ក្រុង​សៀមរាប​ត្រូវ​បាន​ប្រកាស​ជា​ក្រុង​គោលដៅ​ទេសចរណ៍​លេខ​១​នៅ​តំបន់​អាស៊ី​និង​លេខ​២​នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៥​ (AKP)

សៀមរាប ៩ មេសា ២០១៥៖ Trip Advisor ជាគេហទំព័រធំជាងគេបំផុតនៅលើពិភពលោក ដែលបានប្រឹក្សាយោបល់លើការធ្វើដំណើរទេសចរដ៏មានឥទ្ធិពល បានមកប្រកាសផ្ដល់ចំណាត់ថ្នាក់ដល់ក្រុងសៀមរាប ជាក្រុងគោលដៅទេសចរណ៍លេខ១នៅតំបន់អាស៊ី និងលេខ២នៅលើពិភពលោកសម្រាប់ឆ្នំា២០១៥នេះ។

 

សៀមរាប ៩ មេសា ២០១៥៖ Trip Advisor ជាគេហទំព័រធំជាងគេបំផុតនៅលើពិភពលោក ដែលបានប្រឹក្សាយោបល់លើការធ្វើដំណើរទេសចរដ៏មានឥទ្ធិពល បានមកប្រកាសផ្ដល់ចំណាត់ថ្នាក់ដល់ក្រុងសៀមរាប ជាក្រុងគោលដៅទេសចរណ៍លេខ១នៅតំបន់អាស៊ី និងលេខ២នៅលើពិភពលោកសម្រាប់ឆ្នំា២០១៥នេះ។

 

ការប្រកាសនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ នៅក្នុងតំបន់ផាប់ស្ទ្រីត ដែលជាតំបន់ប្រមូលផ្តុំរបស់អ្នកទេសចរបរទេសមកកម្សាន្តលេងនៅពេលយប់នោះ។

 

នៅក្នុងពិធីប្រកាសនោះលោកស្រី Lily Cheng ប្រធានទីភ្នាក់ងារប្រឹក្សាយោបល់របស់គេហទំព័រ Trip Advisor ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រគល់ប័ណ្ណចំណាត់ថ្នាក់នេះជូនទៅឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្ដមក៏បានប្រគល់បន្តជូនឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។

 

លោកស្រី Lily Cheng បានមានប្រសាសន៍ឱ្យដឹងថា ការផ្ដល់ចំណាត់ថ្នាក់លេខ១នៅតំបន់អាស៊ី និងលេខ២នៅលើពិភពលោកជាគោលដៅទេសចរណ៍ ដ៏ប្រណីតសម្រាប់អ្នកទេសចរមកកម្សាន្តដល់ក្រុងសៀមរាបនេះ គឺបានមកពីការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចដោយប្រជាពលរដ្ឋ នៅលើពិភពលោកសុទ្ធសាធ ពុំមានការកំណត់ដោយគេហទំព័រ Trip Advisor នោះទេ។

 

លោកស្រីបានបញ្ជាក់ថា ក្រុងសៀមរាបពិតជាស័ក្តិសមនឹងជាប់ចំណាត់ថ្នាក់ពិតមែន ព្រោះទីក្រុងទេសចរណ៍មួយនេះមានតំបន់អេកូទេសចរណ៍ច្រើនទំាងវប្បធម៌ ប្រាសាទបុរាណ និងធនធានធម្មជាតិ។ លោកស្រីរំពឹងថានៅឆ្នំា២០១៦ ក្រុងសៀមរាបអាចនឹងជាប់ជាជម្រើសគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក ប្រសិនជាអាជ្ញាធរបំពេញនូវចំណុចដែលខ្វះខាតបាននោះ។

 

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា តាមរយៈគេហទំព័រ Trip Advisor នេះនឹងធ្វើឱ្យប្រជាពលរដ្ឋនៅលើពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន ជាពិសេសគឺក្រុងសៀមរាប។ ឯកឧត្តមបានបន្តថា សម្រាប់ឆ្នំា២០១៥នេះ ក្រុងសៀមរាបបានទទួលជោគជ័យច្រើនក្នុងការទទួលបានរំដួល៣ទង ជាទីក្រុង ស្អាតពីរាជរដ្ឋាភិបាល និងបានជាប់ចំណាត់ថ្នាក់ជាជម្រើសគោលដៅទេសចរណ៍លេខ១នៅតំបន់អាស៊ី និងលេខ២នៅលើពិភពលោកថែមទៀតផង៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ http://www.akp.gov.kh/kh/?p=111209

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់