មធ្យោបាយ​ងាយៗ​សម្រាប់​ថែរក្សា​សុខភាព​បេះដូង​អោយ​មាន​សុខភាព​ល្អ​

ភ្នំពេញ ២៦ មករា ២០១៥៖ មនុស្សគ្រប់វ័យដូចជាកុមារ មនុស្សពេញវ័យ មនុស្សវ័យចំណាស់ និងស្រ្តីមានផ្ទៃពោះ សុទ្ធតែមានចង្វាក់បេះដូងលោតលឿន និងយឺតខុសគ្នា ហើយអាស្រ័យលើស្ថានភាព និងសុខភាពរបស់ពួកគេផងដែរ។ 

ភ្នំពេញ ២៦ មករា ២០១៥៖ មនុស្សគ្រប់វ័យដូចជាកុមារ មនុស្សពេញវ័យ មនុស្សវ័យចំណាស់ និងស្រ្តីមានផ្ទៃពោះ សុទ្ធតែមានចង្វាក់បេះដូងលោតលឿន និងយឺតខុសគ្នា ហើយអាស្រ័យលើស្ថានភាព និងសុខភាពរបស់ពួកគេផងដែរ។ តើអ្នកទាំងអស់គ្នាធ្លាប់បានដឹងពីលំហែទាំបេះដូងដែរឬទេ? បេះដូងជាសរីរាង្គមួយដ៏សំខាន់បំផុតដែលអាចធ្វើឲ្យរបស់មានជីវិតអាចរស់នៅបាន មិនថាតែសត្វ ឬមនុស្សសុទ្ធតែត្រូវការឲ្យបេះដូងមានសុខភាពល្អ និងរឹងមាំ។ 

 

ខាងក្រោមនេះ គឺជាវិធីងាយៗទាំង១០ចំណុច ដែលលោកអ្នកអាចប្រើប្រាស់សម្រាប់ថែទាំសុខភាពបេះដូង និងសុខភាពរាងកាយមានសុខភាពល្អ។

1. កំណត់ថ្ងៃពិនិត្យសុខភាពបេះដូង

លោកអ្នកត្រូវតែទៅពិនិត្យបេះដូងរបស់លោកអ្នកជាមួយគ្រូពេទ្យអោយបានទៀងទាត់ និងជាប្រចាំ ដើម្បីធ្វើការតាមដានសុខភាពបេះដូងរបស់អ្នកបានទៀងទាត់ និងដើម្បីជៀសវាងពីជំងឺផ្សេងៗដែលវាយប្រហារទៅកាន់បេះដូងរបស់អ្នកបាន។

2. សម្រួលចលនារាងកាយ

ការព្យាយាមរត់នៅជុំវិញផ្ទះ ឬនៅស្តាតអូឡាំពិច ឬកន្លែងណាដែលអ្នកអាចរត់បានក្នុងមួយថ្ងៃ ៣០ នាទី ដើម្បីធ្វើឲ្យរាងកាយរបស់អ្នកដំណើរការទាំងអស់ រួមទាំងបេះដូងផងដែរ ទើបធ្វើឲ្យចង្វាក់បេះដូងដំណើរការបានល្អ។ បើសិនជាអ្នកទើបតែចាប់ផ្តើមរត់ អ្នកអាចរត់ត្រឹម ១៥ នាទីនៅប៉ុន្មានថ្ងៃដំបូង បន្ទាប់អ្នកអាចកើនម្តងបន្តិចៗ រហូតដល់ ៣០ នាទីតាមដែលអ្នកអាចធ្វើបាន។

3. ពិសាទឹកឲ្យបានច្រើន

ការពិសាទឹកពិតជាមានសារសំខាន់សម្រាប់មនុស្ស សូម្បីតែសត្វ ឬរុក្ខជាតិក៏ត្រូវការទឹកដែរ។ ទឹកអាចសម្រួលដល់ដំណើរការរបស់ក្រពះ ពោះវៀន និងមានសរីរាង្គជាច្រើននៅក្នុងខ្លួនមនុស្សត្រូវការទឹកជាចាំបាច់ដើម្បីពង្រឹងដល់ប្រព័ន្ធដំណើរការផ្សេងៗ រួមទាំងបេះដូងផងដែរ។

4. ទទួលទានអាហារដែលមានជីវជាតិល្អដល់សុខភាព

ព្យាយាមញុំាអាហារដែលគ្មានផលប៉ះពាល់ដល់សុខភាព ដូចជាផ្លែឈើដែលមានសារជាតិវីតាមីនគ្រប់គ្រាន់ និងបន្លែដែលមានសារជាតិចិញ្ចឹមពីធម្មជាតិ ដោយគ្មានប្រើប្រាស់ជីគីមី យកមកបរិភោគប្រចាំថ្ងៃ ហើយសូមកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ខ្ពស់។

5. គ្រប់គ្រងកូឡេស្ត្រេរ៉ូល

ជាតិកូឡេស្ត្រេរ៉ូល អាចធ្វើឲ្យស្ទះសរសៃឈាមបេះដូង និងធាត់ដោយគ្មានសុខភាពល្អ ដូចនេះសូមកាត់បន្ថយការពិសាអាហារដែលមានជាតិកូឡេស្រ្តេរ៉ូលច្រើនហួសហេតុ ។

6. កាត់បន្ថយជាតិប្រៃ

ការញុំាជាតិប្រៃលើសកំណត់អាចធ្វើឲ្យសំពាធឈាមមនុស្សយើងឡើងខ្ពស់ខុសប្រក្រតី ដូចនេះវាអាចបណ្ដាលឲ្យដាច់សរសៃឈាមដែលតភ្ជាប់ទៅកាន់បេះដូងបានយ៉ាងងាយ។ បើសិនជាអាច អ្នកដែលចូលចិត្តញុំាប្រៃខ្លាំងគួរតែកាត់បន្ថយទើបអាចរក្សាជីវិតបានយូរអង្វែង។

7. បញ្ឈប់ការជក់បារី

បើសិនជាអ្នកពិបាកក្នុងការបញ្ឈប់ យើងមានវិធីណែនាំ ថ្ងៃទី ១ អ្នកត្រូវកាត់បន្ថយពាក់កណ្ដាលនៃបារីដែលអ្នកបានជក់ប្រចាំថ្ងៃ រហូតដល់ថ្ងៃទី ៣ អ្នកត្រូវកាត់បន្ថយការជក់បារីពាក់កណ្តាលនៃថ្ងៃដែលអ្នកបានជក់កាត់បន្ថយហើយនោះ បន្ទាប់ដល់ថ្ងៃទី ៥ អ្នកត្រូវកាត់បន្ថយពាក់កណ្តាលទៀត រហូតដល់អស់ ឬនៅសល់ភាគរយតិចបំផុត។

8. រក្សាទម្ងន់ឲ្យសមល្មម និងហាត់ប្រាណ

អ្នកត្រូវកំណត់ការញុំារបស់អ្នកអោយសមស្រប ដូចជាកុំញុំាច្រើនជ្រុល ឬកុំញុំាតិចពេក ហើយព្យាយាមថ្លឹងមើលទម្ងន់របស់អ្នកជាប្រចាំ ដើម្បីតាមដានដំណើរការប្រែប្រួលនៃទម្ងន់របស់អ្នកឲ្យសាកសមជាមួយកម្ពស់ផងដែរ។

9. រក្សាការតាំងចិត្តដោយកុំបោះបង់

អ្នកគួររក្សាការតាំងចិត្តថែរក្សាសុខភាពបេះដូង និងសុខភាពជារួមអោយបានជាប្រចាំ ដើម្បីជៀសវាងជួបបញ្ហាបេះដូងណាមួយដែលអ្នកនឹកស្មានមិនដល់។ សម្រាប់អ្នកដែលបានធ្វើតាមការថែទាំទាំងនេះហើយ ប៉ុន្តែធ្វើបានរយៈពេលខ្លី ក៏ត្រលប់ទៅកាន់ការញុំាច្រើនវិញ ឬមិនហាត់ប្រាណច្បាស់ជាសោកស្ពាយជាមិនខាន ដូចនេះអ្នកគួរតែសម្រួលអារម្មណ៍ ហើយតាំងចិត្តថាអ្នកអាចធ្វើបានដើម្បីសុខភាពអ្នក។

10. អោយរង្វាន់ដល់ខ្លួនអ្នក

បន្ទាប់ពីការពិនិត្យ ការខំប្រឹងហាត់ប្រាណទៀងទាត់ និងញុំាអាហារដែលមានសុខភាពល្អជាប្រចាំ អ្នកអាចធ្វើអ្វីមួយដែលចូលចិត្ត ឬទិញអ្វីមួយសម្រាប់ទុកជាអនុស្សាវរីយ៍ដែលបង្ហាញថាអ្នកអាចថែទាំសុខភាពខ្លួនឯង រួមទាំងបេះដូងដំណើរការបានល្អ ពេលនោះអ្នកនឹងមានអារម្មណ៍សប្បាយចិត្តកាន់តែខ្លាំងនៅពេលដែលមានសុខភាពល្អ។

ដកស្រង់ចេញពីគេហទំព័រខេមបូរ

ប្រភពៈ UWH

ដោយៈ Hong

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់