រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​អាច​មាន​ចំណូល​ផ្ទាល់​ពី​សេវា​គ្រប់គ្រង​សំរាម សំណល់រឹង​ទី​ប្រជុំ​ជន

ភ្នំពេញ ១៦ វិច្ឆិកា ២០១៥៖ រាល់ចំណូលដែលប្រមូលបានពីសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាចំណូលផ្ទាល់របស់រដ្ឋបាលរាជធានី ក្រុង ស្រុកសាមី។ ហើយរដ្ឋបាលរាជធានី ក្រុង ស្រុកអាចប្រើប្រាស់ថវិការបស់ខ្លួន ឬថវិកាពីប្រភពផ្សេងទៀត សម្រាប់គាំទ្របន្ថែមលើការចំណាយសម្រាប់ការផ្ដល់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ…

ភ្នំពេញ ១៦ វិច្ឆិកា ២០១៥៖ រាល់ចំណូលដែលប្រមូលបានពីសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាចំណូលផ្ទាល់របស់រដ្ឋបាលរាជធានី ក្រុង ស្រុកសាមី។ ហើយរដ្ឋបាលរាជធានី ក្រុង ស្រុកអាចប្រើប្រាស់ថវិការបស់ខ្លួន ឬថវិកាពីប្រភពផ្សេងទៀត សម្រាប់គាំទ្របន្ថែមលើការចំណាយសម្រាប់ការផ្ដល់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។

 

ការកំណត់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានចំណូលផ្ទាល់នេះ ត្រូវបានចែងក្នុងអនុក្រឹត្យលេខ១១៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

 

ក្នុងឆ្នាំ២០១៥នេះ ក្រសួងបរិស្ថានរួមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានសម្រេចចិត្តបង្កើតឲ្យមានកញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន បានវិភាជន៍កញ្ចប់ថវិកាឲ្យរដ្ឋបាលក្រុងទាំង២៦ ចំនួនប្រមាណ ៥ពាន់លានរៀល សម្រាប់អនុវត្តមុខងារគ្រប់គ្រងសំណល់រឹង រាវនៅតាមទីប្រជុំជនក្រុងនីមួយៗ។ 

 

នេះជាលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្រសួងមហាផ្ទៃ។

 

សម្តេចក្រឡាហោម ក៏បានស្នើដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួយសម្របសម្រួលក្នុងការផ្ទេរថវិកាជូនដល់រដ្ឋបាលក្រុងឲ្យទាន់ពេលវេលា ហើយរដ្ឋបាលក្រុងទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះ ឲ្យមានប្រសិទ្ធភាព ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

 

ក្នុងសិក្ខាសាលានេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានបញ្ជាក់ថា ក្រសួងបរិស្ថានបានចូលរួមជាមួយក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងការរៀបចំឲ្យមានអនុក្រឹត្យនៅពេលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

 

ឯកឧត្តម បានបន្ថែមថា ក្រសួងបានកំណត់តម្លៃអតិបរមាគោលពីសេវានៃការគ្រប់គ្រង ប្រមូល និងដឹកជញ្ជូនសំរាមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីឲ្យសមស្របនឹងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ 

 

សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្រសួងមហាផ្ទៃ ដែលរៀបចំដោយក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានការគាំទ្រដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ សមាសភាពចូលរួមមាន ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគ.ជ.អ.ប ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប សរុបប្រមាណជា៥៥៨ រូប៕ NCDDS

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់