គណនេយ្យភាព​សង្គម​ ជា​ឧបករណ៍​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​ពង្រឹង​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ២៧ តុលា ២០១៤៖ គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រជាធិបតេយ្យនៅកម្ពុជា ដោយឈរលើគោលការណ៍៣គឺ ការទទូលបានព័ត៌មាន ការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ និងការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងដំណើរការពិភាក្សាធ្វើអោយមាន ភាពប្រសើរឡើង។

ភ្នំពេញ ២៧ តុលា ២០១៤៖ គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ដោយឈរលើ គោលការណ៍៣គឺ ការទទូលបានព័ត៌មាន ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងការភ្ជាប់ទំនាក់ ទំនងប្រជាពលរដ្ឋក្នុងដំណើរ ការពិភាក្សាធ្វើអោយមានភាពប្រសើរឡើង។ នេះជាការលើកឡើងរបស់ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងពិធីបើកសិក្ខាសាលាផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤។

ឯកឧត្តមក៏បានបន្តទៀតថា គោលបំណងដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិគឺដើម្បី បង្កើតវប្បធម៌ប្រជាធិបតេយ្យដោយមានការចូលរួមពីប្រជាពលរដ្ឋ និងប្រកបដោយការទទូលខុសត្រូវចំពោះប្រជាពលរដ្ឋ ការកែលម្អការផ្តល់សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច និងការចូលរួមកាត់បន្ថយភាពក្រីក្រ។

ដើម្បីជួយតម្រង់ទិសដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិអោយកាន់តែមានប្រសិទ្ធភាព ផែនការយុទ្ធសាស្រ្តគណនេយ្យភាពត្រូវបានចែងក្នុងឯកសារកម្មវិធីជាតិ១០ ឆ្នាំ។

ឯកឧត្តមបានបញ្ជាក់ថា ឯកសារកម្មវិធីជាតិ១០ឆ្នាំ បានកំណត់អោយខ្សែគណនេយ្យភាពមានចំនួន៤ គឺ គណនេយ្យភាពផ្ទៃក្នុងដែលសំដៅលើគណនេយ្យភាពនៅក្នុងអង្គការចាត់តាំងមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬក្នុងរង្វង់រដ្ឋបាលមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ គណនេយ្យភាពអន្តររដ្ឋបាលថ្នាក់ក្រោមជាតិដែលសំដៅលើគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ រវាងអង្គការចាត់តាំងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានប្រភេទដូចគ្នាឬប្រភេទផ្សេងគ្នា និងគណនេយ្យភាពអន្តររដ្ឋបាលសំដៅលើគណនេយ្យភាពរវាងក្រសួង ស្ថាប័ន មន្ទីរ ទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័ន ជាមួយនឹងរដ្ឋបាលនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះប្រជាពលរដ្ឋ ដែលសំដៅលើខ្សែគណនេយ្យភាពផ្នែកនយោបាយ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។


សិក្ខាសាលាស្តីពីផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ដែលបានរៀបចំឡើងដោយអង្គការស្តារកម្ពុជា ដោយមានការសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប មានរយៈពេល៣ថ្ងៃទី គឺពីថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០១៤ នៅក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញជាអធិបតី ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប លោកស្រី ជេត ចរិយា នាយិការប្រតិបត្តិអង្គការស្តារកម្ពុជា។

សិក្ខាសាលាដែលមានរយៈពេល៣ថ្ងៃនេះ មានការចូលរួមពីអ្នកពាក់ព័ន្ធដែលអញ្ជើញចូលរួមពី គណអភិបាល នាយករដ្ឋបាល តំណាងការិយាល័យផែនការគាំទ្រ មណ្ឌលសុខភាព កម្រងសាលាបឋមសិក្សា ស្មៀន មេឃុំ មន្រ្តីបរិស្ថាន ជលផល ភូមិបាល និងស្រុកប្រតិបត្តិ ដែលស្ថិតក្នុងស្រុកគោលដៅទាំង៦ ក្នុងខេត្តបន្ទាយមានជ័យ ពោធ៍សាត់ និងខេត្តស្វាយរៀង ដែលសរុបមានប្រមាណជាង៨០នាក់។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់