លេខាធិការដ្ឋាន គ.ជ.អ.ប ផ្សព្វផ្សាយ​ឯកសារ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​

ភ្នំពេញ ៩ ធ្នូ ២០១៤៖ ដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមជាតិ មានគណនេយ្យភាព ចំពោះ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានសាកល្បង ផ្ទេរមុខងារ និងធនធាន ជាអាទិភាព ចំនួន៣ ដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលមានដូចជា សេវាសុខាភិបាល សេវាអប់រំ និងសេវាសាធារណៈ របស់ឃុំ សង្កាត់។

ភ្នំពេញ ៩ ធ្នូ ២០១៤៖ ដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមជាតិមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសាកល្បងផ្ទេរមុខងារ និងធនធានជាអាទិភាពចំនួន៣ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានដូចជា សេវាសុខាភិបាល សេវាអប់រំ និងសេវាសាធារណៈរបស់ឃុំ សង្កាត់។ នេះជាការលើកឡើងរបស់ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃនិងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី ការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ នៅភោជនីយដ្ឋាន ទន្លេបាសាក់ រាជធានីភ្នំពេញ។

 

សិក្ខាសាលានេះមានសមាសភាពចូលរួមពីអភិបាលរងខេត្តកំពត ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ប្រធានមណ្ឌលសុខាភិបាល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក នៃស្រុកគោលដៅ តំណាងអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានាដែលមានចំនួនសរុបប្រមាណ៥០នាក់។ 

ឯកឧត្ដម ជាម ប៉េអា មានប្រសាសន៍បន្តទៀតថា ផែនការយុទ្ធសាស្ត្រស្ដីពី ការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺជាយុទ្ធសាស្ត្រមួយសំខាន់ក្នុងកាអនុវត្តផែនការអនុវត្តបីឆ្នាំដំណាក់កាលទី២នៃកម្មវិធីជាតិ (ផអ៣ ទី២ ២០១៥-២០១៧) ដែលត្រូវសម្រេចអោយបាន។ ហើយដើម្បីអោយការងារគណនេយ្យភាពសង្គមនេះអាចសម្រេចទៅបានត្រូវមានភាគី២ គឺផ្នែកផ្គត់ផ្គង់ដែលជាភាគីរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណែកផ្នែកតម្រូវការគឺប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល។

 

ឯកឧត្ដម ជាម ប៉េអា បន្តថា ក្នុងការងារគណនេយ្យភាពសង្គមនេះរាជរដ្ឋាភិបាលបានផ្ដោតលើវិស័យអាទិភាពចំនួន៣ គឺវិស័យសុខាភិបាល វិស័យអប់រំ និងការផ្ដល់សេវាសាធារណៈរបស់រដ្ឋបាលឃុំ សង្កាត់។ ក្នុងការជ្រើសរើសលើវិស័យដែលជាអាទិភាពនេះគឺផ្តោតលើ ធនធានមនុស្ស ប្រភេទសេវា និងអង្គភាពផ្ដល់សេវា។ ការវាយតម្លៃលើការងារគណនេយ្យភាពរបស់រដ្ឋបាលឃុំ សង្កាត់ គឺយើងប្រើប្រាស់មធ្យោបាយការដាក់ពិន្ទុសហគមន៍ ដែលមានការជួយសម្របសម្រួលពីអង្គការសង្គមស៊ីវិល ដោយបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋពីសិទ្ធិដែលប្រជាពលរដ្ឋត្រូវទទួលបានពីរដ្ឋបាលឃុំ សង្កាត់ ហើយអោយប្រជាពលរដ្ឋដាក់ពិន្ទុលើការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់។

 

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីខែកក្កដា ឆ្នាំ២០១៣ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងផ្ដល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈ ការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

យន្តការគណនេយ្យភាពសង្គមបានផ្តល់ឱកាសឲ្យអ្នកផ្ដល់សេវា និងអ្នកទទួលសេវាមានឱកាសជួបជជែកពិភាក្សាគ្នាអំពីចំណុចខ្វះខាត និងចាត់អាទិភាព ចំពោះសកម្មភាពជាគន្លឹះនានា ដែលអាចជួយកែលំអការផ្តល់សេវាសាធារណៈទាំងឡាយ។ លើសពីនេះ ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវា អាចតាមដានមើលការបំពេញការងាររបស់អ្នកផ្ដល់សេវាសាធារណៈបានច្រើនជាងមុន ដោយផ្ទៀតផ្ទាត់ទៅតាមកញ្ចប់ព័ត៌មានសម្រាប់
ប្រជាពលរដ្ឋ(I4C)៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់