សម្តេច​ក្រឡា​ហោម ស ខេង៖ ក្រសួង​ ស្ថាប័ន​ត្រូវ​ពង្រឹង​ភាព​ជា​ម្ចាស់​ក្នុង​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ១២ មករា ២០១៦៖ ក្រសួង ស្ថាប័ននីមួយៗត្រូវមានភាពម្ចាស់ការ និងយកចិត្តទុកដាក់ខ្ពស់ មានផែនការ និងមានយន្តការច្បាស់សាល់ក្នុងការរៀបចំចាត់ចែងផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវដាក់កិច្ចការងារនេះជាការងារចម្បងសម្រាប់អនុវត្តក្នុងឆ្នាំ២០១៦…

ភ្នំពេញ ១២ មករា ២០១៦៖ ក្រសួង ស្ថាប័ននីមួយៗត្រូវមានភាពម្ចាស់ការ និងយកចិត្តទុកដាក់ខ្ពស់ មានផែនការ និងមានយន្តការច្បាស់សាល់ក្នុងការរៀបចំចាត់ចែងផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវដាក់កិច្ចការងារនេះជាការងារចម្បងសម្រាប់អនុវត្តក្នុងឆ្នាំ២០១៦។

 

នេះជាការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងកិច្ចប្រជុំលើកទី១១ របស់ គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

 

សម្ដេចក្រឡាហោម បានលើកឡើងពីបញ្ហាប្រឈមក្នុងការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ ថាដោយមានការយឺតយ៉ាវក្នុងការរៀបចំយន្តការផ្ទេរធនធានមានភ្ជាប់លក្ខខ័ណ្ឌ ការរៀបចំប្រព័ន្ធគ្រប់គ្រាងធនធានមនុស្ស និងការរៀបចំយន្តការអធិការកិច្ចការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលហេតុនេះក្រសួង ស្ថាប័នទាំងអស់ត្រូវដាក់បញ្ចូលការងារទាំងនេះជាចំណុចអាទិភាពសម្រាប់ឆ្នាំ២០១៦។

 

សម្តេចក្រឡាហោម ក៏បានស្នើដល់ក្រសួង ស្ថាប័នដែលមិនទាន់បានរៀបចំក្រុមការងារក្នុងការរៀបចំបញ្ជីវិភាគមុខងារក្នុងការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរៀបចំឲ្យមានយន្តការក្នុងការផ្ទេរទាំងធនធានមនុស្ស និងថវិកាក្នុងការគាំទ្រការផ្ទេរមុខងារនេះ។ ហើយក្រសួង ស្ថាប័នដែលបានផ្ទេររួចហើយត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងការអភិវឌ្ឍស្ថាប័ន និងលើកកម្ពស់សមត្ថភាពធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងគ្រប់គ្រង ចាត់ចែងការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ការផ្ទេរមុខងារត្រូវមានភ្ជាប់ជាមួយនូវធនធានហិរញ្ញវត្ថុ ដូច្នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវខិតខំរៀបចំយន្តការផ្ទេរហិរញ្ញវត្ថុឲ្យសមស្របជាមួយដំណើរការផ្ទេរមុខងារ។

 

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) រៀបចំកិច្ចប្រជុំលើកទី១១ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលត្រូវដោះស្រាយ និងដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល សមាជិក គ.ជ.អ.ប តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងក្រសួង ស្ថាប័នអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងមន្រ្តីលេខាធិការដ្ឋាន គ.ជ.អ.ប សរុបប្រមាណជាង១២០រូប៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់