ក្រុមប្រឹក្សា​ខេត្ត ក្រុង ត្រូវតែ​គោរព​ច្បាប់ និង​គោរព​ការ​អនុមតិ​ភាគច្រើន​

ប៉ៃលិន ៤ វិច្ឆិកា ២០១៤៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សម្លេងជំទាស់ភាគតិច ឬមិនចូលរួមប្រជុំ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគោរពការអនុមតិភាគច្រើន ចេះសាមគ្គីភាពផ្ទៃក្នុង ដើម្បីគោរពច្បាប់។

ប៉ៃលិន ៤ វិច្ឆិកា ២០១៤៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សម្លេងជំទាស់ភាគតិច ឬមិនចូលរួមប្រជុំ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគោរពការអនុមតិភាគច្រើន ចេះសាមគ្គីភាពផ្ទៃក្នុង ដើម្បីគោរពច្បាប់។ 

 

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងពិធីផ្ទេរ និងប្រកាសទទួលស្គាល់ប្រធាន ក្រុមប្រឹក្សាខេត្តប៉ៃលិនថ្មី បន្ទាប់ពីលោក អ៊ី ឈាន ប្រធានក្រុមប្រឹក្សា ខេត្តប៉ៃលិន ដែលទើបជាប់ក្នុង ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានរយៈពេលប្រមាណបីខែ ដោយសារបានដាក់ពាក្យ ស្នើសុំឈប់ពីការងារ។

យោងតាមសេចក្ដីសម្រេច បានផ្ទេរ និងប្រកាសទទួលស្គាល់លោក ឡី ចាន់ឆាយ សមាជិកលំដាប់លេខរៀងទី២ នៃក្រុមប្រឹក្សាខេត្តប៉ៃលិន ទៅជាប្រធានក្រុមប្រឹក្សា ខេត្តប៉ៃលិនវិញ ដោយសារមូលហេតុលោក អ៊ី ឈាន ប្រធានក្រុមប្រឹក្សាខេត្ត បានដាក់ពាក្យស្នើ សុំឈប់ពីការងារ។
   
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានរាយការណ៍អំពីការងារ ដែលអាជ្ញាធរខេត្ត បានបំពេញបាន ក្នុងរយៈពេលកន្លងមក។

ដោយឡែក លោកឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សា ខេត្តប៉ៃលិន ដែលទើបប្រកាសថ្មីនេះ បានប្ដេជ្ញាចិត្ត និងគោរពអនុវត្តន៍ ទៅតាមច្បាប់កំណត់ និងខិតខំបំពេញការងារ និងរក្សាសាមគ្គីភាពផ្ទៃក្នុង។
   
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចេះរួបរួម សាមគ្គីភាពផ្ទៃក្នុង និងបំពេញការងារទៅតាមច្បាប់។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាទាំងអស់ គឺក្នុងនោះមាន ទាំងសម្លេង ជំទាស់វែកញែក ឬមិនបានចូលរួមប្រជុំ ភាគតិចក្ដី ប៉ុន្តែសមាជិកក្រុមប្រឹក្សា ត្រូវតែគោរពការអនុមតិ ភាគច្រើន ទៅតាមច្បាប់។

លោកបានបន្តថា ទាំងថ្នាក់ដឹកនាំខេត្ត ត្រូវពង្រឹងការទំនាក់ទំនង រិតចំណងសាមគ្គីភាព រវាងក្រុមប្រឹក្សា និងគណៈអភិបាល និងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ គោរពច្បាប់ និងពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ ការទទួលខុសត្រូវ និងភាពជាម្ចាស់ការ។ ក្នុងការបំពេញការងារ ក្រុមប្រឹក្សា ត្រូវមានគណនេយ្យភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងគណនេយ្យភាព ជាមួយប្រជាជន និងរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សា ត្រូវត្រួតពិនិត្យ តាមដាន និងវាយតម្លៃ លើកិច្ចការ ដែលអនុវត្តន៍ ដោយគណៈអភិបាល ដើម្បីធានាថា គណៈអភិបាលខេត្ត អនុវត្តន៍កិច្ចការងារទាំងនោះ បានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋាន និងការសម្រេចរបស់ក្រុមប្រឹក្សា។

លោកបានបញ្ជាក់បន្ថែមថា គ្រប់សាលាខេត្ត ក្រុង ស្រុកត្រូវបិទផ្សាយ តារាងតម្លៃសេវា នៅតាមផ្លូវសាធារណៈ ឬលើក្ដារព័ត៌មាន និងផ្សព្ធផ្សាយឲ្យ ដល់ភូមិ ឃុំ ទូទាំងខេត្ត។ រៀបចំលក្ខណៈការងារ មន្ត្រីរាជការរបស់ខ្លួន និងសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ឲ្យបានល្អផងដែរ៕V/S

ដកស្រង់ចេញពីគេហទំព័រ CEN ថ្ងៃទី 4 វិច្ឆិកា 2014

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់