ក្រុម​ប្រឹក្សា​ខេត្ត​ព្រះសីហនុ​ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​សាធារណៈ​ជា​មួយ​ប្រជាពលរដ្ឋ (AKP)

ព្រះសីហនុ ១១ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៥  បានបើកវេទិកាសាធារណៈមួយនៅវេទិកាបុណ្យជាតិ៧ មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនផងដែរ។

ព្រះសីហនុ ១១ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៥  បានបើកវេទិកាសាធារណៈមួយនៅវេទិកាបុណ្យជាតិ៧ មករា  ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនផងដែរ។

 

ឯកឧត្ដម យន្ត មីន បានលើកឡើងថា ការបង្កើតឱ្យមានវេទិកាសាធារណៈនេះឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពិគ្រោះយោបល់រវាងក្រុមប្រឹក្សាខេត្តនិងប្រជាពលរដ្ឋក្នុង ក្រុងព្រះសីហនុ ដើម្បីផ្ដល់ព័ត៌មានឱ្យប្រជាពលរដ្ឋបានដឹង និងលើកឡើងជាមតិ គំនិត យោបល់ ពីភាពសកម្ម និងភាពអសកម្មនានា រួមទាំងការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំ២០១៥ និងឆ្នាំខាងមុខ នៅក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរ មានសមត្ថកិច្ចបានដឹង និងបានចុះជួយដល់ប្រជាពលរដ្ឋចំគោលដៅដែលប្រជាពលរដ្ឋចង់បាន ហើយការបង្កើតវេទិកានេះក៏ដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងក្រុមប្រឹក្សាខេត្ត ក្រុង សង្កាត់ ដើម្បីយកបទពិសោធន៍ទាំងនោះទៅអនុវត្តន៍ការងារនៅក្នុងមូលដ្ឋានឱ្យបានជោគជ័យ។

 

ក្នុងវេទិកានោះ ប្រជាពលរដ្ឋបានលើកឡើងពីផលវិជ្ជមាន និងផលអវិជ្ជមាន ដែលអាជ្ញាធរក្រុង ខេត្ត បានអនុវត្តកន្លងមកក្នុងនោះមានបញ្ហាគ្រឿងញៀន បញ្ហាបរិស្ថាន វិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបញ្ហាថ្នាក់ក្រោមជាតិស្ដីពីការធ្វើអត្តសញ្ញាណប័ណ្ណ និងបញ្ហាផ្លូវថ្នល់ជាដើម។

 

បន្ទាប់ពីបានស្ដាប់នូវការលើកឡើងរបស់ប្រជាពលរដ្ឋ ឯកឧត្ដម យន្ត មីន មានប្រសាសន៍ថា អាជ្ញាធរខេត្តនឹងទទួលយកសំណូមពរទាំងអស់នេះ ដើម្បីយកទៅពិភាក្សាដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។

 

ឯកឧត្ដមមានប្រសាសន៍ថា ព្រោះការដោះស្រាយយើងមិនអាចធ្វើការម្ដងបានទាំងអស់នោះទេ យើងត្រូវជ្រើសរើសយកចំណុចអាទិភាពយកមកដោះស្រាយមុនសិន  និងឈានទៅធ្វើការដោះស្រាយបន្តបន្ទាប់ទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព៕ ដោយ ងូ សុមុនី

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)


ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់