
ភ្នំពេញ ១៣ មករា ២០១៦៖ ដើម្បីជួយទ្រទ្រង់ដល់ការចំណាយរបស់សមាគមមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃក្នុងការជួយសម្រាលទុក្ខលំបាកទាំងផ្លូវចិត្ត និងផ្លូវសម្ភារៈដល់សមាជិកសមាគមដែលជួបផលលំបាក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនរបស់សម្តេចចំនួន ៥លានរៀលជារៀងរាល់ខែដល់សមាគមមន្រ្តីរាជការស៊ីវិល។
សម្តេចបានប្រកាសបែបនេះក្នុងពិធីបិទមហាសន្និបាតសមាគមមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់សមាគមដែលកន្លងបានខិតខំបំពេញភារកិច្ចបានល្អតាមលក្ខន្តិកៈដោយបានបង្កើតគណៈកម្មាធិការមូលដ្ឋាននៅតាមបណ្តារាជធានី ខេត្ត រៀបចំ និងកៀរគរថវិកាសម្រាប់សមាគម និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយពីគោលបំណងរបស់សមាគមដល់មន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ ព្រមទាំងពន្យល់ពីសារសំខាន់របស់សមាគមដល់មន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃឲ្យបានយល់ដើម្បីចូលរួមបង់ថវិកាដល់សមាគមក្នុងការជួយទ្រទ្រង់ដល់សមាជិកសមាគមដែលជួបបញ្ហា។
ក្រសួងមហាផ្ទៃបានរៀបចំមហាសន្និបាតសមាគមមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តការងារ និងពិនិត្យមើលបញ្ហាប្រឈមក្នុងអាណត្តិទី២ និងលើកទិសដៅការងារអាណត្តិទី៣ ព្រមទាំងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការកណ្ដាលអាណត្តិទី៣ ក្រោមអធិបតីភាពបើកដោយ ឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមអាណត្តិទី២ និងក្រោមអធិបតីភាពបិទដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការចូលរួមពីគណៈកម្មាធិការកណ្តាលក្រសួងមហាផ្ទៃ គណៈកម្មាធិការមូលដ្ឋានសាលាខេត្តទាំង២៣ និងរាជធានី សរុបប្រមាណ៣១០រូប។
សមាគមមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៦ ហើយរហូតមកដល់បច្ចុប្បន្ននេះមានសមាជិកសរុបចំនួន ១១.១១១រូប ក្នុងនោះមានស្រ្តីចំនួន ២.០៦៥រូប។ សមាគមត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលទុក្ខទាំងផ្លូវចិត្ត និងផ្លូវសម្ភារៈ ដល់ស្វាមី ឬភរិយារបស់សមាជិកសមាគមនៅពេលទទួលមរណភាព ឬរងគ្រោះដោយអគ្គីភ័យឆេះលំនៅដ្ឋានចាប់ពី៥០ភាគរយឡើង ឬទទួលគ្រោះថ្នាក់ក្នុងបេសកកម្មហើយពិការអស់មួយជីវិត និងដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ៕