វគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់រាជធានី ខេត្ត លើកទី២ ស្ដីពីផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់រាជធានី ខេត្ត

ភ្នំពេញ ១៤ កក្កដា ២០១៤៖ នៅក្នុងអាណត្តិក្រុមប្រឹក្សារាជធានី ខេត្ត នីមួយៗ បន្ទាប់ពីក្រុមប្រឹក្សា រាជធានី ខេត្តដែលជាប់ឆ្នោត ចូលកាន់តំណែង គឺតម្រូវឲ្យរៀបចំ កសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយស្របតាម ច្បាប់រៀបចំអង្គការ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើការអភិវឌ្ឍ នៅក្នុងរាជធានី ខេត្ត របស់ខ្លួន។

ភ្នំពេញ ១៤ កក្កដា ២០១៤៖ នៅក្នុងអាណត្តិក្រុមប្រឹក្សារាជធានី ខេត្ត នីមួយៗ បន្ទាប់ពីក្រុមប្រឹក្សារាជធានី ខេត្តដែលជាប់ឆ្នោត ចូលកាន់តំណែង គឺតម្រូវឲ្យរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយស្របតាម ច្បាប់រៀបចំអង្គការ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងរាជធានី ខេត្ត របស់ខ្លួន។

ដើម្បីឲ្យការកសាងផែនការនេះ ប្រព្រឹត្តទៅបានល្អ តាមនីតិវិធី និងបច្ចេកទេសច្បាស់លាស់ លេខាធិការដ្ឋាន គ.ជ.អ.ប  និងគ្រូបង្គោលថ្នាក់ជាតិ (មកពីក្រសួងសមាជិកគ.ជ.អ.ប ចំនួន១០) បានផ្ដល់វគ្គបណ្ដុះបណ្ដាលជាលើកទី២ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៨ ខែកក្កដា ឆ្នាំ២០១៤ ដល់គ្រូឧទ្ទេសថ្នាក់រាជធានី ខេត្ត ចំនួនប្រមាណ៤៨រូប (មន្ត្រី៥រូបពីរាជធានី ខេត្តនីមួយៗ ដោយមាន១រូបជាអភិបាលរង តំណាងមន្ទីរផែនការ និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិរាជធានី ខេត្ត)  ស្ដីពីផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់រាជធានី ខេត្ត សម្រាប់អាណត្តិទី២នៃក្រុមប្រឹក្សារាជធានី ខេត្ត ដែលទើបជាប់ឆ្នោតថ្មីៗនេះ។

 

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តលនេះ ត្រូវបានបែងចែកជាបីវគ្គ ចាប់ពីថ្ងៃទី៧-២៥ ខែកក្កដា ឆ្នាំ២០១៤ ដែលមានអ្នកចូលរួម សរុបប្រមាណ១៥០ រូប។ វគ្គទី១ធ្វើឡើងកាលពីថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០១៤ ដែលមានអ្នកចូលរួមចំនួនប្រមាណ៥៤រូប មកពី៨ខេត្ត។ វគ្គទី២ ធ្វើឡើងចាប់ពីថ្ងៃទី១៤-១៨ ខែកក្កដា ឆ្នាំ២០១៤ ដែលមានអ្នកចូលរួមចំនួនប្រមាណ ៤៨រូប មកពី៨ខេត្ត។ វគ្គទី៣ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២១-២៥ ដែលមានអ្នកចូលរួមប្រមាណ៤៨ រូប មកពី៨រាជធានី ខេត្ត។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅសណ្ឋាគារ Inter-Continental រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១នៃលេខាធិការដ្ឋាន គ.ជ.អ.ប។ វគ្គនេះគាំទ្រដោយគម្រោងសម្រាប់ កិច្ចអភិវឌ្ឍន៍សមត្ថភាពក្នុងការអនុវត្តច្បាប់រៀបចំអង្គការនៅថ្នាក់រាជធានី ខេត្ត (PILAC2) នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA)។

នៅក្នុងអាណត្តិទី២របស់ក្រុមប្រឹក្សារាជធានី ខេត្ត នេះ ក្រុមប្រឹក្សារាជធានី ខេត្ត  នឹងត្រូវរៀបចំ និងអនុម័តផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន ឲ្យបានយ៉ាងយូរនៅក្នុងឆ្នាំទី២ នៃអាណត្តិរបស់ខ្លួន។

ឯកឧត្តម លេង វី មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល គ្រូឧទ្ទេសថ្នាក់រាជធានី ខេត្ត នាពេលនេះ រៀបចំឡើង ដើម្បីការធានាឲ្យក្រុមប្រឹក្សារាជធានី ខេត្តអាណត្តិទី២ អាចចាប់ផ្តើមរៀបចំកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួនបានឆាប់រហ័ស ស្របតាមសេចក្តីណែនាំ បច្ចេកទេសថ្មីស្តីពីការកសាង ផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ដែលត្រូវបានពិនិត្យកែសម្រួលឡើងវិញ និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០១៣ កន្លងមកនេះ។

ឯកឧត្ដម លេង វី បន្តថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះ បណ្តាលនេះ សិក្ខាកាមនឹងក្លាយជាគ្រូបង្គោល នៅតាមរដ្ឋបាលនីមួយៗរបស់ខ្លួន ដែលមានតួនាទី សំខាន់ក្នុងការពាំនាំនូវខ្លឹមសារនៃសេចក្តីណែនាំបច្ចេកទេសថ្មីនេះ ទៅឲ្យអ្នកពាក់ព័ន្ធទាំងអស់នៅមូលដ្ឋានរបស់ខ្លួន សំដៅ លើកកម្ពស់សមត្ថភាពរបស់អ្នកទាំងនោះ នៅក្នុងការកសាង និងគ្រប់គ្រងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត។

វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់នូវសមត្ថភាពគ្រប់គ្រាន់ដល់គ្រូឧទ្ទេសថ្នាក់រាជធានី ខេត្ត ដើម្បីបណ្ដុះបណ្ដាលបន្តដល់ក្រុមការងារ កសាងផែនការថ្នាក់រាជធានី ខេត្ត ដែលមានអភិបាលរង សមាជិកក្រុមប្រឹក្សា មន្ទីរជំនាញ និងមន្ត្រីសំខាន់ៗផ្សេងទៀតថ្នាក់រាជធានី ខេត្ត ដើម្បីកសាង និងគ្រប់គ្រងផែនការអភិវឌ្ឍន៍រយៈប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត សម្រាប់អាណត្តិទី២របស់ក្រុមប្រឹក្សារាជធានី ខេត្ត។

ឯកឧត្តម លេង វី បានស្នើដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមឲ្យផុលផុសនៅក្នុង វគ្គបណ្តុះបណ្តាលស្តីពីផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្តនាពេលនេះ សំដៅលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់ខ្លួនឲ្យបានជាអតិបរមាក្នុង ក្នុងគោលបំណងបន្តផ្តល់ចំណេះដឹងដែលទទួលបានទាំងនោះ ឲ្យបានគ្រប់ ជ្រុងជ្រោយ ជាពិសេស ចំពោះ អភិបាលរងដែលកំពុងចូលរួម នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលនឹងក្លាយជាអ្នកដែលមានតួនាទី សំខាន់នៅក្នុងការផ្តល់ការគាំទ្រដោយផ្ទាល់ដល់ក្រុមប្រឹក្សា និងថ្នាក់ដឹកនាំដ៏ទៃទៀត ព្រមទាំង អ្នកដែលមានតួនាទីសំខាន់ ក្នុងការរៀបចំសិក្ខាសាលា រយៈពេល០១ថ្ងៃ សម្រាប់ក្រុមគោលដៅជាសមាជិកក្រុមប្រឹក្សា និងមន្ត្រីជាន់ខ្ពស់នៅតាមមូលដ្ឋាន រៀងៗខ្លួន ពាក់ព័ន្ធនឹងការកសាង និងគ្រប់គ្រងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។

ពាក់ព័ន្ធនឹងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីធានាឲ្យការរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅ តាមមូលដ្ឋាននីមួយៗ អាចចាប់ផ្តើមបានឆាប់រហ័ស ឯកឧត្តម លេង វី បានស្នើដល់សិក្ខាកាម នៅពេលត្រលប់ទៅវិញ ត្រូវខិតខំ រៀបចំអនុវត្តឲ្យបានយ៉ាងយូរក្នុងរយៈពេល២សប្ដាហ៍ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ រួមទាំងការរៀបចំសិក្ខាសាលា រយៈពេល ១ថ្ងៃផង ដោយត្រូវផ្តល់ព័ត៌មានអំពីកាលបរិច្ឆេទ ជាក់លាក់សម្រាប់រៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា មកលេខាធិការដ្ឋាន គ.ជ.អ.ប (គម្រោង PILAC 2) ឲ្យបានឆាប់កុំបីខាន។

វគ្គបណ្តុះបណ្តាលនេះ មានប្រធានបទសំខាន់ៗ ដូចជា៖
•    សេចក្តីណែនាំសម្រាប់គ្រូឧទ្ទេស
•    ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
•    ដំណើរការកសាងផែនការអភិវឌ្ឍន៍រាជធានី ខេត្ត
•    ដើមឈើបញ្ហា និងដើមឈើដំណោះស្រាយ
•    ប្រតិទិនការកសាងផែនការអភិវឌ្ឍន៍
•    ការវិភាគចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង (SWOT)
•    គោលការណ៍ណែនាំផ្នែកគោលនយោបាយរាជធានី ខេត្ត
•    វិធីសាស្ត្រដាក់ពិន្ទុ
•    ដំណើរការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការអភិវឌ្ឍន៍ប្រាំឆ្នាំរាជធានី ខេត្ត
•    តារាងវិភាគស្ថានការណ៍
•    តារាងក្របខ័ណ្ឌអភិវឌ្ឍន៍រាជធានី ខេត្ត
•    ទម្រង់សៀវភៅផែនការអភិវឌ្ឍន៍
•    ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត
•    ការរៀបចំតារាងសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត
•    វិធីសាស្ត្រផេអូហ្វម៉ាទ្រីស (Pay-Off Matrix)
•    ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត
•    ទម្រង់សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត

 

ទាញយក សម្លេង និង សុន្ទរកថា ឯកឧត្តម លេង វី

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់