គណនេយ្យ​ភាព​សង្គម ជួយ​កែ​លម្អ​ និង​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​រដ្ឋបាល

"/

ភ្នំពេញ ២៥ កុម្ភៈ ២០១៥៖ គណនេយ្យភាពសង្គមគឺជា ផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាគឺជា ឧបករណ៍ដ៏មានសារសំខាន់ ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ …

ភ្នំពេញ ២៥ កុម្ភៈ ២០១៥៖ គណនេយ្យភាពសង្គមគឺជា ផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាគឺជា ឧបករណ៍ដ៏មានសារសំខាន់ ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍មូលដ្ឋានគឺ ការទទួលបានព័ត៌មាន ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងដំណើរការពិភាក្សាចរចាធ្វើអោយមានភាពប្រសើរឡើង។ នេះជាលើកឡើងរបស់ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មជនបទ ក្នុងពិធីបើកវេទិកាសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គមឆ្នាំ២០១៤ និងរៀបចំផែនការឆ្នាំ២០១៥។

 

ដើម្បីពិនិត្យមើលពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនៃការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គមឆ្នាំ២០១៤ និងដើម្បីសិក្សាស្វែងយល់ពីការរៀបចំផែនការសកម្មភាពឆ្នាំ២០១៥ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងផែនការសកម្មភាពឆ្នាំ២០១៤ និងរៀបចំផែនការឆ្នាំ២០១៥ នៃការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គម កាលពីថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ។

 

ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម ងី ច័ន្ទ្រផល បានមានប្រសាសន៍បន្ថែមថា គណនេយ្យភាពសង្គមបានជួយដល់ការកែលម្អ និងការផ្លាស់ប្ដូរឥរិយាបថនៃភាពជាតំណាង ព្រមទាំងការផ្ដល់ឱកាសចូលរួមជាសម្លេងជាសិទ្ធិដល់ប្រជាពលរដ្ឋកាន់តែទូលំទូលាយ ក្នុងការប្រាស្រ័យទាក់ទងជាមួយតំណាងរបស់ខ្លួន និងការជំរុញអោយមានគណនេយ្យភាពកាន់តែខ្លាំងឡើងរបស់ក្រុមប្រឹក្សា និងមន្រ្តីនានាចំពោះប្រជាពលរដ្ឋ និងបង្កើនមូលធនសង្គម និងការផ្សារភ្ជាប់នៅសហគមន៍ គឺជាធាតុចូលដ៏មានសារសំខាន់ និងមានប្រសិទ្ធភាពក្នុងដំណើរការការអភិវឌ្ឍសង្គមជាតិបានរុងរឿងគ្រប់វិស័យ។

 

ក្នុងសិក្ខាសាលានេះ មានការបង្ហាញពីបទពិសោធន៍ និងបញ្ហាប្រឈមនានានៃការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គមពីតាមខេត្តគោលដៅ និងអង្គការសង្គមស៊ីវិលផងដែរ។ ឆ្លងតាមបទពិសោធន៍ការអនុវត្តអង្គការសង្គមស៊ីវិលបានបង្ហាញពីចំនុចល្អដែលអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានយល់ដឹងពីសារសំខាន់របស់គណនេយ្យភាពសង្គម ហើយចូលរួមកាន់តែច្រើន។

 

ក្នុងដំណាក់កាលសាកល្បងដំបូងនៃការអនុវត្តគណនេយ្យភាពគឺផ្តោតលើ៣វិស័យគឺ វិស័យសុខាភិបាល វិស័យអប់រំ និងរដ្ឋបាលឃុំ។ ប្រសិនបើវិស័យ៣ ក្នុងការសាកល្បងនេះទទូលបានជោគជ័យការពង្រីកការអនុវត្តបន្ថែមលើសេវាអាទិភាពផ្សេងៗទៀតនឹងត្រូវបានអនុវត្តនាពេលអនាគត។

 

សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី ការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គមឆ្នាំ២០១៤ និងរៀបចំផែនការឆ្នាំ២០១៥ មានការអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មជនបទ និងមានការចូលរួមពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ទីប្រឹក្សាស្រុករបស់ផអ៣២ នាយករដ្ឋបាល អភិបាលស្រុកគោលដៅ តំណាងមន្ទីរសុខាភិបាល និងមន្ទីរអប់រំ តំណាងក្រសួងសុខាភិបាល ក្រសួងអប់រំ តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធប្រមាណ១៩០ នាក់។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់