ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងព្រះសីហនុអាណត្ដិទី២

ព្រះសីហនុ ៦ មិថុនា ២០១៤៖ ពិធីប្រកាស ចូលកាន់តំណែងក្រុមប្រឹក្សាក្រុងព្រះសីហនុ អាណត្ដិទី២ និងការប្រកាសតែងតាំងអភិបាលរងនៃគណៈអភិបាលក្រុងព្រះសីហនុ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ ៦ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងព្រះសីហនុអាណត្ដិទី២ និងការប្រកាសតែងតាំងអភិបាលរងនៃគណៈអភិបាលក្រុងព្រះសីហនុ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំក្រុងព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ឯកឧត្ដម សូរ ជុងហ៊ួ សមាជិកក្រុមប្រឹក្សាខេត្ដព្រះសីហនុ និងលោក សំ សំអាត អភិបាលរងនៃគណៈអភិបាលខេត្ដព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ដ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងមន្រ្តីជាច្រើនរូបទៀតនៃសាលាក្រុងព្រះសីហនុសរុប ៨៦នាក់ (ស្ដ្រី ០៦នាក់)។

 

បន្ទាប់ពីឯកឧត្ដមបណ្ឌិត ជិន សារិន អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុមានមតិស្វាគមន៍រួចមក លោក អៀម សារិន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ដព្រះសីហនុ បានអានអនុក្រឹត្យលេខ៨០០អនក្រ.តត របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុចំនួន ១៥រូប (ស្រ្ដី០២រូប) និងប្រកាសលេខ ១៦២៤ ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ស្ដីពី សម្រេចតែងតាំងលោក គង់ សោភា ជាអភិបាលរងនៃគណៈអភិបាលក្រុងព្រះសីហនុ។

 

ក្នុងពិធីប្រកាសនេះ ឯកឧត្ដម សូរ ជុងហ៊ួ សមាជិកក្រុមប្រឹក្សាខេត្ដព្រះសីហនុ បានប្រគល់អនុក្រឹត្យទទួលស្គាល់ជូន លោក គង់ សាមឿន ជាប្រធានក្រុមប្រឹក្សាក្រុងព្រះសីហនុ និងសមាជិកក្រុមប្រឹក្សាចំនួន១៤ រូបផ្សេងទៀត ហើយលោក សំ សំអាត អភិបាលរងនៃគណៈអភិបាលខេត្ដព្រះសីហនុ ក៏បានប្រគល់ប្រកាសជូនលោក គង់ សោភា ជាអភិបាលរងនៃគណៈអភិបាលក្រុងព្រះសីហនុផងដែរ។ 

ប្រធានក្រុមប្រឹក្សាក្រុងព្រះសីហនុ បានមានប្រសាសន៍ដោយប្ដេជ្ញាអនុវត្ដនូវកិច្ចការជាអាទិភាពសម្រាប់ក្រុមប្រឹក្សាក្រុងអាណត្ដិទី២ សំដៅចូលរួមចំណែកការអនុវត្ដនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។ 

 

ឯកឧត្ដម សូរ ជុងហ៊ួ សមាជិកក្រុមប្រឹក្សាខេត្ដព្រះសីហនុ បានមានមតិសំណេះ សំណាល និងផ្តល់ការណែនាំដល់សមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំក្រុងព្រះសីហនុ បន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យសម្រេចបានជោគជ័យ ជាពិសេសសមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុអាណត្ដិទី២ ត្រូវអនុវត្ដកិច្ចការជាបន្ទាន់មានដូចជា ទីមួយ៖ ធ្វើការប្រជុំសាមញ្ញទី១ មិនឲ្យហួសពី ១៥ថ្ងៃបន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងនេះ ទីពីរ៖ រៀបចំកិច្ចប្រជុំសាមញ្ញទី២ មិនឲ្យលើសពី ៣៥ថ្ងៃបន្ទាប់ពីប្រជុំសាមញ្ញទី១ និងទី៣៖ ត្រូវធ្វើការប្រកាសទ្រព្យសម្បត្ដិ និងបំណុលរបស់ខ្លួន ហើយបញ្ជូនមកអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃប្រកាសចូលកាន់តំណែងនេះ៕ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់