ក្រោយ​ការ​ផ្ទេរ​មុខងារ និង​ធនធាន​ពី​ក្រសួង​ ស្ថាប័ន​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ មន្ត្រី​ទាំង​អស់​នៅ​តែ​​រក្សា​ផលប្រយោជន៍​ដដែល

ភ្នំពេញ ១៩ វិច្ឆិកា ២០១៥៖ រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានប្រព័ន្ធគ្រប់គ្រងបុគ្គលិកមួយដែលផ្ដល់សិទ្ធអំណាចដល់ក្រុមប្រឹក្សាក្នុងការគ្រប់គ្រង ចាត់ចែង និងជ្រើសរើសបុគ្គលិក នៅពេលដែលមុខងារត្រូវបានផ្ទេរយ៉ាងពេញលេញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ភ្នំពេញ ១៩ វិច្ឆិកា ២០១៥៖ រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានប្រព័ន្ធគ្រប់គ្រងបុគ្គលិកមួយដែលផ្ដល់សិទ្ធអំណាចដល់ ក្រុមប្រឹក្សាក្នុងការគ្រប់គ្រង ចាត់ចែង និងជ្រើសរើសបុគ្គលិក នៅពេលដែលមុខងារត្រូវបានផ្ទេរយ៉ាងពេញលេញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

នេះជាការលើកឡើងរបស់ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ស្ដីពីការផ្ទេរមុខងារ និងធនធានពីក្រសួង ស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នា២០១៥។

 

ឯកឧត្ដម បានបន្ថែមថា នៅពេលដែលព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានអនុម័ត គឺនឹងក្លាយជាប្រព័ន្ធមួយសម្រាប់គ្រប់គ្រងមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថានៅពេលដែលមុខងារ និងធនធានត្រូវបានផ្ទេរដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធនធានមនុស្សដែលជាមន្ត្រីដែលត្រូវបានផ្ទេរ គឺមិនមានការបាត់បងផលប្រយោជន៍រួមទាំងតួនាទី ឋានៈជាដើម។

 

ចំពោះដំណើរការនៃការផ្ទេរមុខងារ ឯកឧត្ដម បានបញ្ជាក់ថា កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសុខាភិបាល បាននិងកំពុងអនុវត្តការផ្ទេរមុខងារសាកល្បងចំនួន០៣ (ការជួសជុល ថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ការផ្ដល់សេវាអនាម័យជនបទ និងការគ្រប់គ្រងថែទាំមណ្ឌលសុខភាព) ដល់ក្រុង ស្រុកគោលដៅ។ ដោយឡែកក្រសួងបរិស្ថានបានសម្រេចផ្ទេរមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនពីរាជធានី ខេត្តដល់ក្រុង ស្រុកទូទាំងប្រទេស។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម ង៉ាន់ ចំរើន ក៏បានមានប្រសាសន៍រំលឹកដល់ក្រសួង ស្ថាប័នដែលទើបចាប់ផ្ដើមរៀបចំបញ្ជីវិភាគមុខងារ ត្រូវពិនិត្យលើតែមុខងារណាដែលជាអាទិភាពហើយគិតថារដ្ឋបាលក្រុង ស្រុកអាចអនុវត្តបាន។

 

គួរបញ្ជក់ថា សិក្ខាសាលាចែករំលែកបទពិសោធន៍ស្ដីពីការផ្ទេរមុខងារ និងធនធានពីក្រសួង ស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមកិច្ចសហការជាមួយកម្មវិធី EU SPACE (GIZ) ដោយបានអញ្ជើញទីប្រឹក្សាអន្តរជាតិលើផ្នែកផ្ទេរមុខងារដើម្បីចែករំលែកបទពិសោធន៍ជូនដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នអាទិភាពចំនួន១៤ និងអ្នកពាក់ព័ន្ធនានា៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់