វគ្គបណ្តុះបណ្តាលស្តីពីប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សា ស្រុកថ្មគោល ខេត្តបាត់ដំបង

ថ្មគោល-បាត់ដំបង ២០ មិថុនា ២០១៤៖ អង្គការក្រុមទ្រទ្រង់ភូមិ (VSG) បានបើកវគ្គបណ្តុះបណ្តាល រយៈពេលពីរថ្ងៃ នៅថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០១៤  ស្តីពីប័ណ្ណដាក់ពិន្ទុសហគមន៍ លើការបំពេញការងារ របស់ក្រុមប្រឹក្សាស្រុកថ្មគោល…


ថ្មគោល-បាត់ដំបង ២០ មិថុនា ២០១៤៖ អង្គការក្រុមទ្រទ្រង់ភូមិ (VSG) បានបើកវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ នៅថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០១៤  ស្តីពីប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាស្រុកថ្មគោល ខេត្តបាត់ដំបង នៃគម្រោងលើកកំពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (PROCEED)  តាមរយៈអង្គការ Pact-Cambodia  នៅសាលប្រជុំសាលាស្រុកថ្មគោល ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីឲ្យក្រុមប្រឹក្សា និងគណៈអភិបាលស្រុក មន្ត្រីការិយាល័យជុំវិញស្រុក និងអង្គការសហគមន៍មូលដ្ឋានអាច (១). រៀបរាប់ពីគោលគំនិតនៃដំណើរការ និងរបៀបដាក់ពិន្ទុលើបញ្ជីសំណួរនៃប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងារ និងសេវារបស់ក្រុមប្រឹក្សាស្រុក (២). សម្របសម្រួលដំណើរការប័ណ្ណដាក់ពិន្ទុសហគមន៍។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព អភិបាលរងខេត្តបាត់ដំបង តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប និងប្រធានក្រុមប្រឹក្សាស្រុកថ្មគោល និងមានការចូលរួមពីតំណាងមន្ទីរផែនការ សមាជិកក្រុមប្រឹក្សាស្រុកថ្មគោល គណៈអភិបាលស្រុកថ្មគោល ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ អធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក មន្រ្តីសាលាស្រុក ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្តនិងស្រុក មន្ត្រីសម្របសម្រួលក្រុមប្រឹក្សាស្រុក អភិបាល-ប្រធានក្រុមប្រឹក្សា-និងនាយករដ្ឋបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម តំណាងអង្គការ Pact-Cambodia ព្រះសង្ឃ តំណាងយុវជន អង្គការសហគមន៍មូលដ្ឋាន សរុបចំនួន ៨៣ អង្គ និងនាក់។

លោកស្រី រស់ ឆវីវណ្ណ នាយិកាប្រតិបត្តិអង្គការក្រុមទ្រទ្រង់ភូមិ (VSG) ដែលជាអ្នករៀបចំវគ្គបណ្តុះបណ្តាលនេះឡើងបានថ្លែងថា ប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាស្រុកថ្មគោលនេះគឺជាយុទ្ធសាស្ត្រ ដែលពង្រឹងភាពអង់អាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ កុមារ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់ការផ្តល់ព័ត៌មាន និងការចូលរួមពិនិត្យ តាមដានការងារថវិកា និងការបំពេញការងាររបស់ក្រុមប្រឹក្សាស្រុក ដែលជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តពាក់ព័ន្ធទៅនឹងសិទ្ធិ បទប្បញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋាន។

ប័ណ្ណដាក់ពិន្ទុសហគមន៍ គឺជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីគណនេយ្យភាពសង្គម ដែលបានអនុម័តដោយ គ.ជ.អ.ប កាលពីខែកក្កដា ឆ្នាំ២០១៣។ បច្ចុប្បន្ន ផែនការសកម្មភាពលម្អិតសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រនោះ បាននិងកំពុងរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប រួមជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលមួយចំនួន។

នៅក្នុងពិធីបើកឲ្យដំណើរការនៃវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ងួន រតនៈ អភិបាលរងខេត្តបាត់ដំបង មានប្រសាសន៍ថា ប័ណ្ណដាក់ពិន្ទុសហគមន៍គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចឆ្លុះបញ្ចាំងគ្នាទៅវិញទៅមកនៅក្នុងការផ្តល់សេវាសាធារណៈ របស់ក្រុមប្រឹក្សាស្រុក ដែលទទួលបានសិទ្ធិអំណាចហើយ តើនឹងត្រូវទទួលខុសត្រូវយ៉ាងដូចម្តេចខ្លះ ដែលក្នុងនោះប្រជាពលរដ្ឋសុំឲ្យមានការដឹកនាំឲ្យបានត្រឹមត្រូវ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង ច្បាប់រៀបចំអង្គការ ឬនីតិវិធីដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យ។  ម៉្យាងទៀត វាក៏ជារូបមន្តសម្រាប់ធ្វើការទិតៀនអំពីការផ្តល់សេវា ការផ្តល់ព័ត៌មាន ការរៀបចំផែនការ ថវិកា ព្រោះសហគមន៍មូលដ្ឋាននឹងបានដឹង ថាតើគម្រោងធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យការផ្តល់សេវាកាន់តែប្រសើរឡើងពីមួយអាណត្តិទៅមួយអាណត្តិ សំដៅពង្រឹង កែលំអប្រព័ន្ធគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។

នៅក្នុងផែនការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គម មានបួនសមាសភាព៖ (១). ភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា (២).ការត្រួតពិនិត្យតាមដានរបស់ប្រជាពលរដ្ឋ (៣). ការសម្របសម្រួល និងការពង្រឹងសមត្ថភាព (៤). ការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។

លោក ជេដ្ឋ គីមជុង ប្រធានការិយាល័យទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ដែលតំណាងឲ្យឯកឧត្តម ជាម ប៉េអា អគ្គនាយរងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានថ្លែងថា ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមមានពីរផ្នែកគឺ៖ ផ្នែកផ្គត់ផ្គង់ (Supply side) និងផ្នែកតម្រូវការ (Demand side)។ ផ្នែកផ្គត់ផ្គង់រួមមាន៖ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្នាក់ស្រុកចំនួន១២០ (ក្រុមប្រឹក្សា រដ្ឋបាល ការិយាល័យជំនាញ) និងថ្នាក់ឃុំ (រដ្ឋបាល សាលារៀន មណ្ឌលសុខភាព)។ ចំណែកឯផ្នែកតម្រូវការវិញរួមមាន៖ ប្រជាពលរដ្ឋ (អ្នកប្រើប្រាស់សេវា) អ្នកសម្របសម្រួលគណនេយ្យភាព អង្គការNGOsនៅមូលដ្ឋាន អង្គការដៃគូអនុវត្ត អង្គការដៃគូបណ្តុះបណ្តាល អង្គការដៃគូសិក្សាបទពិសោធន៍ និងផ្នែកសម្របសម្រួលនៅថ្នាក់ជាតិ។

លោក ជេដ្ឋ គីមជុង បានថ្លែងថា នៅថ្នាក់ស្រុកគឺត្រូវការជំនួយថវិកាសម្រាប់បោះពុម្ពផ្ទាំងព័ត៌មាន និងប័ណ្ណព័ត៌មានស្របទៅតាមគំរូណែនាំពី គ.ជ.អ.ប សម្រាប់ផ្តល់ដល់គ្រប់ឃុំទាំងអស់ និងការគាំទ្របច្ចេកទេសសម្រាប់កិច្ចការចុះតាមដានការអនុវត្តការងារនៅថ្នាក់ឃុំផងដែរ។ «ចំពោះការវាយតម្លៃការផ្តល់សេវាវិញ យើងនឹងបន្តអនុវត្តនៅពេលណាដែលមានការផ្ទេរមុខងារជូនរដ្ឋបាលថ្នាក់ស្រុកបានរួចរាល់ ព្រោះថានៅពេលនោះ ទើបយើងបានដឹងច្បាស់ថា តើមានសេវាកម្មអ្វីខ្លះ ដែលថ្នាក់ស្រុកត្រូវផ្តល់ជូនប្រជាពលរដ្ឋ។ បច្ចុប្បន្ន គ.ជ.អ.ប បាននិងកំពុងជំរុញឲ្យមានការផ្ទេរមុខងារសាកល្បងមួយចំនួនដល់ថ្នាក់ស្រុកផងដែរ»។

ដោយឡែកនៅថ្នាក់ឃុំវិញ លោក ជេដ្ឋ គីមជុង ថ្លែងថា ឃុំត្រូវការជំនួយបច្ចេកទេស និងថវិកាសម្រាប់រៀបចំកិច្ចប្រជុំរួមគ្នារវាងសាលាឃុំ សាលារៀន និងមណ្ឌលសុខភាព ជាមួយប្រជាពលរដ្ឋ ដើម្បីពិនិត្យមើលលទ្ធភាពប័ណ្ណដាក់ពិន្ទុលើសេវាកម្មដែលបានធ្វើឡើងដោយប្រជាពលរដ្ឋ និងរៀបចំជាផែនការ សកម្មភាពរួមគ្នាមួយ។ «ប្រសិនបើគ្មានការប្រជុំរួមគ្នា និងមិនបានរៀបចំផែនការរួមគ្មា លទ្ធផលនៃប័ណ្ណដាក់ពិន្ទុក៏ពុំសូវជាមានសារៈសំខាន់ប៉ុន្មានដែរ។ ម៉្យាងវិញទៀត បើគ្មានការតាមដានទៅលើការអនុវត្តផែនការសកម្មភាពរួមគ្នា ដែលបានដាក់ចេញមក យើងក៏មិនអាចដឹងថា មានអ្វីខ្លះដែលបានកែសម្រួលនោះឡើយ»។

អង្គការ Pact-Cambodia និងអង្គការទ្រទ្រង់ភូមិ បានផ្តួចផ្តើមរៀបចំឧបករណ៍ដាក់ពិន្ទុនេះ និងបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែលមានរដ្ឋបាលស្រុក និងអង្គការសហគមន៍មូលដ្ឋានជាអ្នកអនុវត្តបន្តនៅមូលដ្ឋាន។
លោក អ៊ូច អ៊ាង ប្រធានក្រុមប្រឹក្សាស្រុកថ្មគោល ក៏បានថ្លែងអំពីសារៈសំខាន់នៃប័ណ្ណដាក់ពិន្ទុសហគមន៍នេះផងដែរ។ លោកថ្លែងថា ប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាក្រុងនេះ គឺជាឧបករណ៍សម្រាប់ឆ្លុះបញ្ចាំងលើការបំពេញតួនាទី ការទទួលខុសត្រូវ និងការផ្តល់សេវារបស់ក្រុមប្រឹក្សា ដោយមានការចូលរួមពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។ ឧបករណ៍នេះមានសារៈសំខាន់ ពីព្រោះលទ្ធផលនៃការឆ្លុះបញ្ចាំងនេះ នឹងអាចជួយធ្វើការកែលម្អលើការគ្រប់គ្រងរដ្ឋបាលស្រុក និងផ្តល់សេវាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក ដើម្បីឆ្លើយតបទៅនឹងបញ្ហា ក្តីកង្វល់ និងសេចក្តីត្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព  និងការចូលរួម។

ប័ណ្ណដាក់ពិន្ទុសហគមន៍នេះ នឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បញ្ចេញមតិ យោបល់ រិះគន់ និងត្រួតពិនិត្យ តាមដានការអនុវត្តការងាររបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលជាប់ឆ្នោត។ 

លោក សេក រដ្ឋា មន្ត្រីកម្មវិធីជាន់ខ្ពស់អង្គការ Pact-Cambodia ថ្លែងថា ការអនុវត្ត

ប័ណ្ណដាក់ពិន្ទុសហគមន៍អាចប្រព្រឹត្តទៅបាន លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ

សហគមន៍មូលដ្ឋាន ក្នុងកាផ្តល់ជាគំនិត យោបល់ ដើម្បីធ្វើឲ្យក្រុមប្រឹក្សាមានឱកាស

ក្នុងការកែលំអនូវគុណភាពសេវារបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។

ការអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គម  នឹងជួយជំរុញការអនុវត្ត

កិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឲ្យកាន់

តែមានប្រសិទ្ធភាព។

បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះសិក្ខាកាមទាំងអស់នឹងអាចយល់ដឹងបានអំពីរបៀបនៃការបំពេញប័ណ្ឌដាក់ពិន្ទុបានយ៉ាងត្រឹមត្រូវ ផ្អែកតាមការវិនិច្ឆ័យមួយជាក់លាក់ទៅលើការបំពេញការងាររបស់ក្រុមប្រឹក្សាស្រុក ហើយនឹងយល់ច្បាស់ថាតើលទ្ធផលនៃការដាក់ពិន្ទុនោះត្រូវយកទៅធ្វើអ្វីទៀត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់