ប្រឡាយ ស្ពាន ផ្លូវលំ និង​ទំនប់​ទឹក ថ្មី និង​​ផល​ប្រយោជន៍​សម្រាប់​អ្នក​ស្រុក​ព្រៃកប្បាស និង​ត្រាំកក់​

តាកែវ ១៣ កុម្ភៈ ២០១៥៖ គម្រោងស្តារប្រឡាយមួយ ដែលកំពុងសាងសង់ នៅឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ចំនួនប្រមាណ ជាង៨.០០០នាក់ ដើម្បីស្រោចស្រពដំណាំ របស់ពួកគេ។  គម្រោងនេះ រំពឹងថា នឹងត្រូវបានសាងសង់ រួចរាល់ នៅពាក់កណ្ដាល ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ។

គម្រោងស្តារប្រឡាយនៅឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ

 

តាកែវ ១៣ កុម្ភៈ ២០១៥៖ គម្រោងស្តារប្រឡាយមួយដែលកំពុងសាងសង់នៅឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួនប្រមាណជាង៨.០០០នាក់ ដើម្បីស្រោចស្រពដំណាំរបស់ពួកគេ។  គម្រោងនេះរំពឹងថានឹងត្រូវបានសាងសង់រួចរាល់នៅពាក់កណ្ដាលខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ។

ប្រជាពលរដ្ឋនៅឃុំចម្ប៉ាម្នាក់ បានឲ្យដឹងថា ប្រជាពលរដ្ឋមិនដែលស្គាល់ទឹកទន្លេទេពីមុនមក។ នៅពេលប្រឡាយនេះត្រូវបានស្តាររួចរាល់ ពួកគេនឹងស្គាល់ទឹកទន្លេតាមរយៈប្រឡាយនេះ ដែលអាចប្រើប្រាស់សម្រាប់ធ្វើកសិកម្ម ដែលអាចធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរឡើងហើយអាចធ្វើស្រែបាន២-៣ដងក្នុងមួយឆ្នាំ ដែលក្នុង១ហិកតា អាចទទួលផលស្រូវបាន៥តោន។ មុនពេលមានប្រឡាយនេះ ពួកគេធ្វើស្រែបានតែមួយដង។

គម្រោងជួសជុលផ្លូវលំមួយខ្សែនៅឃុំអង្កាញ់ ក្នុងស្រុកព្រៃកប្បាស ត្រូវបានបញ្ចប់រួចរាល់ហើយ ដែលចំណាយថវិកាអស់ចំនួន៩៤លានរៀល។ ប្រជាពលរដ្ឋដែលទទួលផលពីផ្លូវនេះមានចំនួនប្រមាណ៧.៥០០នាក់។ លោក ទឺ នាង មេឃុំអង្កាញ់ បានឲ្យដឹងថា ផ្លូវនេះផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន២ឃុំ ដែលធ្វើដំណើរឆ្លងកាត់។ នៅឃុំនេះ ផ្លូវគឺសំខាន់ណាស់ ព្រោះកសិករប្រើប្រាស់ដើម្បីដឹកកសិផល និងសម្រាប់ប្រយោជន៍ផ្សេងៗទៀត។ ប្រជាពលរដ្ឋ ៩៥% ប្រកបរបរកសិកម្ម។ ផ្លូវនេះពីមុនពិបាកធ្វើដំណើរ ព្រោះមានមានគ្រលុកធំៗ។ នៅរដូវភ្លៀង មានដក់ទឹក ភក់ជ្រាំ និងមានទឹកលិច ដែលធ្វើឲ្យពលរដ្ឋពិបាកធ្វើដំណើរយ៉ាងខ្លាំង។ លោកបានអះអាងទៀតថា ឥឡូវនេះពលរដ្ឋលែងមានការព្រួយបារម្ភ។ ពួកគេមានភាពងាយស្រួលធ្វើដំណើរជាងមុន។ ពេលមានភ្លៀងធ្លាក់ និងទឹកជំនន់ ប្រជាពលរដ្ឋមិនព្រួយអារម្មណ៍អំពីការលិចផ្លូវទៀតនោះទេ។

ស្ពានបេតុងមួយកន្លែងស្ថិតក្នុងឃុំកំពង់រាម ស្រុកព្រៃកប្បាសដែលកំពុងសាងសង់ គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០១៥។ កាលពីមុនស្ពាននេះជាស្ពានឈើ ដែលមានសភាពចាស់ទ្រុឌទ្រោម ពិបាកឆ្លងកាត់។ លោក អ៊ាន ប៉េងហេង មេឃុំ កំពង់រាម បានឲ្យដឹងថា ស្ពាននេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន១.៨៩៦គ្រួសារ។ ពីមុនប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលតាមទូក ដែលចំណាយពេលវេលាយូរ។ ឥឡូវនេះ ប្រជាពលរដ្ឋសប្បាយចិត្ត នៅពលមានស្ពាននេះ។ ពួកគេនឹងធ្វើដំណើរ និងដឹកកសិផលតាមស្ពាននេះ ដែលជួយកាត់បន្ថយការចំណាយពេលវេលា និងហានិភ័យផ្សេងៗ។ 

គម្រោងស្តារទំនប់ទឹកសហគមន៍ និងសាងសង់ទ្វាទឹក២កន្លែង ក្នុងឃុំគុស ស្រុកត្រាំកក់ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០១៥។ លោក សួន សុធា អភិបាលរងស្រុកត្រាំកក់ បានឲ្យដឹងថា គម្រោងនេះចំណាយថវិកាជាង១០០លានរៀល។ ប្រជាពលរដ្ឋត្រេកអរយ៉ាងខ្លាំងចំពោះទំនប់នេះ ដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួនប្រមាណ១០០គ្រួសារ និងអ្នកភូមិផ្សេងទៀត។ ពីមុនប្រជាពលរដ្ឋធ្វើស្រែបានតែមួយដងក្នុងមួយឆ្នាំ ហើយអាកាសធាតុមានការប្រែប្រួល រហូតដល់ខែកក្កដា ឬខែសីហា ទើបមានភ្លៀងធ្លាក់ ដែលធ្វើឲ្យកសិករជួបការលំបាកបង្កបង្កើនផលដំណាំ និងស្រូវយ៉ាងខ្លាំង។ ពេលមានទំនប់ទឹកនេះ ពួកគេមានទឹកគ្រប់គ្រាន់ ដែលអាចធ្វើស្រែបានពីរដងក្នុងមួយឆ្នាំ។ ពួកគេក៏អាចដាំបន្លែនៅជុំវិញទំនប់នេះដែរ។ មិនតែប៉ុណ្ណោះ វាផ្ដល់ប្រយោជន៍ដល់សត្វពាហនៈទៀតផង។

គម្រោងស្តារប្រឡាយប្រវែង២.៨៧៦ម៉ែត្រ និងលូសន្ទះទឹកមុខកាត់០៨ម៉ែត្រ ៧កន្លែង ក្នុងឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួនប្រមាណជិត៧.០០០នាក់ ហើយគ្រោងនឹងបញ្ចប់នៅដើមខែឧសភា ឆ្នាំ២០១៥ និងចំណាយថវិកាចំនួន១១៤.៥៥៩.៥៥៦រៀល។ ប្រជាពលរដ្ឋក្នុងឃុំនេះលើកឡើងថា នេះគឺជាគម្រោងធំ ដែលប្រជាពលរដ្ឋ ពេញចិត្តយ៉ាងខ្លាំង។ ពួកគេប្រើប្រាស់ប្រឡាយនេះដើម្បីបង្កបង្កើនផលកសិកម្ម និងសម្រាប់សត្វពាហណៈផងដែរ។ ប្រជាពលរដ្ឋបានឲ្យដឹងថា បើគ្មានប្រឡាយនេះទេ ពួកគេនឹងជួបការលំបាក ដោយខ្វះទឹកធ្វើស្រែ។ បើមានប្រឡាយនេះ ពួកគេអាចធ្វើស្រែបាន២-៣ដង ក្នុងមួយឆ្នាំ ហើយប្រាក់ចំណូលក៏កើនឡើងដែរ។ ពួកគេសំដែងការរីករាយយ៉ាងខ្លាំងចំពោះការមានប្រឡាយនេះ។ ទោះបីយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងឃុំនេះបានស្នើសុំប្រឡាយមួយខ្សែទៀត ដើម្បីឲ្យកាន់តែមានភាពងាយស្រួលថែមទៀតក្នុងការបង្កបង្កើនផល។

គម្រោងទាំងអស់ខាងលើត្រូវបានទទួលការគាំទ្រពី UNDP តាមរយៈគម្រោងដែលមានឈ្មោះថា “គម្រោងបន្សុំាការប្រែប្រួលអាកាសធាតុដោយរដ្ឋបាលថ្នាក់ក្រោមជាតិ (SNC Scale-Up)” ដែលសម្របសម្រួលដោយលេខាធិការដ្ឋាន គ.ជ.អ.ប។

លោក Velibor Popovic មន្ត្រីជំនាញ អភិបាលកិច្ច ប្រជាធិបតេយ្យ ផ្នែកអភិបាលកិច្ច នៃអង្គការ UNDP មានប្រសាសន៍ថា លោកមាន ការត្រេកអរ ដែលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ជ្រើសរើស យកគម្រោង ទាំងនេះ មកអនុវត្ត។ លោកពេញចិត្ត គម្រោង ទាំងនេះ ព្រោះមានការចូលរួម ពីប្រជាពលរដ្ឋ ដែលគម្រោង ទាំងនេះ ត្រូវបានរៀបចំ ឡើងចេញពី ក្រោមទៅលើ។ លោកថា លោកនឹងព្យាយាម ស្វែងរកថវិកា បន្ថែមទៀត សម្រាប់ អនុវត្ត គម្រោង បន្ថែមទៀត ក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រុមការងារ របស់អង្គការ UNDP បានធ្វើទស្សនាកិច្ច សិក្សាទៅកាន់ ទីតាំងអនុវត្ត គម្រោង វិនិយោគឃុំ ទាំងនេះ ដែលគាំទ្រ ដោយគម្រោង បន្សុំាការប្រែប្រួល អាកាសធាតុ ដោយរដ្ឋបាល ថ្នាក់ក្រោមជាតិ (SNC Scale-Up) គាំទ្រដោយ UNDP។

ដំណើរការទស្សនកិច្ចនេះធ្វើឡើងដើម្បីត្រួតពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តគម្រោង SNC Scale-Up អំពីដំណើរការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងពិនិត្យមើលផងដែរពីផលប៉ះពាល់ពីការអនុវត្តគម្រោងបន្សុំានៅថ្នាក់មូលដ្ឋានទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងស្ទាបស្ទង់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងអនុវត្តគម្រោង និងធានានូវនិរន្តរភាពនៃគម្រោងបន្សុំាការប្រែប្រួលអាកាសធាតុ។ ក្រុមការងារក៏បានជួបជាមួយមន្ត្រីរដ្ឋបាលខេត្ត ស្រុក ឃុំ និងជួបជាមួយអ្នកទទួលផលផងដែរ។

ការអនុវត្តគម្រោង SNC Scale-Up ឆ្នាំ២០១៥ មាន៣២គម្រោង (ហេដ្ឋារចនាសម្ព័ន្ធ ១៧ និងសេវាសង្គម១៥) ក្នុងខេត្តគោលដៅ៣ មានខេត្តតាកែវ (ស្រុកព្រៃកប្បាស និងស្រុកត្រាំកក់) ខេត្តបាត់ដំបង (ស្រុកឯកភ្នំ) និងខេត្តព្រះវិហារ (ស្រុកជាំក្សាន្ត និងស្រុកគូលែន)៕ NCDDS

គម្រោងជួសជុលផ្លូវលំមួយខ្សែនៅឃុំអង្កាញ់ ក្នុងស្រុកព្រៃកប្បាស ត្រូវបានបញ្ចប់រួចរាល់

 

គម្រោងសាងសង់ស្ពានបេតុង ក្នុងឃុំកំពង់រាម ស្រុកព្រៃកប្បាស

 

គម្រោងស្តារទំនប់ទឹកសហគមន៍ និងសាងសង់ទ្វាទឹក២កន្លែង ក្នុងឃុំគុស ស្រុកត្រាំកក់

 

គម្រោងស្តារប្រឡាយប្រវែង២.៨៧៦ម៉ែត្រ និងលូសន្ទះទឹកមុខកាត់០៨ម៉ែត្រ ៧កន្លែង ក្នុងឃុំញ៉ែងញ៉ង ស្រុកត្រាំកក់

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់