វគ្គបណ្តុះបណ្តាល ស្តីពីប័ណ្ណដាក់ពិន្ទុសហគមន៍ លើការបំពេញការងារ របស់ក្រុមប្រឹក្សា ក្រុងសែនមនោរម្យ ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋ

ក្រុងសែនមនោរម្យ-មណ្ឌលគិរី ១៧ កក្កដា ២០១៤៖ អង្គការភូមិខ្ញុំ និងអង្គការ Pact បានបើកវគ្គបណ្តុះ  បណ្តាលរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៦-១៧ ខែកក្កដា ២០១៤  ស្តីពីប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាក្រុង នៃគម្រោងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង…

ក្រុងសែនមនោរម្យ-មណ្ឌលគិរី ១៧ កក្កដា ២០១៤៖ អង្គការភូមិខ្ញុំ និងអង្គការ Pact បានបើកវគ្គបណ្តុះ  បណ្តាលរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៦-១៧ ខែកក្កដា ២០១៤  ស្តីពីប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាក្រុង នៃគម្រោងលើកកម្ពស់ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (PROCEED)  ដែលប្រព្រឹត្តទៅ នៅសាលប្រជុំ សាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីឲ្យក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង មន្ត្រីការិយាល័យជុំវិញក្រុង ក្រុមការងារចម្រុះគណនេយ្យភាព និងអង្គការសហគមន៍មូលដ្ឋាន (CBO) អាច (១).រៀបរាប់ពីគោលគំនិតនៃដំណើរការ និងរបៀបដាក់ពិន្ទុលើបញ្ជីសំណួរនៃប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងារ និងការផ្តល់សេវារបស់ក្រុមប្រឹក្សាក្រុង (២). សម្របសម្រួលដំណើរការប័ណ្ណដាក់ពិន្ទុសហគមន៍។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី៖ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ប្រធានក្រុមប្រឹក្សាខេត្ត  ប្រធាន សមាជិក ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីកម្មវិធីអភិបាលកិច្ចមូលដ្ឋានក្រសួងមហាផ្ទៃ មន្រ្តីសាលា ស្រុកពេជ្រាដា ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ស្រុក មន្ត្រីសម្របសម្រួលទីប្រឹក្សាក្រុង តំណាងយុវជន អង្គការសហគមន៍មូលដ្ឋាន សរុបចំនួន ៤១ នាក់ (ស្រ្តី១១នាក់)។

ប័ណ្ណដាក់ពិន្ទុសហគមន៍នេះ គឺជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីគណនេយ្យភាពសង្គម ដែលបានអនុម័ត ដោយរាជរដ្ឋាភិបាល កាលពីខែកក្កដា ឆ្នាំ២០១៣។ បច្ចុប្បន្ន ផែនការសកម្មភាពលម្អិតសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រនោះ បានរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប រួមជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលមួយចំនួន។

មានសមាសភាពបួន នៅក្នុងផែនការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គម៖ (១).ភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា (២).ការត្រួតពិនិត្យតាមដានរបស់ប្រជាពលរដ្ឋ (៣). ការសម្របសម្រួល និងការពង្រឹងសមត្ថភាព (៤).ការប្រមូលមេរៀនបទពិសោធន៍ការអនុវត្តល្អ និងការត្រួតពិនិត្យតាមដាន។

លោក គង់ ពិសិទ្ធិ តំណាងក្រុមប្រឹក្សាក្រុងសែនមនោរម្យ បានថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលនេះថា ប័ណ្ណដាក់ពិន្ទុសហគមន៍ លើការបំពេញការងាររបស់ក្រុមប្រឹក្សាក្រុងនេះ គឺជាឧបករណ៍សម្រាប់ឆ្លុះបញ្ចាំងលើការបំពេញតួនាទី ការទទួលខុសត្រូវ និងការផ្តល់សេវារបស់ក្រុមប្រឹក្សា ដោយមានការចូលរួមពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ពីព្រោះលទ្ធផលនៃការឆ្លុះបញ្ចាំងនេះ នឹងអាចជួយធ្វើការកែលម្អលើការគ្រប់គ្រងរដ្ឋបាលក្រុង និងផ្តល់សេវាសាធារណៈរបស់ក្រុមប្រឹក្សាក្រុង ដើម្បីឆ្លើយតបទៅនឹងបញ្ហា ក្តីកង្វល់ និងសេចក្តីត្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព។

ការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីគណនេយ្យភាពសង្គមនេះអាចឲ្យប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ធ្វើការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ផែនការយុទ្ធសាស្ត្រស្តីពីគណនេយ្យភាពសង្គម បច្ចុប្បន្ននេះ ត្រូវបាន អនុវត្តដោយ រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីធ្វើការកែលម្អការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ អោយកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម យ៉ា រ៉ាន់ច័ន្ទ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានមានប្រសាសន៍ នៅក្នុងវគ្គបណ្តុះបណ្តាលនេះថា ការអនុវត្តផែនការ យុទ្ធសាស្ត្រគណនេយ្យភាពសង្គមគឺផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍ និងពិនិត្យ តាមដាន លើការបំពេញតួនាទី ភារកិច្ច និងរបស់ក្រុមប្រឹក្សាក្រុង មន្ត្រីរដ្ឋបាល និងអ្នកផ្ដល់សេវានានានៅមូលដ្ឋាន។ ការអនុវត្ត ផែនការយុទ្ធសាស្ត្រការងារគណនេយ្យភាពសង្គម នឹងជួយជំរុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ឋ អំពីការផ្តល់សេវាជូនប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាក្រុង ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងកិច្ចដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមបានស្នើដល់អង្គការផេក បន្តសហការជួយការងារគណនេយ្យភាពសង្គម តាមរយៈការពង្រឹងសមត្ថភាពអង្គការដៃគូរនានា នៅមូលដ្ឋាន និងជួយគាំទ្រអង្គការសម្របសម្រួលគណនេយ្យភាពសហគមន៍ ឱ្យបានគ្រប់សង្កាត់ នៅក្នុងក្រុងសែនមនោរម្យ ដើម្បី ងាយស្រួលអនុវត្តសកម្មភាពបានរលូន និងមានប្រសិទ្ធភាព។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាម នឹងអាចយល់ដឹងបានអំពីរបៀបនៃការបំពេញប័ណ្ណដាក់ពិន្ទុបានយ៉ាងត្រឹមត្រូវ ផ្អែកតាមការវិនិច្ឆ័យមួយជាក់លាក់ទៅលើការបំពេញការងាររបស់ក្រុមប្រឹក្សាក្រុង ហើយនឹងយល់ច្បាស់ ថាតើលទ្ធផល នៃការដាក់ពិន្ទុនោះត្រូវយកទៅធ្វើផែនការបន្តទៀត។

គួរបញ្ជាក់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមមានពីរផ្នែកគឺ៖ ផ្នែកផ្គត់ផ្គង់ (Supply side) និងផ្នែកតម្រូវការ (Demand side)។ ផ្នែកផ្គត់ផ្គង់រួមមាន៖ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្នាក់ស្រុកចំនួន១២០ (ក្រុមប្រឹក្សា រដ្ឋបាល ការិយាល័យជំនាញ) និងថ្នាក់ឃុំ (រដ្ឋបាល សាលារៀន មណ្ឌលសុខភាព)។ ចំណែកឯផ្នែកតម្រូវការវិញរួមមាន៖ ប្រជាពលរដ្ឋ (អ្នកប្រើប្រាស់សេវា) អ្នកសម្របសម្រួលគណនេយ្យភាព អង្គការ NGOs នៅមូលដ្ឋាន អង្គការដៃគូអនុវត្ត អង្គការដៃគូបណ្តុះបណ្តាល អង្គការដៃគូ សិក្សាបទពិសោធន៍ និងផ្នែកសម្របសម្រួលនៅថ្នាក់ជាតិ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា ថ្នាក់ស្រុកត្រូវការ ជំនួយថវិកា សម្រាប់បោះពុម្ពផ្ទាំងព័ត៌មាន និងប័ណ្ណព័ត៌មានប្រជាពលរដ្ឋ (I4Cs) ស្របទៅតាមគំរូណែនាំពី គ.ជ.អ.ប សម្រាប់ផ្តល់ដល់គ្រប់ឃុំទាំងអស់ និងការគាំទ្របច្ចេកទេសសម្រាប់កិច្ចការចុះតាមដានការអនុវត្តការងារនៅថ្នាក់ឃុំផងដែរ។ «ចំពោះការវាយតម្លៃការផ្តល់សេវាវិញ យើងនឹងបន្តអនុវត្តនៅពេលណាដែលមានការផ្ទេរមុខងារជូនរដ្ឋបាលថ្នាក់ស្រុកបានរួចរាល់ ព្រោះថានៅពេលនោះ ទើបយើងបានដឹងច្បាស់ថា តើមានសេវាកម្មអ្វីខ្លះ ដែលថ្នាក់ស្រុកត្រូវផ្តល់ជូនប្រជាពលរដ្ឋ។ បច្ចុប្បន្ន គ.ជ.អ.ប ធ្វើការសម្របសម្រួលជាមួយក្រសួងមួយចំនួន ដើម្បីជំរុញឲ្យមានការផ្ទេរមុខងារសាកល្បងមួយចំនួន ដល់ថ្នាក់ស្រុក ក្នុងឆ្នាំ២០១៤ នេះផងដែរ»។

សម្រាប់ថ្នាក់ឃុំវិញ ឯកឧត្តម ជាម ប៉េអា បញ្ជាក់ថា ឃុំត្រូវការជំនួយបច្ចេកទេស និងថវិកាសម្រាប់រៀបចំកិច្ចប្រជុំរួមគ្នារវាងសាលាឃុំ សាលារៀន និងមណ្ឌលសុខភាព ជាមួយប្រជាពលរដ្ឋ ដើម្បីពិនិត្យមើលលទ្ធភាពប័ណ្ណដាក់ពិន្ទុលើសេវាកម្ម ដែលបានធ្វើឡើង ដោយប្រជាពលរដ្ឋ និងរៀបចំជាផែនការ សកម្មភាពរួមគ្នាមួយ។ «ប្រសិនបើគ្មានការប្រជុំរួមគ្នា និងមិនបានរៀបចំផែនការរួមគ្នា លទ្ធផលនៃប័ណ្ណដាក់ពិន្ទុក៏ពុំសូវជាមានសារៈសំខាន់ប៉ុន្មានដែរ។ ម៉្យាងវិញទៀត បើគ្មានការតាមដានទៅលើការអនុវត្តផែនការ សកម្មភាពរួមគ្នា ដែលបានដាក់ចេញមក យើងក៏មិនអាចដឹងថា មានអ្វីខ្លះដែលបានកែសម្រួលនោះឡើយ»។ 

ឯកឧត្តម ជាម ប៉េអា បានបញ្ជាក់បន្ថែមថា លេខាធិការដ្ឋាន គ.ជ.អ.ប បានឯកភាព លើសំណើនៃការរៀបចំផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅក្នុងដំណាក់កាលដំបូងថ្នាក់ស្រុកក្នុងឆ្នាំ២០១៤ សរុបចំនួន២០ស្រុក និងថ្នាក់ឃុំ ដែលស្ថិតក្នុងស្រុកទាំង២០នោះ នៅក្នុងខេត្តចំនួន១១ ដែលគ្របដណ្តប់ឃុំចំនួន១៥៨ ឃុំ។ តាមផែនការយុទ្ធសាស្រ្តនេះ ថ្នាក់រដ្ឋបាលឃុំ សាលារៀន និងមណ្ឌលសុខភាព នឹងត្រូវផ្តល់ព័ត៌មានអំពីស្តង់ដារនៃការផ្តល់សេវារបស់ខ្លួន អំពីថវិកាចំណូលចំណាយដែលខ្លួនមាន ចំពោះប្រជាពលរដ្ឋ ដើម្បីអោយប្រជាពលរដ្ឋមានមូលដ្ឋាន សម្រាប់ធ្វើការវាយតម្លៃ អំពីកម្រិតនៃការផ្តល់សេវាកម្មទាំងនោះ តាមរយៈប័ណ្ណដាក់ពិន្ទុ ដែលយើងទាំងអស់គ្នា នឹងរៀនសូត្រនាពេលនេះ។

ឯកឧត្តម បន្តថា បច្ចុប្បន្ន លេខាធិការដ្ឋានគ.ជ.អ.ប បាននឹង កំពុងរៀបចំផ្ទាំងព័ត៌មាននិងប័ណ្ណព័ត៌មានគំរូទាក់ទង នឹងសេវាអប់រំ (សាលារៀន) សេវាសុខភាព (មណ្ឌលសុខភាព) និងសេវារដ្ឋបាល (សាលាឃុំផ្តល់លិខិតអត្រានុកូលដ្ឋាន)។ ផ្ទាំងព័ត៌មាន និងប័ណ្ណព័ត៌មានទាំងនោះ នឹងត្រូវផ្តល់ជូនឃុំទាំង១៥៨ ឃុំ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ធ្វើការវាយតម្លៃគុណភាព នៃការផ្តល់សេវាទាំងនោះ។ ចំពោះប្រជាពលរដ្ឋ (ដែលជាផ្នែកតម្រូវការ ជាអ្នកប្រើប្រាស់សេវាទាំងនោះ)  បន្ទាប់ពីបាន ប្រើប្រាស់សេវាទាំងអស់នោះ នឹងត្រូវធ្វើការវាយតម្លៃចំពោះគុណភាពនៃការផ្តល់សេវាទាំងនោះ។ មានវិធីសាស្រ្តជាច្រើន ដែលគេបានប្រើប្រាស់ សម្រាប់ធ្វើការវាយតម្លៃសេវាកម្ម ដូចជា កន្លងមក យើងមានរៀបចំធ្វើវេទិកាក្រុមប្រឹក្សា ដើម្បីផ្តល់យោបល់ ត្រឡប់វិញជាដើម។

ឯកឧត្តមថ្លែងដូច្នេះថា៖ «ប៉ុន្តែ ខ្ញុំយល់ថា វិធីសាស្រវាយតម្លៃតាមរយៈប័ណ្ណដាក់ពិន្ទុរបស់ប្រជាពលរដ្ឋ គឺជាវិធីសាស្រ្តមួយ ដែលមាន ភាពងាយស្រួល។ យ៉ាងណា កិច្ចការទាំងនេះ ត្រូវមានអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ និងការជួយគាំទ្រពី អង្គការ សង្គមស៊ីវិលនានា ដើម្បីឲ្យការវាយតម្លៃនេះមានសុក្រិតភាព និងអាចផ្តល់ជាព័ត៌មាន ត្រឡប់ទៅអ្នកផ្គត់ផ្គងវិញ មានដូចជាៈ សាលារៀន មណ្ឌលសុខភាព និង សាលាឃុំ ដើម្បីកែលម្អសេវាទាំងនោះ ឱ្យបានកាន់តែប្រសើរឡើង ព្រោះថា លទ្ធផល នៃប័ណ្ណដាក់ពិន្ទុ នឹងត្រូវយកទៅពិនិត្យរួមគ្នា និងរៀបចំផែនការសកម្មភាពសម្រាប់កែលម្អសេវាកម្មទាំងនោះ តាមរយៈកិច្ចប្រជុំរួមគ្នា និងព្រមព្រៀងទៅលើផែនការសកម្មភាព គណនេយ្យភាពរួមគ្នាមួយផងដែរ»។

គួរបញ្ជាក់ថា អង្គការ Pact Cambodia សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានអនុវត្តវិធីសាស្រ្តប័ណ្ណដាក់ពិន្ទុសហគមន៍ លើការបំពេញការងាររបស់ក្រុមប្រឹក្សាក្រុង ស្រុក នៅក្នុងខេត្តចំនួន៤ គឺខេត្តមណ្ឌលគីរី មានក្រុងសែនមនោរម្យ និងស្រុកពេជ្រាដា ខេត្តពោធិ៍សាត់ មានក្រុងពោធិ៍សាត់ និងស្រុកក្រគរ ខេត្តកំពង់ចាម មានស្រុកព្រៃឈរ ខេត្តបាត់ដំបងមានក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកថ្មគោល  ក្រោមគម្រោងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ហៅកាត់ថា PROCEED៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់