ការអភិវឌ្ឍសមត្ថភាព សមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ដែល​ទើប​ជាប់​ឆ្នោត

សៀមរាប ៣១ កក្កដា ២០១៤៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍស្ថាប័ន ដល់សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក អាណត្តិទី២ ដែលទើបជាប់ឆ្នោត លើកទី១ កាលពីថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០១៤។

សៀមរាប ៣១ កក្កដា ២០១៤៖ រដ្ឋបាល ខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍស្ថាប័ន ដល់សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុកអាណត្តិទី២ ដែលទើបជាប់ឆ្នោត លើកទី១ កាលពីថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០១៤។ វគ្គបណ្តុះបណ្តាល នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កៅ សោភ័ណ សមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។

វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួម ចំនួន៩៦នាក់ (ស្រ្តី១៤នាក់) ដែលជា សមាជិកក្រុមប្រឹក្សាខេត្តចំនួន ៤នាក់ សមាជិកក្រុមប្រឹក្សាក្រុងចំនួន៧ នាក់ (ស្រ្តី១នាក់) សមាជិកក្រុមប្រឹក្សាស្រុកចំនួន៧៣នាក់ (ស្រ្តី៩នាក់) និងតំណាងសង្គមស៊ីវិលចំនួន១២ នាក់ (ស្រ្តី៤ នាក់)។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង និង សមាជិកក្រុមប្រឹក្សាស្រុក បានយល់ដឹងអំពីទស្សនទាន នៃកំណែទម្រង់វិមជ្ឈការ  និងវិសហមជ្ឈការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិឆ្នាំ (២០១០-២០១៩) នីតិវិធីនៃការរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សា និងការពិភាក្សាដេញដោលក្នុងកិច្ចប្រជុំ នីតិវិធីនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា និងបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។
 
ប្រធានបទសំខាន់ៗ ក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖

  1. ទស្សនទាននៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
  2. កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១០-២០១៩)
  3. ការណែនាំបច្ចេកទេសស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ
  4. ការណែនាំបច្ចេកទេសស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ
  5. គោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ឯកឧត្តម កៅ សោភ័ណ  បានមានប្រសាសន៍ ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលនេះថា  ដើម្បីអភិវឌ្ឍស្ថាប័នថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដោយមានការគាំទ្រ ពីលេខាធិការដ្ឋាន គ.ជ.អ.ប បានយកចិត្តទុកដាក់ ក្នុងការ ពង្រឹងសមត្ថភាពមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ជាពិសេស សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ។ រាជរដ្ឋាភិបាលបាន និងកំពុង អនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហជ្ឈការ ដើម្បី ទី១- ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅមូលដ្ឋាន ទី២- លើកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និង ទី៣- ជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈការបង្កលក្ខណៈ ឱ្យប្រជាពលរដ្ឋចូលរួម ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ទាក់ទងនឹង តម្រូវការចំបាច់នានា នៅមូលដ្ឋាន។

ឯកឧត្តម បន្តថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយនេះ ការអភិវឌ្ឍស្ថាប័ន គឺជាកត្តាមិនអាចខ្វះបាន ពីព្រោះស្ថាប័នរឹងមាំ ល្គឹកណាបុគ្គលិកធ្វើការនៅក្នុងស្ថាប័ននោះមានចំណេះដឹង មានជំនាញ មានឥរិយាបទជាអ្នកផ្តល់សេវា និងមានរចនាសម្ព័ន្ធល្អ ព្រមទាំងត្រូវមានធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) សមស្របផងដែរ។ លើសពីនោះទៀត ដើម្បីឲ្យស្ថាប័ន កាន់តែមានភាពរឹងមាំយើងត្រូវរៀបចំឲ្យមានយន្តការគាំទ្រ និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានាទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ ដែលកំពុងអនុវត្តការងារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តម បានស្នើឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ចូលរួមវគ្គបណ្តុះបណ្តាលដែលមានរយៈពេល២ថ្ងៃនេះឱ្យបានទៀងទាត់ ព្រោះថានេះគឺជាឱកាសដែលសមាជិកក្រុមប្រឹក្សាទើបជាប់ឆ្នោតលើកទី១ ត្រូវបានបណ្តុះបណ្តាលពង្រឹង និងបង្កើនចំណេះដឹង អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល អំពីតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីធ្វើការសម្រេចចិត្តលើការងារ ប្រកបដោយ លក្ខណៈប្រជាធិបតេយ្យ។ ម្យ៉ាងទៀត ដោយសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាស្រុក ដែលជាប់ឆ្នោតមានជំនាញវិជ្ជាជីវៈខុសៗគ្នា ដោយអ្នកខ្លះមានអតីតជាអ្នករដ្ឋបាល  អ្នកបច្ចេកទេស និងអ្នកនយោបាយ ហើយកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តម្រូវឲ្យដាក់ចេញនូវគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើនដែលចាំបាច់ឯកឧត្តម លោក លោកស្រីស្វែងរកជាបន្តបន្ទាប់ គឺយើងត្រូវប្រកាន់យកគោលការណ៍ រៀនបណ្តើរ អនុវត្តបណ្តើរ៕ អត្ថបទ និងរូបភាព ដោយ៖ ជៀប សំអាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់