សៀមរាប ១២ មិថុនា ២០១៤៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ០៨:៣០ នាទីព្រឹក រដ្ឋបាលខេត្តសៀមរាបបានប្រារព្ធពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២…
សៀមរាប ១២ មិថុនា ២០១៤៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ០៨:៣០ នាទីព្រឹក រដ្ឋបាលខេត្តសៀមរាបបានប្រារព្ធពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ នៅបន្ទប់ប្រជុំធំ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដែលមានប្រតិភូអមដំណើរ រួមមាន ឯកឧត្តម អ៊ុក គឹមលេង រដ្ឋលេខាធិកាក្រសួងមហាផ្ទៃតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ អញ្ជើញមកពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ។
សមាសភាពចូលរួមក្នុងពិធីនេះ រួមមានថ្នាក់ដឹកនាំ តំណាងមន្ទីរជំនាញ អង្គភាព មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័ននានាជុំវិញខេត្តសរុបចំនួន ១៦៩ រូប (ស្ត្រី១៨ រូប) ។
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានរាយការណ៍អំពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសៀមរាបសម្រេចបានក្នុងរយៈពេល៥ឆ្នាំ (២០០៩ – ២០១៤) នៃអាណត្តិទី១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប។ ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីបានចូលកាន់តំណែងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០០៩ ក្រុមប្រឹក្សាខេត្ត បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា ហើយបានរៀបចំ និង អនុម័តបទបញ្ជាផ្ទៃក្នុងសម្រាប់ជាវិធានក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន។ សមិទ្ធផលសម្រេចបានមានដូចជាបានដំណើរការកិច្ចប្រជុំសាមញ្ញចំនួន ៥៩លើក កិច្ចប្រជុំវិសាមញ្ញចំនួន ០៩លើក និង កិច្ចប្រជុំសម្ងាត់០១លើក ដោយបានពិនិត្យ និងអនុម័តលើប្រតិទិនកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា ចំនួន៥លើក ចេញសេចក្ដីសម្រេចចំនួន១៣ និងចេញដីកាចំនួន២ ក្នុងនោះដែរ បានបង្កើតគណៈកម្មាធិការរបស់ក្រុមប្រឹក្សា ចំនួន៤ និង ក្រុមការងារចំនួន២ និងបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី១ សម្រាប់ឆ្នាំ២០១៣ ចំនួន៤គោលដៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០១៥១៤/៦៥៤ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់សមាសភាពរបស់ក្រុមប្រឹក្សាខេត្តសៀមរាបក្នុងអាណត្តិទី២ ចំនួន១៩រូប ដែលមានសមាសភាពមកពីគណៈបក្សប្រជាជនកម្ពុជាចំនួន ៥រូប គឺ ឯកឧត្តម នូ ផល្លា ជាប្រធានក្រុមប្រឹក្សាខេត្ត និង១៤រូបទៀត ជាសមាជិកក្រុមប្រឹក្សារួមមាន ១. ឯកឧត្តម អ៊ឹង ហឿន ២. ឯកឧត្តម កៅ សោភ័ណ ៣. ឯកឧត្តម ជា សុផាត ៤. ឯកឧត្តម អ៊ិត វ៉ាន់ឌី ៥. ឯកឧត្តម តោ គឹមស៊ាន ៦. ឯកឧត្តម ស៊ូ នី ៧. ឯកឧត្តម ពៅ ពិសិដ្ឋ ៨. ឯកឧត្តម កុយ សង ៩. លោកជំទាវ ស៊ិន ណម ១០. ឯកឧត្តម ឈុយ សុខុម ១១. ឯកឧត្តម គុជ លីណា ១២. ឯកឧត្តម យិន ទី ១៣. ឯកឧត្តម យិន ង៉ិច ១៤. ឯកឧត្តម ឈួន ហុក ចំណែកឯសមាជិកក្រុមប្រឹក្សា ៤ រូបទៀតមកពីគណៈបក្សសង្គ្រោះជាតិ គឺ ១. ឯកឧត្តម សុខ គឹមសេង ២. ឯកឧត្តម មុត មល្លា ៣. ឯកឧត្តម ពៀត ម៉ាប់ ៤. ឯកឧត្តម សៅ យូអេង។
ឯកឧត្តម នូវ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី ២ បានមានមតិបេ្តជ្ញាចិត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត និងក្នុងនាមឯកឧត្តមផ្ទាល់ថា៖
- ខិតខំអនុវត្ដរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា លិខិតបទដ្ឋាននានា ឱ្យបានខ្ជាប់ខ្ជួន ពិសេស គោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា លើកកម្ពស់ស្មារតីសាមគ្គីភាពផ្ទៃក្នុង និងសហការឱ្យបានស្អិតរមួតជាមួយគណៈអភិបាលខេត្ដ ក្រុមប្រឹក្សាប្រភេទផ្សេងទៀតក្នុងខេត្ដ និងមន្ទីរ អង្គភាពនានាជុំវិញខេត្ដ។
- ខិតខំអនុវត្តនូវតួនាទី និងចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចបាននូវការបង្កើត ការជំរុញ និងការធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងដើម្បីបំពេញមុខងារភារកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្មតាមច្បាប់ឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់។
- ខិតខំឱ្យអស់ពីកម្លាំងកាយ ចិត្ដ ប្រាជ្ញាស្មារតី រៀនសូត្រ និងបំពេញការងារឱ្យទទួលបានជោគជ័យជូនជាតិ មាតុភូមិ និងប្រជាជនក្នុងខេត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយតម្កល់នូវឧត្ដមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនជាធំ។
- ខិតខំអនុវត្តមុខងារ តួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានគណនេយ្យភាពផ្ទាល់ចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។
- បង្កើត និងជំរុញ រៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីរំកិលប្រចាំឆ្នាំរបស់ខេត្តសៀមរាប ស្របតាមកម្មវីធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា និងស្ថានភាពតម្រូវការជាក់ស្តែងរបស់ប្រជាជនមូលដ្ឋាន។
ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្អែកតាមរាបាយការណ៍របស់អភិបាលខេត្តសៀមរាបបានបង្ហាញឱ្យឃើញថាក្រុមប្រឹក្សាអាណត្តិទី១ គណៈអភិបាលខេត្តសៀមរាប មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបបានរួមសាមគ្គីគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍខេត្តសៀមរាបឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៍ដូចជាសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តធម៌។
ឯកឧត្តមក៏បានលើកឡើងផងដែរនូវសមិទ្ធផលដែលប្រជាជាតិ និងប្រជាជនសម្រេចបានកន្លងមក មានជាអាទិ៍៖
- អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៤ កន្លងមកត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តធម៌នឹងគ្មានអំពើហឹង្សា ហើយលទ្ធផលនៃការបោះឆ្នោតនេះក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោត។
- អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាដំណើរការរៀបចំការដឹកនាំ គ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋាន។ កំណែទម្រង់នេះមានភាពសាំញុំា និងស្មុគស្មាញដោយសារកំណែទម្រង់នេះពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរផ្នត់គំនិត និងបែបផែននៃការបំពេញមុខងាររបស់មន្រ្តីសាធារណៈនៅគ្រប់លំដាប់ថ្នាក់។ តែទោះជាយ៉ាងណាក៏ដោយ យើងសម្រេចបាននូវសមិទ្ធផលធំចំនួន ១០ រួមមាន៖ ទីមួយ អំពីក្របខ័ណ្ឌច្បាប់ និងកម្មវិធីកំណែទម្រង់ ទីពីរ អំពីការរៀបចំរដ្ឋបាលដែនដី ទីបី អំពីរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ទីបួន អំពីថវិកា និងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទីប្រាំ អំពីផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំ និងកម្មវិធីវិនិយោគ ទីប្រាំមួយ អំពីធនធានមនុស្ស ទីប្រាំពីរ អំពីការផ្ទេរមុខងារ ទីប្រាំបី អំពីគណនេយ្យភាពចំពោះប្រជាពលរដ្ឋ ទីប្រាំបួន អំពីការផ្តល់សេវារដ្ឋបាល និងទីដប់ អំពីសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។
- ការវិវត្តនៃស្ថានភាពសង្គម អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋបានថយចុះត្រឹមកម្រិត ១៨,៦% គិតត្រឹមឆ្នាំ២០១២។ ដូច្នេះយើងអាចសម្រេចបាននូវគោលដៅទីមួយនៃការអភិវឌ្ឍសហសវត្ស ការកាត់បន្ថយភាពក្រីក្រឆ្នាំ២០១៥។
ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ដែលទើបប្រកាសចូលកាន់មុខតំណែងទាំងអស់យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច និងលើកទិដៅសំខាន់ៗ ដូចជា៖ ១. កិច្ចការបន្ទាន់ចាំបាច់បន្ទាប់ពីកិច្ចប្រជុំចូលកាន់មុខតំណែង ២. កិច្ចការជាអាទិភាពសម្រាប់ក្រុមប្រឹក្សាអាណត្តិទី២ ដូចជា ការផ្តល់សេវាសាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា និងត្រូវខិតខំសម្របសម្រួលដល់ការបំពេញការងារក្រុមការងារដែលចុះមកបំពេញការងារនៅគ្រប់ថ្នាក់ ដោយត្រូវយកចិត្តទុដាក់សម្របសម្រួលរៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋមានមតិ និងលើឡើងនូវបញ្ហាប្រឈមនានា ដើម្បីដោះស្រាយ។
ឯកឧត្តមបានអបអរសាទរ និងកោតសរសើរចំពោះឯកឧត្តម លោកជំទាវ ដែលជាមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ដែលទទួលបានការគាំទ្រ ដើម្បីបំពេញការងារក្នុងក្រុមប្រឹក្សាអាណត្តិទី២នេះ៕ អត្ថបទ ដោយ៖ លោក ជៀប សំអាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត