រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតការិយាល័យចំណុះនានា និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័ន នៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដៃគូអភិវឌ្ឍន៍ (ADB, GIZ-DAR, UNICEF,WB, Konrad Adenauer, SDC និងUNDP) និងអង្គការសង្គមស៊ីវិលសរុបចំនួនប្រមាណ ៣៥៧រូប នៅក្នុងសាលប្រជុំក្រសួងមហាផ្ទៃ។
លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបេតយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សហការជាមួយក្រសួងមហាផ្ទៃរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងប្រមូលធាតុចូលពីគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានាបន្ថែមទៀតសម្រាប់ការកែលម្អខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើតការិយាល័យចំណុះនានា និងមុខងាររបស់រដ្ឋបាលក្រុង ស្រុកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ មុនពេលដាក់ឆ្លងកិច្ចប្រជុំ គ.ជ.អ.ប និងបញ្ជូនទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច។
មានប្រសាសន៍បើកពិធីសិក្ខាសាលានេះ ក្នុងនាម សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ដែលបានអញ្ជើញមកចូលរួមសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំក្រសួងមហាផ្ទៃក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ទាំងក្នុងស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ រួមទាំងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលបានជំរុញឱ្យកម្មវិធីកំណែទម្រង់នេះមានការវិវឌ្ឍទៅមុខជាបន្តបន្ទាប់ ស្របតាមផែនការដែលបានកំណត់។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានមានប្រសាសន៍រម្លឹកថា ការរៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា “កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ” គឺជាឆន្ទៈផ្នែកនយោបាយ ដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេលវែង។ ក្នុងក្របខណ្ឌនៃការលើកកម្ពស់អភិបាលកិច្ច រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ស្នូលដ៏សំខាន់មួយក្នុងចំណោមកំណែទម្រង់ស្នូល៣ផ្សេងទៀត រួមមានកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាស្នូលដ៏សំខាន់នៃយុទ្ធសាស្ត្រចតុកោណតាមដំណាក់កាលនីមួយៗរបស់ រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានប្រសាសន៍បញ្ជាក់បន្ថែមថា ក្នុងបរិបទកម្ពុជា រាជរដ្ឋាភិបាលបានតម្កល់ឆន្ទៈផ្នែកនយោបាយសម្រាប់រយៈពេលវែងក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនេះ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងសំខាន់ៗចំនួន ៣គឺ៖
ទីមួយ៖ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានរៀបចំបង្កើតនូវក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតដោយសកល និងអសកល ដើម្បីពង្រឹង និងពង្រីកភាពជាតំណាង និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងក្នុងការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន និងការរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយផ្អែកលើបរិបទ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ គឺជាតំណាងឱ្យសម្លេង និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ តាមរយៈក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ប្រជាពលរដ្ឋក្លាយជាតួអង្គដ៏សំខាន់ និងមានឥទ្ធិពលទៅលើការធ្វើសេចក្តីសម្រេចចិត្តក្នុងការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ធនធានសាធារណៈ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន តាមរយៈការចូលរួមកំណត់នូវតម្រូវការ និងដំណោះស្រាយនានាផ្អែកតាមស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗ និងការតាមដាន ត្រួតពិនិត្យលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ធនធានទាំងនោះផងដែរ។
ទីពីរ៖ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ការធ្វើវិមជ្ឈការ គឺដើម្បីផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់គ្រង ចាត់ចែង និងអនុវត្តសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។ ប្រការនេះបានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋមានលទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗយ៉ាងទាន់ពេលវេលា និង ប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព។
ទីបី៖ ដើម្បីបង្កើនការកៀរគរធនធាន និងការចូលរួមរបស់សហគមន៍ និងប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន។ ក្រៅពីការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាល មូលដ្ឋាន ការធ្វើវិមជ្ឈការតាមបែបប្រជាធិបតេយ្យក៏ជំរុញឱ្យមានការប្រាស្រ័យទាក់ទងកាន់តែសកម្មរវាងរដ្ឋបាលមូលដ្ឋានជាមួយសហគមន៍ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។ ប្រការនេះបង្កលក្ខណៈងាយស្រួលដល់សហគមន៍ និងប្រជាពលរដ្ឋក្នុងការចូលរួមក្នុងកិច្ចដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋបាលមូលដ្ឋាន ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់រដ្ឋបាលមូលដ្ឋានក្នុងការប្រមូលផ្តុំនូវគំនិតផ្តួចផ្តើមដ៏សម្បូរណ៍បែបនៅតាមមូលដ្ឋាន និងការកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ ទាំងក្នុងការចូលរួមមតិយោបល់ និងធនធាននានាសម្រាប់ការអភិវឌ្ឍនៅតាមមូលដ្ឋាននីមួយៗ។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់ជារួមយ៉ាងដូច្នេះថា៖”ការធ្វើវិមជ្ឈការនៅកម្ពុជា គឺដើម្បីបង្កើតវប្បធម៌ប្រជាធិបតេយ្យនៅមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋ ការលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ សំដៅលើកស្ទួយគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម”។
បន្ថែមលើសពីនេះទៀត ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងអំពីការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផែនការអនុវត្តតាមដំណាក់កាលនីមួយៗនៃកម្មវិធីជាតិ (ផអ៣ទី១៖២០១១-២០១៤, ផអ៣ទី២៖២០១៥-២០១៧ និងផអ៣ទី៣៖២០១៨-២០២០) ដោយបានសម្រេចនូវលទ្ធផលធំៗគួរឱ្យកត់សម្គាល់ជាច្រើន។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាន៍បញ្ជាក់ថា មូលដ្ឋានគ្រឹះនៃប្រព័ន្ធគ្រប់គ្រងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបានបង្កើត និងដាក់ឱ្យអនុវត្តនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងនោះរួមមាន បែបបទ និងនីតិវិធីបំពេញការងារ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ប្រព័ន្ធកសាងផែនការ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធទំនាក់ទំនងការងារលក្ខណៈអន្តររដ្ឋបាល យន្តការផ្តល់សេវាតាមច្រកចេញចូលតែមួយ យន្តការទទួល និងដោះស្រាយបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងរបាយការណ៍ ជាដើម កំពុងត្រូវបានអនុវត្ត និងកែលម្អជាបណ្តើរៗ។ ជាមួយគ្នានេះ យុទ្ធសាស្ត្រពាក់ព័ន្ធនឹងការងារគណនេយ្យភាពសង្គម ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គមក៏កំពុងត្រូវបានបញ្រ្ជាបឱ្យកាន់តែស៊ីជម្រៅទៅក្នុងរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ ក្របខណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ត្រូវបានដាក់ឱ្យអនុវត្ត ដែលក្នុងនោះ មុខងារមួយចំនួនក៏ត្រូវបានផ្ទេរជាបណ្តើរៗទៅឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ទាំងក្នុងបែបផែននៃការប្រគល់ និងការធ្វើប្រតិភូកម្មក្នុងលក្ខណៈជាការអនុវត្តសាកល្បងផងដែរ។ បុគ្គលិកក្របខណ្ឌក្រសួងមហាផ្ទៃចំនួនប្រមាណ ៦.២០០នាក់ដែលកំពុងបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានផ្ទេរទៅស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងក្របខណ្ឌនៃវិមជ្ឈការហិរញ្ញវត្ថុ មូលនិធិឃុំ សង្កាត់ និងមូលនិធិក្រុង ស្រុកត្រូវបានបង្កើត និងបង្កើនទំហំជាបន្តបន្ទាប់ ផ្អែកតាមកំណើនចំណូលចរន្តនៃថវិកាជាតិ។ ក្រៅពីនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់នឹងទទួលបាននូវធនធានកាន់តែច្រើនបន្ថែមទៀតពីចំណូលចែករំលែកសារពើពន្ធ និងមិនមែនសារពើពន្ធពីរដ្ឋបាលរាជធានី ខេត្ត និងពីមូលនិធិវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយឡែក សកម្មភាពជាច្រើននៃការអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក៏ត្រូវបានអនុវត្តដោយផ្អែកតាមតម្រូវការជាក់ស្តែង ដើម្បីគាំទ្រដល់ការវិវឌ្ឍផ្លាស់ប្តូរនៃកិច្ចដំណើរការកំណែទម្រង់ដូចបានរៀបរាប់ខាងលើ។
លើសពីនេះទៀត ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់ទៅកាន់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីក្នុងអង្គសិក្ខាសាលាបន្ថែមថា ទោះបីយើងសម្រេចបាននូវសមិទ្ធផលជាមូលដ្ឋានធំៗជាច្រើន ដូចបានរៀបរាប់ខាងលើក្តី ក៏នៅក្នុងក្របខណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ យើងនៅមានកិច្ចការជាអាទិភាពជាច្រើនផ្សេងទៀតដែលត្រូវបន្តអនុវត្ត។ ជាក់ស្តែង សិក្ខាសាលានាពេលនេះ គឺជាការជួបជុំគ្នាក្នុងចំណោមអ្នកពាក់ព័ន្ធនានា ដែលជាតំណាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីពិគ្រោះ ពិភាក្សា និងផ្តល់យោបល់លើការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ យើងនឹងពិគ្រោះ ពិភាក្សា និងផ្តល់យោបល់អំពីការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ក្នុងគោលបំណងរៀបចំឱ្យរដ្ឋបាលក្រុង ស្រុកក្លាយជារដ្ឋបាលមូលដ្ឋានដ៏មានសក្តានុពល និងមានលទ្ធភាពទទួលខុសត្រូវយ៉ាងពេញលេញក្នុងការផ្តល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ កិច្ចការនេះ បានទទួលការឯកភាពជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលនាឆ្នាំ២០១៦ ដោយតម្រួវឱ្យមានការសិក្សាស្រាវជ្រាវ ដើម្បីកំណត់អំពីបញ្ហាប្រឈម និងជម្រើសនានាសម្រាប់ការកែលម្អស្ថានភាពនៃការគ្រប់គ្រងការអនុវត្តការងារនៅថ្នាក់ក្រុង ស្រុក។ ក្នុងអំឡុងពេលជាង៣ឆ្នាំកន្លងមកនេះ លេខាធិការដ្ឋាននៃកំណែទម្រង់ទាំង៣ រួមមាន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានរៀបចំការសិក្សាស្រាវជ្រាវទាំងទៅលើក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្ថានភាពនៃការអនុវត្តការងារជាក់ស្តែងនៅតាមបណ្តាក្រុង ស្រុកមួយចំនួន ព្រមទាំងបានរៀបចំរបាយការណ៍ និងធ្វើសេចក្តីរាយការណ៍ជូន គ.ជ.អ.ប. និងប្រមុខរាជរដ្ឋាភិបាលអំពីលទ្ធផលនៃការសិក្សា ស្រាវជ្រាវនេះផងដែរ។
ពាក់ព័ន្ធនឹងការងារនេះ ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាម គ.ជ.អ.ប. ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានមានប្រសាសន៍ស្នើឱ្យឯកឧត្តម លោកជំទាវ អស់លោក លោកស្រីប្រើប្រាស់ឱកាសនេះក្នុងការផ្លាស់ប្តូរមតិយោបល់ ឱ្យបានផុលផុស និងផ្តល់ធាតុចូលឱ្យបានច្រើន ជាពិសេសទៅលើការរៀបចំបង្កើតការិយាល័យនានាចំណុះឱ្យរដ្ឋបាលក្រុង ស្រុក និងមុខងារតាមវិស័យនានាដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក តាមរយៈការធ្វើសមាហរណកម្មការិយាល័យជំនាញតាមវិស័យទាំងនោះចូលទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមសិក្ខាសាលាពិគ្រោះយោបល់រយៈពេល១ថ្ងៃកន្លះនេះ គឺនៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៩ និងសូមជូនពរឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី និងអង្គសិក្ខាសាលាទាំងមូលទទួលបានលទ្ធផលជាផ្លែផ្កា និងប្រកាសបើកសិក្ខាសាលាចាប់ពីពេលនេះតទៅ៕
សូមទាញយកសុន្ទរកថា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតការិយាល័យចំណុះនានា និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក តាមរយៈតំណភ្ជាប់ខាងក្រោម៖ http://ncdd.gov.kh/wp-content/uploads/2019/04/Draft-opening-Speech-of-SST-19-April-2019.pdf ។