សិក្ខាសាលា ការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម “ប័ណ្ណដាក់ពិន្ទុ របស់សហគមន៍” ស្រុកព្រៃឈរ

ស្រុកព្រៃឈរ-កំពង់ចាម ២ កញ្ញា ២០១៤៖ អង្គការ Pact សហការជាមួយអង្គការ ភ្នំស្រីដើម្បីអភិវឌ្ឍន៍ បានរៀបចំសិក្ខាសាលា រយៈពេលពីរថ្ងៃ នៅថ្ងៃទី១-២ ខែកញ្ញា ២០១៤ ស្ដីពីប័ណ្ណដាក់ពិន្ទុសហគមន៍ លើការបំពេញការងារ របស់ក្រុមប្រឹក្សាស្រុកព្រៃឈរ ខេត្តកំពង់ចាម នៃគម្រោងលើកកម្ពស់ការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងដំណើរការ អភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ  (PROCEED)…

 

ស្រុកព្រៃឈរ-កំពង់ចាម ២ កញ្ញា ២០១៤៖ អង្គការ Pact សហការជាមួយអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ បានរៀបចំសិក្ខាសាលា រយៈពេល ពីរថ្ងៃ នៅថ្ងៃទី១-២ ខែកញ្ញា ២០១៤ ស្ដីពីប័ណ្ណដាក់ពិន្ទុសហគមន៍ លើការបំពេញការងារ របស់ក្រុមប្រឹក្សាស្រុកព្រៃឈរ ខេត្តកំពង់ចាម នៃគម្រោងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ  (PROCEED) ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកព្រៃឈរ ក្រោមអធិបតីភាព ឯកឧត្តម ជាម ប៉េអា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងឯកឧត្តម សឹម សុខព្រី អភិបាលរង ខេត្តកំពង់ចាម។

សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីកម្មវិធីអភិបាលកិច្ចមូលដ្ឋានក្រសួងមហាផ្ទៃ តំណាងក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរផែនការ តំណាងសមាគមក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក នគរបាលស្រុក កងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំ ព្រះសង្ឃ សហគមន៍មូលដ្ឋាន តំណាងយុវជន សរុបចំនួនប្រមាណ ៩០អង្គនិងនាក់។

តាមរយៈវគ្គសិក្ខាសាលារយៈពេល២ថ្ងៃនេះ ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក មន្ត្រីការិយាល័យជុំវិញស្រុក និងសហគមន៍មូលដ្ឋានបាន៖

  1. យល់ដឹងអំពីគោលគំនិត ដំណើរការ និងរបៀបប្រើប្រាស់ប័ណ្ណដាក់ពិន្ទុរបស់សហគមន៍លើការបំពេញការងារ និងសេវារបស់ក្រុមប្រឹក្សាស្រុក
  2. អាចអនុវត្តបាននូវប័ណ្ណដាក់ពិន្ទុរបស់សហគមន៍
  3. ព្រមព្រៀងលើផែនការសកម្មភាពរួមគណនេយ្យភាពស្រុក ដើម្បីធ្វើឲប្រសើរឡើងនូវការផ្តល់សេវាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក។

 
មានមតិស្វាគមន៍លោក ឈ សុផល នាយកប្រតិបត្តិអង្គការផេកកម្ពុជាបានមានប្រសាសន៍ថា ប័ណ្ណដាក់ពិន្ទុសហគមន៍ លើការបំពេញការងាររបស់ក្រុមប្រឹក្សាស្រុក ពិតជាមានសារៈសំខាន់ ដែលជាឧបករណ៍ សម្រាប់ឆ្លុះបញ្ចាំង លើការបំពេញតួនាទី ការទទួលខុសត្រូវ និងការផ្ដល់សេវា របស់ក្រុមប្រឹក្សា ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លទ្ធផល នៃការឆ្លុះបញ្ចាំងនេះ នឹងអាចជួយធ្វើការកែលំអលើការគ្រប់គ្រងរដ្ឋបាល និងការផ្ដល់សេវាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក ដើម្បីឆ្លើយតបទៅនឹងបញ្ហានានាដែលជាក្តីកង្វល់ និងសេចក្ដីត្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
 
ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលានេះ ឯកឧត្តម សឹម សុខព្រី អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់ គណនេយ្យភាព របស់ក្រុមប្រឹក្សាចំពោះប្រជាពលរដ្ឋ និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអនុវត្តការងារ របស់ក្រុមប្រឹក្សា  រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គម  ដែលមានចក្ខុវិស័យ «ពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ  ការលើកកំពស់នូវភាពអង់អាចរបស់ប្រជាពលរដ្ឋ  និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធភាព»។  និងមានគោលបំណង «ពង្រឹងភាពអង់អាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ កុមារ និង ក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួម ពង្រឹងការចាត់ចែង  ការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវ ភាពទទួលបានព័ត៌មាន  និងការចូលរួម ពិនិត្យ តាមដានលើការងារថវិកា និង ការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ»។

ឯកឧត្តម សឹម សុខព្រី ថ្លែងបន្តថា ផែនការយុទ្ធសាស្ត្រស្ដីពី ការងារគណនេយ្យភាពសង្គម  គឺផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួន អាចការពារនូវផលប្រយោជន៍ និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្ដល់សេវាកម្មនានា ដែលជាអ្នកអនុវត្តសេចក្ដីសំរេចចិត្តទាំងឡាយ ពាក់ព័ន្ធទៅនឹងសិទ្ធិ បទប្បញ្ញត្តិ ធនធាន និងការផ្ដល់សេវាកម្មនៅមូលដ្ឋាន។

គួរបញ្ជាក់ថាផែនការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គមមានបួនសមាសភាព៖ (១).ភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា (២).ការត្រួតពិនិត្យតាមដានរបស់ប្រជាពលរដ្ឋ (៣). ការសម្របសម្រួល និងការពង្រឹងសមត្ថភាព (៤).ការប្រមូលមេរៀនបទពិសោធន៍ ការអនុវត្តល្អ និងការត្រួតពិនិត្យតាមដាន។
 
ផែនការយុទ្ធសាស្ត្រនេះមានចក្ខុវិស័យផ្ដោតទៅលើការពង្រឹងភាពជាដៃគូររវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋ  ការលើកកម្ពស់នូវសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសំដៅអនុវត្តកិច្ច ដំណើរការកំណែទម្រង់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
 
ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមមានពីរផ្នែកគឺ៖ ផ្នែកផ្គត់ផ្គង់ (Supply side) និងផ្នែកតម្រូវការ (Demand side)។ ផ្នែកផ្គត់ផ្គង់ រួមមាន៖ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្នាក់ស្រុកចំនួន១២០ (ក្រុមប្រឹក្សា រដ្ឋបាល ការិយាល័យជំនាញ) និងថ្នាក់ឃុំ (រដ្ឋបាល សាលារៀនមណ្ឌលសុខភាព)។ ចំណែកឯផ្នែកតម្រូវការវិញរួមមាន៖ ប្រជាពលរដ្ឋ (អ្នកប្រើប្រាស់សេវា) អ្នកសម្របសម្រួលគណនេយ្យភាព អង្គការ NGOs នៅមូលដ្ឋាន អង្គការដៃគូអនុវត្ត អង្គការដៃគូបណ្តុះបណ្តាល អង្គការដៃគូ សិក្សាបទពិសោធន៍ និងផ្នែកសម្របសម្រួលនៅថ្នាក់ជាតិ។
 
ថ្លែងក្នុងវគ្គសិក្ខាសាលានោះដែរ ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន គ.ជ.អ.ប មានប្រសាសន៍ថា ក្រោយពីទទួលបានការបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់នឹងអាចយល់ដឹងបានអំពីរបៀបនៃការបំពេញប័ណ្ណដាក់ពិន្ទុ បានយ៉ាងត្រឹមត្រូវ ផ្អែកតាមការវិនិច្ឆ័យមួយជាក់លាក់
ទៅលើការបំពេញការងាររបស់ក្រុមប្រឹក្សាក្រុង ហើយនឹងយល់ច្បាស់ថា តើលទ្ធផល នៃការដាក់ពិន្ទុនោះ ត្រូវយកទៅធ្វើផែនការ បន្តទៀត។
 
ឯកឧត្តម ជាម ប៉េអា បានមានប្រសាសន៍បន្តថា ប័ណ្ណដាក់ពិន្ទុសហគមន៍នេះ គឺជាផ្នែកមួយ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ ស្ដីពីគណនេយ្យភាពសង្គម ដែលបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែកក្កដា ឆ្នាំ២០១៣។ បច្ចុប្បន្ន ផែនការសកម្មភាពលម្អិត សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រនេះត្រូវបានរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលមួយចំនួន។
 
ឯកឧត្តម បន្ថែមទៀតថា នៅថ្នាក់ស្រុកគឺត្រូវការជំនួយថវិកាសម្រាប់បោះពុម្ពផ្ទាំងព័ត៌មាន និងប័ណ្ណព័ត៌មានប្រជាពលរដ្ឋ (I4Cs) ស្របទៅតាមគំរូណែនាំពី គ.ជ.អ.ប សម្រាប់ផ្តល់ដល់គ្រប់ឃុំទាំងអស់ និងការគាំទ្របច្ចេកទេស សម្រាប់កិច្ចការ ចុះតាមដាន ការអនុវត្តការងារ នៅថ្នាក់ឃុំផងដែរ។ «ចំពោះការវាយតម្លៃការផ្តល់សេវាវិញ យើងនឹងបន្តអនុវត្ត នៅពេលណា ដែលមាន ការផ្ទេរមុខងារ ជូនរដ្ឋបាលថ្នាក់ស្រុកបានរួចរាល់ ព្រោះថានៅពេលនោះ ទើបយើងបានដឹងច្បាស់ថា តើមានសេវាកម្មអ្វីខ្លះ ដែលថ្នាក់ស្រុកត្រូវផ្តល់ជូនប្រជាពលរដ្ឋ។ បច្ចុប្បន្ន គ.ជ.អ.ប ធ្វើការសម្របសម្រួលជាមួយក្រសួងមួយចំនួន ដើម្បីជំរុញ ឲ្យមានការផ្ទេរមុខងារសាកល្បងមួយចំនួន ដល់ថ្នាក់ស្រុកក្នុងឆ្នាំ២០១៤ នេះផងដែរ»។
 
ដោយឡែកនៅថ្នាក់ឃុំវិញ ឯកឧត្តម បានថ្លែងថា ឃុំត្រូវការជំនួយបច្ចេកទេស និងថវិកាសម្រាប់រៀបចំកិច្ចប្រជុំរួមគ្នារវាងសាលាឃុំ សាលារៀន និងមណ្ឌលសុខភាព ជាមួយប្រជាពលរដ្ឋ ដើម្បីពិនិត្យមើលលទ្ធភាពប័ណ្ណដាក់ពិន្ទុលើសេវាកម្ម ដែលបានធ្វើឡើងដោយប្រជាពលរដ្ឋ និងរៀបចំជាផែនការសកម្មភាពរួមគ្នាមួយ។ «ប្រសិនបើគ្មានការប្រជុំរួមគ្នា និងមិនបានរៀបចំផែនការរួមគ្នា លទ្ធផលនៃប័ណ្ណដាក់ពិន្ទុក៏ពុំសូវជាមានសារៈសំខាន់ប៉ុន្មានដែរ។ ម៉្យាងវិញទៀត បើគ្មានការតាមដានទៅលើការអនុវត្តផែនការសកម្មភាពរួមគ្នា ដែលបានដាក់ចេញមកយើងក៏មិនអាចដឹងថា មានអ្វីខ្លះដែលបានកែសម្រួលនោះឡើយ»។ 
 
ឯកឧត្តម បានបញ្ជាក់បន្ថែមថា លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ គណនេយ្យភាពសង្គម ដល់មន្ត្រីពាក់ពន្ធ័នៅថ្នាក់ខេត្ត ស្រុក ឃុំ កាលពីពាក់កណ្ដាលខែសីហា ដែលផែនការយុទ្ធសាស្ត្រ នឹងត្រូវចាប់អនុវត្តពីត្រីមាសទីពីរ ឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧។ នៅក្នុងដំណាក់កាលដំបូងនៅថ្នាក់ស្រុកក្នុងឆ្នាំ២០១៤ មានសរុបចំនួន២០ស្រុក និងឃុំ ដែលស្ថិតក្នុងស្រុកទាំង២០នោះ នៅក្នុងខេត្តចំនួន១១ ដែលគ្របដណ្ដប់ឃុំចំនួន១៥៨ ឃុំ។ តាមផែនការយុទ្ធសាស្ត្រនេះ ថ្នាក់រដ្ឋបាលឃុំ សង្កាត់មានសាលារៀន និងមណ្ឌលសុខភាព នឹងត្រូវផ្តល់ព័ត៌មានអំពីស្តង់ដារនៃការផ្តល់សេវារបស់ខ្លួន អំពីថវិកាចំណូលចំណាយដែលខ្លួនមានចំពោះប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានមូលដ្ឋាន សម្រាប់ធ្វើការវាយតម្លៃ អំពីកម្រិត នៃការផ្តល់ សេវាកម្មទាំងនោះ តាមរយៈប័ណ្ណដាក់ពិន្ទុដែលយើងទាំងអស់គ្នា នឹងរៀនសូត្រនាពេលនេះ។
 
ឯកឧត្តម បន្តថា បច្ចុប្បន្នលេខាធិការដ្ឋាន គ.ជ.អ.ប បាននឹង កំពុងរៀបចំផ្ទាំងព័ត៌មាននិងប័ណ្ណព័ត៌មានគំរូទាក់ទងនិងសេវាអប់រំ (សាលារៀន) សេវាសុខភាព (មណ្ឌលសុខភាព) និងសេវារដ្ឋបាល (សាលាឃុំផ្តល់លិខិតអត្រានុកូលដ្ឋាន)។ ផ្ទាំងព័ត៌មាន និងប័ណ្ណព័ត៌មានទាំងនោះ នឹងត្រូវផ្តល់ជូនឃុំទាំង១៥៨ ឃុំ ដើម្បីប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ធ្វើការវាយតម្លៃគុណភាព នៃការផ្តល់សេវាទាំងនោះ។ ចំពោះប្រជាពលរដ្ឋ (ដែលជាផ្នែកតម្រូវការ ជាអ្នកប្រើប្រាស់សេវាទាំងនោះ)  បន្ទាប់ពីបាន ប្រើប្រាស់សេវាទាំងអស់នោះ នឹងត្រូវធ្វើការវាយតម្លៃចំពោះគុណភាពនៃការផ្តល់សេវាទាំងនោះ។ មានវិធីសាស្រ្តជាច្រើន ដែលគេបានប្រើប្រាស់សម្រាប់ធ្វើការវាយតម្លៃសេវាកម្ម ដូចជា កន្លងមក យើងមានរៀបចំធ្វើវេទិកាក្រុមប្រឹក្សា ដើម្បីផ្តល់យោបល់ត្រឡប់វិញ ជាដើម។
 
ឯកឧត្តម ថ្លែងដូច្នេះថា៖ « ប៉ុន្តែខ្ញុំយល់ថា វិធីសាស្រ្តវាយតម្លៃតាមរយៈប័ណ្ណដាក់ពិន្ទុរបស់ប្រជាពលរដ្ឋ គឺជាវិធីសាស្រ្តមួយ ដែលមានភាពងាយស្រួល។ យ៉ាងណា កិច្ចការទាំងនេះ ត្រូវមានអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ និងការជួយគាំទ្រ ពីអង្គការសង្គមស៊ីវិលនានា ដើម្បីឱ្យការវាយតម្លៃនេះមានភាពសុក្រិត្យភាព និងអាចផ្តល់ជាព័ត៌មាន ត្រឡប់ទៅអ្នកផ្គត់ផ្គងវិញ មានដូចជាៈ សាលារៀន មណ្ឌលសុខភាព និងសាលាឃុំ ដើម្បីកែលម្អសេវាទាំងនោះ ឱ្យបានកាន់តែប្រសើរឡើង។ ព្រោះថាលទ្ធផលនៃប័ណ្ណដាក់ពិន្ទុ នឹងត្រូវយកទៅពិនិត្យរួមគ្នា និងរៀបចំផែនការសកម្មភាពសម្រាប់កែលម្អសេវាកម្មទាំងនោះ តាមរយៈកិច្ចប្រជុំរួមគ្នា និងព្រមព្រៀងទៅលើផែនការសកម្មភាពគណនេយ្យភាពរួមគ្នាមួយផងដែរ»។
 
គួរបញ្ជាក់ផងដែលថា អង្គការផេក Pact Cambodia សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានអនុវត្តវិធីសាស្រ្តប័ណ្ណ ដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាក្រុង ស្រុកនៅក្នុងខេត្តចំនួន៤ គឺខេត្តមណ្ឌលគីរី មានក្រុងសែនមនោរម្យ និងស្រុកពេជ្រាដា ខេត្តពោធិ៍សាត់ មានក្រុងពោធិ៍សាត់ និងស្រុកក្រគរ ខេត្តកំពង់ចាម ស្រុកព្រៃឈរ និងក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកថ្មគោល ក្នុងខេត្តបាត់ដំបងក្រោមគម្រោងការលើកកំពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ហៅកាត់ថា PROCEED)៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់