្រូវការ(សង្គមស៊ីវិល)។ 

 

ក្នុងការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គម មានវិស័យចំនួន ៣ ត្រូវបានជ្រើសរើសដើម្បីអនុវត្តដែលរួមមានរដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា។ រដ្ឋបាលស្រុក(ទាំងក្រុមប្រឹក្សា និងគណៈអភិបាល) ការិយាល័យសុខាភិបាលស្រុក និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក (ដែលរំពឹងថាអង្គភាព ឬមុខងារទាំង ២ ចុងក្រោយនេះនឹងត្រូវបានផ្ទេរទៅរដ្ឋបាលស្រុកក្នុងពេលឆាប់ៗខាងមុខនេះ) រួមគ្នាគាំទ្រ និងពង្រឹងការអនុវត្តគណនេយ្យភាពសង្គមរបស់ឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា។ 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់