រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី ខ្នាតគំរូនៃការអនុវត្ត និងក្របខ័ណ្ឌនៃការលើកទឹកចិត្តជំនួយបច្ចេកទេស (TA) សម្រាប់ការផ្តល់សេវាអនាម័យជនបទតាមបែបវិមជ្ឈការ នៅក្នុងសណ្ឋាគារសាន់វ៉េ ដោយមានសមាសភាពចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក ដៃគូអភិវឌ្ឍន៍ តំណាងរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកសរុបចំនួនប្រមាណ ២៥រូប។
សិក្ខាសាលាស្តីពី ខ្នាតគំរូនៃការអនុវត្ត និងក្របខ័ណ្ឌនៃការលើកទឹកចិត្តជំនួយបច្ចេកទេស (TA) សម្រាប់ការផ្តល់សេវាអនាម័យជនបទតាមបែបវិមជ្ឈការមានគោលបំណង រួមមាន៖
១. គូសបញ្ជាក់ពីគោលគំនិត និងគោលបំណងនៃក្របខ័ណ្ឌនៃការផ្ទៀងផ្ទាត់ការអនុវត្តអនាម័យជនបទស្រុក
២. រៀបចំសេចក្តីព្រាងក្របខណ្ឌការផ្ទៀងផ្ទាត់ការអនុវត្តអនាម័យជនបទស្រុក និងស្វែងរកយោបល់ពីអ្នកចូលរួម
៣. យល់ដឹងពីប្រព័ន្ធលើកទឹកចិត្តដែលមានស្រាប់ (ជាពិសេសមិនមែនហិរញ្ញវត្ថុ) ដើម្បីបង្កើនការគ្រប់ដណ្តប់ដោយអនាម័យ និងទទួលស្គាល់នូវការអនុវត្តល្អ
៤. ដើម្បីពិភាក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃប្រព័ន្ធលើកទឹកចិត្តដែលមានហើយភ្ជាប់អនុសាសន៍សម្រាប់ក្របខ័ណ្ឌលើកទឹកចិត្តមួយសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលាក្នុងនាមលេខាធិការដ្ឋាន គ.ជ.អ.ប. លោក ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយបានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គការអភិវឌ្ឍន៍ហូឡង់ (SNV) និង ធនាគារពិភពលោក (WB) ដែលបានគាំទ្រ និងចូលរួម យ៉ាងសកម្មក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាល។
ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានឆន្ទៈយ៉ាងមោះមុតក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា “កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ” សម្រាប់រយៈពេលវែង។ លោកបានបន្ថែមថា ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាកំណែទម្រង់ដ៏សំខាន់មួយក្នុងចំណោមកំណែទម្រង់៣ផ្សេងទៀត រួមមានកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលកំណែទម្រង់ទាំង ៤នេះគឺជាស្នូលដ៏សំខាន់នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
លោក ជ័យ សម្បត្តិផល្លា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានតម្កល់ឆន្ទៈផ្នែកនយោបាយក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងសំខាន់ៗចំនួន៣គឺ៖
- ទីមួយ៖ ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដោយការបោះឆ្នោតដោយសកល និងអសកល ដើម្បីធ្វើជាតំណាងសម្លេង និងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
- ទីពីរ៖ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន តាមរយៈការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់គ្រង ចាត់ចែង និងអនុវត្តក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។ ក្នុងន័យនេះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋនឹងមានលទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ យ៉ាងទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព។
- ទីបី៖ ការកៀរគរធនធាន និងការចូលរួមប្រជាពលរដ្ឋក្នុងការអភិវឌ្ឍនៅមូលដ្ឋាន។ ការធ្វើវិមជ្ឈការនឹងបង្កលក្ខណៈងាយស្រួលដល់សហគមន៍ និងប្រជាពលរដ្ឋចូលរួមក្នុងកិច្ចដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋបាលមូលដ្ឋាន ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់រដ្ឋបាលមូលដ្ឋានក្នុងការប្រមូលផ្តុំគំនិតផ្តួចផ្តើមដ៏សម្បូរណ៍បែបនៅតាមមូលដ្ឋាន និងកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ ទាំងជាមតិយោបល់ និងធនធាននានាសម្រាប់ការអភិវឌ្ឍនៅតាមមូលដ្ឋាននីមួយៗ។
ចំពោះពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យអភិវឌ្ឍន៍ជនបទ លោក ជ័យ សម្បត្តិផល្លា បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងក្រុងស្រុកគោលដៅ និងSNV ដែលបានខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវក្នុងការអនុវត្តឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា។
បើយោងតាមប្រសាសន៍ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៅក្នុងឆ្នាំ២០១៩ ក្រសួងអភិវឌ្ឍន៍ជនបទបានផ្ទេរមុខងារចំនួន០៣៖
១. ប្រតិភូកម្មមុខងារផ្តល់សេវាអនាម័យជនបទទៅឱ្យស្រុកគោលដៅចំនួន១១
២. ប្រតិភូកម្មមុខងារផ្តល់សេវាជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ១៥
៣. ជួសជុលថែទាំផ្លូវជនបទទៅឱ្យស្រុកគោលដៅចំនួន០៤
ជាថ្មីម្តទៀត ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួង SNV/WB ដែលបានរៀបចំសិក្ខាសាលា និងបានផ្តល់ឱកាសដល់រូបលោកចែករំលែកព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងអង្គសិក្ខាសាលា៕