វគ្គបណ្តុះបណ្តាល​ស្តីពី​ប័ណ្ណ​ដាក់​ពិន្ទុ​សហគមន៍លើការ​បំពេញ​ការងារ របស់​ក្រុមប្រឹក្សា​ស្រុកក្រគរ

ក្រគរ-ពោធិ៍សាត់ ៣០ ឧសភា ២០១៤៖ អង្គការអនាគតកុមារ និងអង្គការ Pact បានបើកវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ នៅថ្ងៃទី២៩-៣០ ខែឧសភា ២០១៤  ស្តីពីប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សា

ក្រគរ ពោធិ៍សាត់ ៣០ ឧសភា ២០១៤៖ អង្គការអនាគតកុមារ និងអង្គការ Pact បានបើកវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ នៅថ្ងៃទី២៩-៣០ ខែឧសភា ២០១៤  ស្តីពីប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាស្រុកក្រគរ នៃគម្រោងលើកកំពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (PROCEED)  ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់។ 

 

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីឲ្យក្រុមប្រឹក្សា និងគណៈអភិបាលស្រុក មន្ត្រីការិយាល័យជុំវិញស្រុក និងអង្គការសហគមន៍មូលដ្ឋានអាច (១). រៀបរាប់ពីគោលគំនិតនៃដំណើរការ និងរបៀបដាក់ពិន្ទុលើបញ្ជីសំណួរនៃប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងារ និងសេវារបស់ក្រុមប្រឹក្សាស្រុក (២). សម្របសម្រួលដំណើរការប័ណ្ណដាក់ពិន្ទុសហគមន៍។

 

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក អភិបាលនិងគណៈអភិបាលស្រុក ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ មន្ត្រីកម្មវិធីអភិបាលកិច្ចមូលដ្ឋានក្រសួងមហាផ្ទៃ មន្រ្តីសាលាស្រុក ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ស្រុក មន្ត្រីសម្របសម្រួលទីប្រឹក្សាស្រុក ព្រះសង្ឃ តំណាងយុវជន អង្គការសហគមន៍មូលដ្ឋាន និងអង្គការភូមិខ្ញុំ ខេត្តមណ្ឌគីរី សរុបចំនួន ៨៣ នាក់ និងអង្គ។

 

ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះសិក្ខាកាមទាំងអស់នឹងអាចយល់ដឹងបានអំពីរបៀបនៃការបំពេញប័ណ្ណដាក់ពិន្ទុបានយ៉ាងត្រឹមត្រូវ ផ្អែកតាមការវិនិច្ឆ័យមួយជាក់លាក់ទៅលើការបំពេញការងាររបស់ក្រុមប្រឹក្សាស្រុក ហើយនឹងយល់ច្បាស់ថាតើលទ្ធផលនៃការដាក់ពិន្ទុនោះត្រូវយកទៅធ្វើអ្វីទៀត។

 

ឯកឧត្តម បន្តថា ប័ណ្ណដាក់ពិន្ទុសហគមន៍នេះ គឺជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីគណនេយ្យភាពសង្គម ដែលបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែកក្កដា ឆ្នាំ២០១៣។ បច្ចុប្បន្ន ផែនការសកម្មភាពលម្អិតសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រនោះ បាននិងកំពុងរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប រួមជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលមួយចំនួន។ 

 

ផែនការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គមមានបួនសមាសភាព៖ (១). ភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា (២).ការត្រួតពិនិត្យតាមដានរបស់ប្រជាពលរដ្ឋ (៣). ការសម្របសម្រួល និងការពង្រឹងសមត្ថភាព (៤). ការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។ 

 

ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមមានពីរផ្នែកគឺ៖ ផ្នែកផ្គត់ផ្គង់ (Supply side) និងផ្នែកតម្រូវការ (Demand side)។ ផ្នែកផ្គត់ផ្គង់រួមមាន៖ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្នាក់ស្រុកចំនួន១២០ (ក្រុមប្រឹក្សា រដ្ឋបាល ការិយាល័យជំនាញ) និងថ្នាក់ឃុំ (រដ្ឋបាល សាលារៀន មណ្ឌលសុខភាព)។ ចំណែកឯផ្នែកតម្រូវការវិញរួមមាន៖ ប្រជាពលរដ្ឋ (អ្នកប្រើប្រាស់សេវា) អ្នកសម្របសម្រួលគណនេយ្យភាព អង្គការNGOsនៅមូលដ្ឋាន អង្គការដៃគូអនុវត្ត អង្គការដៃគូបណ្តុះបណ្តាល អង្គការដៃគូសិក្សាបទពិសោធន៍ និងផ្នែកសម្របសម្រួលនៅថ្នាក់ជាតិ។ 

 

ឯកឧត្តម ជាម ប៉េអា បានថ្លែងថា នៅថ្នាក់ស្រុកគឺត្រូវការជំនួយថវិកាសម្រាប់បោះពុម្ពផ្ទាំងព័ត៌មាន និងប័ណ្ណព័ត៌មានស្របទៅតាមគំរូណែនាំពី គ.ជ.អ.ប សម្រាប់ផ្តល់ដល់គ្រប់ឃុំទាំងអស់ និងការគាំទ្របច្ចេកទេសសម្រាប់កិច្ចការចុះតាមដានការអនុវត្តការងារនៅថ្នាក់ឃុំផងដែរ។ «ចំពោះការវាយតម្លៃការផ្តល់សេវាវិញ យើងនឹងបន្តអនុវត្តនៅពេលណាដែលមានការផ្ទេរមុខងារជូនរដ្ឋបាលថ្នាក់ស្រុកបានរួចរាល់ ព្រោះថានៅពេលនោះ ទើបយើងបានដឹងច្បាស់ថា តើមានសេវាកម្មអ្វីខ្លះ ដែលថ្នាក់ស្រុកត្រូវផ្តល់ជូនប្រជាពលរដ្ឋ។ បច្ចុប្បន្ន គ.ជ.អ.ប បាននិងកំពុងជំរុញឲ្យមានការផ្ទេរមុខងារសាកល្បងមួយចំនួនដល់ថ្នាក់ស្រុកផងដែរ»។ 

 

ដោយឡែកនៅថ្នាក់ឃុំវិញ ឯកឧត្តម ជាម ប៉េអា ថ្លែងថា ឃុំត្រូវការជំនួយបច្ចេកទេស និងថវិកាសម្រាប់រៀបចំកិច្ចប្រជុំរួមគ្នារវាងសាលាឃុំ សាលារៀន និងមណ្ឌលសុខភាព ជាមួយប្រជាពលរដ្ឋ ដើម្បីពិនិត្យមើលលទ្ធភាពប័ណ្ណដាក់ពិន្ទុលើសេវាកម្មដែលបានធ្វើឡើងដោយប្រជាពលរដ្ឋ និងរៀបចំជាផែនការ សកម្មភាពរួមគ្នាមួយ។ «ប្រសិនបើគ្មានការប្រជុំរួមគ្នា និងមិនបានរៀបចំផែនការរួមគ្មា លទ្ធផលនៃប័ណ្ណដាក់ពិន្ទុក៏ពុំសូវជាមានសារៈសំខាន់ប៉ុន្មានដែរ។ ម៉្យាងវិញទៀត បើគ្មានការតាមដានទៅលើការអនុវត្តផែនការសកម្មភាពរួមគ្នា ដែលបានដាក់ចេញមក យើងក៏មិនអាចដឹងថា មានអ្វីខ្លះដែលបានកែសម្រួលនោះឡើយ»។ 

 

ឯកឧត្តម ម៉ក់ រ៉ា អភិបាលរងខេត្តពោធិ៍សាត់ ក៏បានថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលនោះថា ផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមគឺផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋនិងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍ និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្ដល់សេវាកម្មនានា ដែលជាអ្នកអនុវត្តសេចក្ដីសំរេចចិត្តទាំងឡាយ ពាក់ព័ន្ធទៅនឹងសិទ្ធិ បទប្បញ្ញត្តិ ធនធាន និងការផ្ដល់សេវាកម្មនៅមូលដ្ឋាន។

 

ដោយឡែក  ប្រធានក្រុមប្រឹក្សាស្រុកក្រគរ ក៏បានថ្លែងអំពីសារៈសំខាន់នៃប័ណ្ណដាក់ពិន្ទុសហគមន៍នេះផងដែរ។ លោកថ្លែងថា ប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សាក្រុងនេះ គឺជាឧបករណ៍សម្រាប់ឆ្លុះបញ្ចាំងលើការបំពេញតួនាទី ការទទួលខុសត្រូវ និងការផ្តល់សេវារបស់ក្រុមប្រឹក្សា ដោយមានការចូលរួមពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។ ឧបករណ៍នេះមានសារៈសំខាន់ ពីព្រោះលទ្ធផលនៃការឆ្លុះបញ្ចាំងនេះ នឹងអាចជួយធ្វើការកែលម្អលើការគ្រប់គ្រងរដ្ឋបាលស្រុក និងផ្តល់សេវាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក ដើម្បីឆ្លើយតបទៅនឹងបញ្ហា ក្តីកង្វល់ និងសេចក្តីត្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព  និងការចូលរួម។

 

ការអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គម នឹងជួយជំរុញការអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់