អ្នក​លក់ដូរ​តាម​សាលារៀន​តម្រូវ​ឲ្យ​មាន​អនាម័យ​តាម​ស្តង់ដារ​ជាតិ​

ភ្នំពេញ ១៤ កក្កដា ២០១៤៖ អ្នកលក់ដូរតាមសាលារៀន តម្រូវឲ្យមានអនាម័យ តាមស្តង់ដារជាតិ អាហារ ឬភេសជ្ជៈ ដែលនាំឲ្យសុខភាពមិនល្អ ដូចជាភេសជ្ជៈ សូដា ស្ករគ្រាប់ និងនំស្រួយ នឹងមិនអនុញ្ញាតឲ្យលក់ដូរ តាមសាលាបឋមសិក្សាឡើយ ហើយអ្នកគ្រប់គ្រង សាលារៀន ទទួលខុសត្រូវ និងត្រួតពិនិត្យប្រភេទ និងគុណភាពចំណីអាហារ ដែលផ្តល់…

ដោយ: សុងយោ កម្ពុជាថ្មី ថ្ងៃច័ន្ទ ទី14 កក្កដា ឆ្នាំ2014 ម៉ោង14:37
http://www.kampucheathmey.com/local-news/general-news/11669-2014-07-14-07-37-27.html

ភ្នំពេញ ១៤ កក្កដា ២០១៤៖ អ្នកលក់ដូរតាមសាលារៀនតម្រូវឲ្យមានអនាម័យតាមស្តង់ដារជាតិអាហារ ឬភេសជ្ជៈ ដែលនាំឲ្យ សុខភាពមិនល្អ ដូចជាភេសជ្ជៈ សូដា ស្ករគ្រាប់ និងនំស្រួយនឹងមិនអនុញ្ញាតឲ្យលក់ដូរតាមសាលាបឋមសិក្សាឡើយ ហើយ អ្នកគ្រប់គ្រង សាលារៀនទទួលខុសត្រូវនិងត្រួតពិនិត្យប្រភេទ និងគុណភាពចំណីអាហារ ដែលផ្តល់ ឬលក់ទៅឲ្យសិស្សនៅតាម សាលារៀនរបស់ខ្លួន ដោយត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៣។

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តង់ដារអប្បបរមាទឹកស្អាត និងអនាម័យតាមសាលានៅកម្ពុជា បានពិភាក្សាលើ សេចក្តីព្រាងចុងក្រោយស្តង់ដារជាតិ ស្តីពីទឹកស្អាត អនាម័យបរិស្ថានខ្លួនប្រាណនៅតាមសាលាបឋមសិក្សា ដោយបានចែងច្បាស់ថា

ទី១-កន្លែងដាំស្ល និងតូបលក់ដូរក្នុងសាលារៀន គួរនៅឆ្ងាយពីប្រភពដែលអាចនាំឲ្យមានការប្រឡាក់ឆ្លង ដូចជាបង្គន់អនាម័យ និងកន្លែងចោលសំណល់រឹង ឬទឹកសំណល់ជាដើម។ ទី២-ចំណីអាហារដែលផ្តល់ដោយតូបលក់ដូរ និងកន្លែងដាំស្ល គួររៀបចំ ដោយប្រើប្រាស់ទឹកស្អាត និងចំអិនដោយចុងភៅ ដែលលាងសំអាតដៃជាមួយសាប៊ូមុនពេលរៀបចំ និងផ្តល់អាហារឲ្យបរិភោគ។ ទី៣-អាហារគួរគ្របឲ្យបានជិតល្អ និងមិនប៉ះពាល់ជាមួយនឹងសត្វកណ្តុរ រុយ ធូលី។ ទី៤-អាហារគួរចំអិនឲ្យបានល្អ និងទុកដាក់ក្នុងសីតុណ្ហភាពប្រកបដោយសុវត្ថិភាពមុនពេលផ្តល់ឲ្យបរិភោគ។ ទី៥-អ្នកគ្រប់គ្រងសាលារៀនទទួលខុសត្រូវត្រួតពិនិត្យ ប្រភេទ និងគុណភាពចំណីអាហារ ដែលផ្តល់ ឬលក់ទៅឲ្យសិស្ស អាហារ ឬភេសជ្ជៈ ដែលនាំឲ្យសុខភាពមិនល្អ ដូចជាភេសជ្ជៈ សូដា ស្ករគ្រាប់ និងនំស្រួយមិនគួរឲ្យលក់ឡើយ ដោយត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៣។

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តង់ដារអប្បបរមាទឹកស្អាត និងអនាម័យតាមសាលានៅកម្ពុជានេះ បានធ្វើឡើងនៅសណ្ឋាគារអឹមភីរៀល រាជធានីភ្នំពេញ ព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៤ ក្រោមវត្តមានលោកស្រីវេជ្ជ.ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការអញ្ជើញចូលរួមផងដែរពីលោកស្រី បេលីនដា អាប្រាហាំ ប្រធានផ្នែកទឹកស្អាត និងអនាម័យ នៃអង្គការ UNICEF ប្រចាំកម្ពុជាផងដែរ។

សេចក្តីព្រាងចុងក្រោយស្តង់ដារជាតិ ស្តីពីទឹកស្អាត អនាម័យបរិស្ថាន និងអនាម័យខ្លួនប្រាណ នៅតាមសាលាបឋមសិក្សានេះ ចែកជា ៨ ប្រភេទ ដូចជា៖ ១-ទឹកផឹក ២-ទឹកសម្រាប់សំអាត និងគោលបំណងផ្សេងៗទៀត ៣-បង្គន់អនាម័យ និងបង្គន់នោម ៤-សម្ភាររូបវ័ន្ត សម្រាប់លាងដៃ ៥-ប្រតិបត្តិការ និងតំហែទាំ ៦-ការអប់រំអនាម័យ និងការផ្លាស់ប្តូរឥរិយាបថ ៧-តូបលក់ដូរនៅតាមសាលារៀន និងការប៉ះពាល់ចំណីអាហារ និងទី៨-ការគ្រប់គ្រងសំណល់រឹង និងទឹកសំណល់។

សេចក្តីពាងចុងក្រោយស្តង់ដារជាតិ ស្តីពីទឹកស្អាត អនាម័យបរិស្ថានខ្លួនប្រាណ នៅតាមសាលាបឋមសិក្សា ត្រូវបានរៀបចំឡើង ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ផ្អែកទៅតាមគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដែលមានស្រាប់របស់ប្រទេសកម្ពុជា ហើយរំពឹងថា ការបង្កើតនូវស្តង់ដារជាតិស្តីពីទឹកស្អាត និងអនាម័យនៅតាមសាលាបឋមសិក្សា គួរធានាឲ្យមានការបង្កើតនូវឥរិយាកាសរៀនសូត្រប្រកបដោយសុវត្ថិភាព និងសុខភាពល្អ សម្រាប់កុមារគ្រប់រូប ជាពិសេស សម្រាប់ក្មេងស្រីជំទង់ និងកុមារពិការ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់