រដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការរៀបចំ និងកសាងផែនការ អភិវឌ្ឍរយៈពេល៥ឆ្នាំ (២០២០-២០២៤) នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី មន្ទីរ អង្គភាព ស្ថាប័ន ក្រុង ស្រុក និងក្រុមការងារពាក់ព័ន្ធក្នុងខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយឯកសារបច្ចេកទេស ស្ដីពី ការកសាងផែនការអភិវឌ្ឍន៍ ៥ឆ្នាំរបស់ខេត្ត ក្រុង ស្រុក ស្របតាមឯកសារបច្ចេកទេសថ្មី។
លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ពីគោលបំណង នៃការបើកវគ្គបណ្ដុះបណ្ដាល ដើម្បីបង្ហាញពីច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមមាត្រា៣៧ របស់ក្រុមប្រឹក្សាខេត្ត ដែលត្រូវបានរៀបចំ អនុម័តផែនការ អភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ តាមកម្មវិធីវិនិយោគបី ឆ្នាំរំកិលប្រចាំឆ្នាំ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ បណ្ដុះបណ្ដាលតាម សេចក្ដីណែនាំ និងបច្ចេកទេស ស្ដីពីការរៀបចំកសាងផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ តាមសេចក្ដីណែនាំ បច្ចេកទេសថ្មី សម្រាប់រដ្ឋបាលខេត្ត និងក្រុមការងារកសាងផែនការ អភិវឌ្ឍន៍ កម្មវិធីវិនិយោគខេត្ត ក្រុង ស្រុក ធ្វើជាមូលដ្ឋាន ក្នុងការកសាងផែនការអភិវឌ្ឍន៍ ជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២០-២០២៤) ជូនក្រុមប្រឹក្សា ខេត្តអាណត្តិទី៣ និងគោលនយោបាយអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងបំពេញទៅតាមសេចក្ដីត្រូវការ នៃការអភិវឌ្ឍន៍ខេត្ត ពិសេសតម្រូវការលើក ស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកបន្តថា វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្តល់នូវលក្ខណបច្ចេកទេសថ្មីបន្ថែមទៀត ដល់ក្រុមការងារក្រុង ស្រុក និងអ្នកពាក់ព័ន្ធបាន យល់ដឹងអំពីការរៀបចំ កសាងផែនការអភិវឌ្ឍ៥ឆ្នាំ ក្នុងអាណត្តិក្រុមប្រឹក្សារបស់ខេត្ត ក្រុង ស្រុកដោយត្រូវធ្វើការបញ្ចូលនូវគោលនយោបាយ និងផែនការអភិវឌ្ឍន៍របស់វិស័យទាំង ឡាយ ដែលប្រតិបត្តិការក្នុងផែនការសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ក្រុង ស្រុក ឱ្យ អនុវត្តន៍ទទួលបានលទ្ធផលល្អនាឆ្នាំបន្តបន្ទាប់ខាងមុខ៕
ប្រភពពីភ្នាក់ងារសារព័ត៌មានកម្ពុជា