ខេត្តសៀមរាប៖ រដ្ឋលេខាធិការក្រសួងការបរទេសនៃសហព័ន្ធស្វីស លោកជំទាវ Pascale BAERISWYL បានដឹកនាំគណៈប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ចស្វែងយល់អំពី ការអនុវត្តផែនការគណនេយ្យភាពសង្គម (I-SAF) រយៈពេល ០១ថ្ងៃ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសហព័ន្ធស្វីសមានគោលបំណងស្វែងយល់អំពី ការអនុវត្តផែនការគណនេយ្យភាពសង្គម (I-SAF) ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់កិច្ចអភិវឌ្ឍន៍របស់ប្រទេសស្វីស (SDC) ដែលត្រូវបានដាក់ឱ្យអនុវត្តនៅអង្គភាពផ្តល់សេវា នៃរដ្ឋបាលឃុំរោងគោ និងរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប។
នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពី ការអនុវត្តការងារគណនេ្យភាពសង្គម (I-SAF) នេះដែរ រដ្ឋលេខាធិការក្រសួងការបរទេសនៃសហព័ន្ធស្វីស លោកជំទាវ Pascale BAERISWYL បានជួបពិភាក្សាជាមួយ៖
- អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ និងក្រុមប្រឹក្សាស្រុកក្រឡាញ់ ព្រមទាំងមន្រ្តីបង្គោលគណនេយ្យភាពសង្គមស្រុក
- ចូលរួមអង្កេតពីដំណើរការកិច្ចប្រជុំរួម រវាងតំណាងអង្គភាពផ្តល់សេវា ជាមួយប្រជាពលរដ្ឋ
- ទស្សនកិច្ចនៅអង្គភាពផ្តល់សេវាមួយចំនួន។
នៅចំពោះសមាជិកគណៈប្រតិភូនៃសហព័ន្ធស្វីស តំណាងអភិបាលខេត្តសៀមរាប តំណាងអភិបាលក្រុងសៀមរាប អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ តំណាងរដ្ឋបាលឃុំរោងគោ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល លោកជំទាវ Pascale BAERISWYL បានមានប្រសាសន៍ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គម (I-SAF) នៅកម្ពុជា ដើម្បីជួយលើកកម្ពស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
លោកជំទាវបានមានប្រសាសន៍សាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ ដោយលោកជំទាវបានមើលឃើញផ្ទាល់អំពី ការអនុវត្តផែនការគណនេយ្យភាពសង្គម (I-SAF) ដែលបានជួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ទន្ទឹមនេះដែរ លោកស្រីបានសន្យាថា រដ្ឋាភិបាលស្វីសនឹងបន្តជួយគាំទ្រដល់ការអនុវត្តផែនការគណនេយ្យភាពសង្គម (I-SAF) ទៅពេលអនាគតទៀត៕