ឯកឧត្ដម ង៉ាន់ ចំរើន៖ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​យក​ការ​ផ្ទេរ​មុខងារ​

ភ្នំពេញ ២២ តុលា ២០១៥៖ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ជំរុញឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិត្រូវពង្រឹងភាពជាម្ចាស់ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលយកការផ្ទេរមុខងារ។

ភ្នំពេញ ២២ តុលា ២០១៥៖ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពង្រឹងភាពជាម្ចាស់ដើម្បី ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលយកការផ្ទេរមុខងារ។

 

ឯកឧត្ដម ង៉ាន់ ចំរើន មានប្រសាសន៍បន្តទៀតថា កម្មវិធីកំណែទម្រង់គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការរបស់រដ្ឋាភិបាលកម្ពុជាគឺ ការផ្ទេរមុខងារ និងធនធាន។ «បើនិយាយពីកម្មវិធីកំណែទម្រង់គឺនិយាយពីការផ្ទេរមុខងារ និងធនធាន ប្រសិនបើគ្មានការផ្ទេរមុខងារ និងធនធានគឺគ្មានកម្មវិធីកំណែទម្រង់»។

 

ឯកឧត្ដម ង៉ាន់ ចំរើន មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំជាមួយរាជធានី ខេត្តស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

 

ការត្រៀមខ្លួនរួចជាស្រេចដូចជាការរៀបចំធនធានមនុស្ស ធនធានថវិកានៅពេលដែលគ្មានការគាំទ្រពីដៃគូអភិវឌ្ឍន៍ គឺជាភាពចាំបាច់របស់រដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំគិតគូរពិចារណាដើម្បីត្រៀមខ្លួនទទួលយកការផ្ទេរមុខងារពីក្រសួងថ្នាក់ជាតិ។

 

ឯកឧត្ដម ក៏បានបញ្ជាក់ផងដែរថា ស្របពេលនឹងការផ្ទេរមុខងារ សហលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិក៏ត្រូវបានរៀបចំផងដែរដើម្បីប្រគល់អំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិគ្រប់គ្រង តែងតាំង ចាត់ចែងបុគ្គលិករបស់ខ្លួនឲ្យស្របតាមនឹងការផ្ទេរមុខងារ។

 

នៅឆ្នាំ២០១៦ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលក្រុង ស្រុក ទាំងអស់នៃខេត្តបាត់ដំបងលើមុខងារចំនួន៣គឺ ១. ការគ្រប់គ្រងការផ្ដល់សេវាអប់រំកុមារតូចតាមគ្រប់រូបភាព ២. ការគ្រប់គ្រងការផ្ដល់សេវាអប់រំក្រៅប្រព័ន្ធ និង៣. ការគ្រប់គ្រងការផ្ដល់សេវាអប់រំបឋមសិក្សា។

 

ក្រសួងបរិស្ថានកំពុងរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន និងគ្រោងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តក្នុងពេលឆាប់ៗនេះ។ មុខងារចំនួន២ គឺមុខងារសេវាអនាម័យជនបទ និងការជួសជុល ថែទាំ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការផ្ទេរសាកល្បងដល់រដ្ឋបាលក្រុង ស្រុកគោលដៅមួយចំនួន។ ក្រសួងសុខាភិបាលក៏បានសាកល្បងផ្ទេរមុខងារស្រុកប្រតិបត្តិសុខាភិបាលជូនដល់រដ្ឋបាលស្រុក គោលដៅតាមរយៈការអនុវត្តសាកល្បងគម្រោងអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការសេវាសុខាភិបាល (LDDHS)៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់