គណនេយ្យ​ភាព​សង្គម​ ជួយ​លើក​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​

ភ្នំពេញ ១៣ កុម្ភៈ ២០១៥៖ ដើម្បីចែករំលែកបទពិសោធន៍បញ្ហាប្រឈម រៀនសូត្រពីការអនុវត្តដំណើរការដាក់ពិន្ទុលើពហុវិស័យថ្នាក់ឃុំ នៃផែនការអនុវត្តគណនេយ្យភាពសង្គម សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ…

               ភ្នំពេញ ១៣ កុម្ភៈ ២០១៥៖ ដើម្បីចែករំលែកបទពិសោធន៍បញ្ហាប្រឈម រៀនសូត្រពីការអនុវត្តដំណើរការដាក់ពិន្ទុលើពហុវិស័យថ្នាក់ឃុំ នៃផែនការអនុវត្តគណនេយ្យភាពសង្គម សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំឡើងដោយអង្គការផេក កម្ពុជា សហការឧបត្ថម្ភដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការយូនីសេហ្វ កាលពីថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០១៥។

 

ឯកឧត្តម ជាម ប៉េអា អគ្គនាយករងអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពតាមដាន ត្រួតពិនិត្យ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុងពិធីបិទសិក្ខាសាលាថា គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ។

 

ឯកឧត្តមបានបន្តថា ការងារគណនេយ្យភាពសង្គមគឺជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ នឹងអាជ្ញាធរមូលដ្ឋានអោយមានលក្ខណៈល្អប្រសើរដោយប្រជាពលរដ្ឋអាចដឹងទទួលពីសិទ្ធិ និងព័ត៌មានទាក់ទងនឹងការអភិវឌ្ឍក្នុងសហគមន៍ ហើយអាជ្ញាធរអាចនឹងផ្ដល់សេវាសាធារណៈបានល្អប្រសើរដល់ប្រជាពលរដ្ឋ។

 

ថ្លែងក្នុងឱកាសនោះដែរ លោកស្រី សារាសីតស៍ ប្រធានអង្គការផេក បានសំដែងនូវការរីករាយសាទរដល់ដំណើរការគណនេយ្យភាពសង្គមនាពេលនេះ។ លោកស្រី មានសុទិដ្ឋិនិយមថានេះជាដំណើរល្អឈានទៅរកការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យសម្រាប់ថ្នាក់ក្រោមជាតិនៅកម្ពុជាដោយគណនេយ្យភាពសង្គមធ្វើការរួមគ្នាជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីអង្គការសង្គមស៊ីវិលផងដែរ។

 

ក្នុងពិធីបិទអង្គសិក្ខាសាលានេះដែរ ឯកឧត្តម ជាម ប៉េអា មានអនុសាសន៍ផ្ដាំផ្ញើដល់អ្នកអនុវត្តពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់លើធនធានមនុស្ស និងការងារសម្របសម្រួលដោយអង្គការប្រតិបត្តិទាំងអស់ត្រូវលើកកម្ពស់សមត្ថភាព ដោយអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីក្លាយជាអ្នកផ្តល់សេវាប្រកបដោយគុណភាព និងទាន់ពេលវេលា។

 

លិខិតបទដ្ឋានគតិយុត្តិផ្សេងៗទាក់ទងនឹងផែនការ៣ឆ្នាំរបស់ការងារគណនេយ្យភាពសង្គម គ្រោងនឹងសម្រេចបាននាពេលខាងមុខដើម្បីជួយគាំទ្រដល់ដំណើរការគណនេយ្យភាពសង្គមនេះ ម្យ៉ាងលេខាធិការដ្ឋាន គ.ជ.អ.ប គ្រោងនឹងមានការចុះអនុសារណៈយោគយល់ជាមួយអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ផងដែរដើម្បីអោយភ្នាក់ងារផ្គត់ផ្គង់ និងផ្នែកតម្រូវការមានការយោគយល់ពីគ្នាដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

 

ក្នុងនោះផងដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាអោយរក្សាបាននូវនិរន្តរភាពធនធាន និងមធ្យោបាយដែលបានអនុវត្ត អោយក្លាយជាស្វ័យភាពសម្រាប់ការងារគណនេយ្យភាពសង្គមនៅទូទាំងប្រទេស។

 

គួរបញ្ជាក់ផងដែរថា លេខាធិការដ្ឋាន គ.ជ.អ.ប ផ្តល់ថវិកាដល់អង្គការផេកកម្ពុជា ក្នុងការអនុវត្តគម្រោងគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយមានការសហការជាមួយអង្គការមួយចំនួនជាដៃគូរបស់អង្គការផេក ក្នុងខេត្តកំពង់ចាម បាត់ដំបង ដែលមានដូចជា អង្គការភូមិខ្ញុំ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ អង្គការអមរា អង្គការក្រុមទ្រទ្រង់ភូមិ ជាដើម។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់