ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងសិរីសោភ័ណ អាណត្តិទី២ ខេត្តបន្ទាយមានជ័យ

សិរីសោភ័ណ-បន្ទាយមានជ័យ ១០ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សា ក្រុងសិរីសោភ័ណ អាណត្តិទី២ បានប្រារព្ធធ្វើឡើង នៅរសៀលម៉ោង២ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព…


សិរីសោភ័ណ-បន្ទាយមានជ័យ ១០ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ អាណត្តិទី២ បានប្រារព្ធធ្វើឡើង នៅរសៀលម៉ោង២ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក អ៊ុំ រាត្រី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅសាលាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះដែរ មានការចូលរួមពី ឯកឧត្តម អោម ហាក់ សមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី២  នាយកទីចាត់ការធនធានមនុស្សសាលាខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ប្រធានមន្ទីរ តំណាងប្រធានមន្ទីរ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការនៃអង្គភាពសឹករងក្រុង អធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង តំណាងអង្គការជាតិ និងអន្តរជាតិ សហភាពសហព័ន្ធយុវជនខេត្ត ការិយាល័យចំណុះ ប្រធានសមាគមខែ្មរ ចិន ប្រចាំខេត្តបន្ទាយមានជ័យ តំណាងគណបក្សប្រជាជនកម្ពុជា តំណាងគណបក្សសង្គ្រោះជាតិ ចៅសង្កាត់ សកលវិទ្យាធិការនៃសកលវិទ្យាល័យ ទាំង៤ក្នុងក្រុង ប្រធានឬតំណាងរតនាគារ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព ប្រធានសហគមន៍ មេភូមិ មេប៉ុស្តិ៍ អាជីវករ ពាណិជ្ជករ កសិករ និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត សរុប ១៤៨រូប (ស្រ្តី ៣១រូប) ។

លោកស្រី ចាន់ ថេង  អភិបាល នៃគណៈអភិបាលក្រុង មានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅរបស់ក្រុង លើការអភិវឌ្ឍគ្រប់វិស័យ ដោយផ្តោតសំខាន់លើការងារស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងលទ្ធផលការងារបស់ក្រុមប្រឹក្សាក្រុងអាណត្តិទី១ (២០០៩ ២០១៤)។

បន្ទាប់មកលោក ណង វុទ្ធី នាយកទីចាត់ការធនធានមនុស្ស សាលាខេត្តបន្ទាយមានជ័យ បានអានអនុក្រឹត្យលេខ ៧៨៥ អនក្រ-តត ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ យោងតាមអនុក្រឹត្យ សម្រេចតែងតាំង លោក     ជាម សុខ ជាប្រធានក្រុមប្រឹក្សាក្រុង និងសមាជិកក្រុមប្រឹក្សាក្រុងចំនួន១៤ រូបទៀត។

លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង ទើបប្រកាសតែងតាំងបានមានចំណាប់អារម្មណ៍ថា ដើម្បីជាកិច្ចតបស្នងចំពោះរដ្ឋាភិបាល អាណត្តិទី៥  និងចំពោះប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ យើងខ្ញុំសូមធ្វើការប្តេជ្ញានិងធ្វើការសម្រេចចិត្ត ដូចខាងក្រោម៖

  1. ប្តេជ្ញាយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន ក្នុងការប្រតិបត្តិច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បទប្បញ្ញត្តិទាំងទ្បាយនៃច្បាប់  ស្តីពីការគ្រប់គ្រងរដ្ឋបាល  រាជធានី  ខេត្ត  ក្រុង  ខណ្ឌ ច្បាប់  ព្រះរាជក្រឹត្យ  អនុក្រឹត្យ និង  លិខិតបទដ្ឋាន  គតិយុត្តិជាធរមាន។
  2. ប្តេជ្ញា  បន្តចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចគោលបំណង  ក្នុងការបង្កើតការជំរុញ  និងការធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ  នៅថ្នាក់ក្រោមជាតិ ។
  3. ប្តេជ្ញា  សកម្មក្នុងការក្នុងការសម្របសម្រួល  និងធ្វើកិច្ចសហប្រតិបត្តិការ  យ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាសង្កាត់  និងសហគមន៍ប្រជាពលរដ្ឋ  ដើម្បីកំណត់ពីតម្រូវការជាអាទិភាព  ក្នុងការផ្តល់សេវា  និងការអភិវឌ្ឍ ព្រមទាំងសំណើ  ឬសំណូមពរនានារបស់ប្រជាពលរដ្ឋ  ដើម្បីដាក់បញ្ចូលក្នុងផែនការ អភិវឌ្ឍរយៈពេល៥ឆ្នាំ  និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ក្រុង ។
  4. ប្តេជ្ញា រៀបចំឲ្យមាន វេទិកាផ្សព្វផ្សាយ  និងពិគ្រោះយោបល់ថ្នាក់សង្កាត់ ក្នុងក្រុងនាខែ  មិថុនា នៃឆ្នាំនីមួយៗ ។

លោក អ៊ុំ រាត្រី អភិបាលរងនៃគណៈអភិបាលខេត្ត បានមានមតិសំណេះសំណាល និងផ្តល់ការណែនាំ ដល់ថ្នាក់ដឹកនាំក្រុង បន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំអនុវត្តការងារដែលសេសសល់ពីអាណត្តិទី១ ឲ្យសម្រេចបានជោគជ័យ  ជាពិសេសបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាថ្មីអាណត្តីទី២ ដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋាននានាជាធរមាន។ ចំពោះមុខជាបន្ទាន់នេះ ត្រូវរៀបចំរបៀបរបបការងាររបស់ខ្លួនស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ត្រូវប្រជុំសាមញ្ញលើកទី១មិនឲ្យហួសពី១៥ថ្ងៃបន្ទាប់ពីពិធីប្រកាសចូលកាន់កិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សាត្រូវធ្វើការផ្សព្វផ្សាយ និងស្តាប់របាយការណ៍ លើបញ្ហាមួយចំនួនដូចជា៖

  1. ផ្សព្វផ្សាយសេចក្តីណែនាំ០១៥ស.ណ.ន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។
  2. ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែ។
  3. អភិបាលក្រុង ធ្វើរបាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួន ក្នុងការដឹកនាំរបស់ ក្រុមប្រឹក្សាក្រុង អាណត្តិទី២ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ និងណែនាំ ក្រុមប្រឹក្សាត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ មិនឲ្យមុន២៥ថ្ងៃ ឬលើស៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំ លើកទី១។ ក្នុងកិច្ចប្រជុំលើទី២ ក្រុមប្រឹក្សាត្រូវអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១ ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សា និងប្រតិទិននៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សារយៈពេល១២ខែ៕
  4. ក្រុមប្រឹក្សាក្រុងអាណត្តិទី២ ត្រូវធ្វើសុពលភាពទៅលើផែនការអភិវឌ្ឍន៍៥ឆ្នាំក្នុងអាណ្តិទី២របស់ខ្លូន  និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ក្រុងឲ្យស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

សមាសភាពក្រុមប្រឹក្សាក្រុងសិរីសោភ័ណអាណត្តិទី២

 

លោកស្រី ចាន់ ថេង  អភិបាល នៃគណៈអភិបាលក្រុង មានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍

សង្ខេបអំពីស្ថានភាពទូទៅរបស់ក្រុង

 

លោក ណង វុទ្ធី នាយកទីចាត់ការធនធានមនុស្សសាលាខេត្តបន្ទាយមានជ័យអានអនុក្រឹត្យ

 

លោក ជាម សុខ ប្រធានក្រុមប្រឹក្សាថ្មីមានចំណាប់អាម្មណ៍និងធ្វើការប្តេជ្ញាចិត្ត

 

លោក អ៊ុំ រាត្រី អភិបាលរងនៃគណៈអភិបាលខេត្ត បានមានមតិសំណេះ សំណាល

និងផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំក្រុង

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់