សម្តេច​ក្រឡា​ហោម​ ស ខេង​ លើក​ទឹក​ចិត្ត​ឲ្យ​ក្រសួង​ ស្ថាប័ន​​ផ្ទេរ​មុខងារ​ និងធនធាន​​ជាក់​លាក់​ និង​ចាំបាច់​ខ្លះ​ ឲ្យ​រដ្ឋបាល​ថ្នាក់​​ក្រោមជាតិ​ (Fresh News)

ព្រះសីហនុ ១៧ ធ្នូ ២០១៥៖ ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាជាតិ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ក្នុងខេត្តព្រះសីហនុ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានកោតសរសើរ ក្រសួងស្ថាប័នមួយចំនួន ដែលបានផ្ទេរនូវមុខងារជាក់លាក់ និងចាំបាច់ខ្លះ របស់ខ្លួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងក្នុងបែបផែនជាការធ្វើប្រតិភូកម្ម និងការប្រគល់…

ព្រះសីហនុ ១៧ ធ្នូ ២០១៥៖ ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាជាតិ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ក្នុងខេត្តព្រះសីហនុ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានកោតសរសើរ ក្រសួងស្ថាប័នមួយចំនួន ដែលបានផ្ទេរនូវមុខងារជាក់លាក់ និងចាំបាច់ខ្លះ របស់ខ្លួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងក្នុងបែបផែនជាការធ្វើប្រតិភូកម្ម និងការប្រគល់។

 

សម្តេច ស ខេង បានថ្លែងថា «នាពេលថ្មីៗកន្លងទៅនេះ តាមសំណើរបស់ក្រសួងបរិស្ថាន រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ នូវអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន នៅក្នុងគោលបំណងផ្ទេរ នូវមុខងារគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជននេះទៅឱ្យរដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលស្រុកទូទាំងប្រទេស»។

 

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងបី គឺក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន បានចុះហត្ថលេខារួមគ្នា លើប្រកាសអន្តរក្រសួងស្តីពី ការប្រើប្រាស់កញ្ចប់ថវិកាសេវា អនាម័យបរិស្ថាន សម្រាប់អនុវត្តមុខងារគ្រប់គ្រងសំណល់រឹងរាវ តាមទីប្រជុំជនក្រុងនានា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ប្រកាសអន្តរក្រសួងនេះ មានគោលបំណងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ធនធាន ពីថវិកាជាតិដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពង្រឹងសេវាអនាម័យបរិស្ថាន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព។ 

 

កញ្ចប់សេវាបរិស្ថានសម្រាប់ឆ្នាំ ២០១៥ មានទឹកប្រាក់ចំនួន ២០ ០០០ លានរៀល  (ប្រមាណ ៥ លានដុល្លារសហរដ្ឋអាមេរិក) ត្រូវបានផ្តល់ឱ្យរដ្ឋបាលក្រុង ២៦ នៃខេត្ត ២៤ ដើម្បីអនុវត្តមុខងារគ្រប់គ្រងសំណល់រឹងរាវ។ ក្រសួងបរិស្ថានបានធ្វើការណែនាំបច្ចេកទេស ព្រមទាំងធ្វើការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើកិច្ចប្រតិបត្តិការងារ គ្រប់គ្រងសេវាអនាម័យបរិស្ថាន សម្រាប់អនុវត្តមុខងារគ្រប់គ្រង សំណល់រឹងរាវរបស់រដ្ឋបាល ក្រុងគោលដៅជាប្រចាំ។

 

សម្តេច ស ខេង បានស្នើក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសហការគ្នាក្នុង ការរៀបចំនូវយន្តការគាំទ្រនានាដើម្បីធានាថា រដ្ឋបាលរាជធានី ក្រុង ស្រុកទាំងអស់ អាចមានលទ្ធភាពចាប់ផ្តើមទទួលខុសត្រូវលើការងារគ្រប់គ្រងសំរាមទីប្រជុំជននេះ ប្រកបដោយប្រសិទ្ធភាពចាប់ពីឆ្នាំ២០១៦ តទៅ។

 

សម្តេច ស ខេង ថ្លែងថា ៖ «រដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលស្រុកទាំងអស់ត្រូវ សហការជាមួយខេត្ត រដ្ឋបាលខណ្ឌ រដ្ឋបាលឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងផ្នែកឯកជនលើការរៀបចំផែនការ និងការបង្កើតសេវាគ្រប់គ្រងសំរាមតាមទីប្រជុំជននានា ដើម្បីធានានូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងអនាម័យបរិស្ថាន នៅតាមទីប្រជុំជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

 

ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងក្រសួងបរិស្ថាននៅតែបន្ត ការគាំទ្រដល់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលដ្នាក់ក្រោមជាតិ តាមរយៈការរៀបចំជាជំហានៗនូវយន្តការ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដូចជាការដាក់ចេញនូវសារាចរ អន្តរក្រសួងស្តីពីការអនុវត្ត អនុក្រឹត្យខាងលើ និងការរៀបចំនូវសេចក្តីព្រាងប្រកាស អន្តរក្រសួងស្តីពីការកំណត់កម្រៃ អតិបរមានៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សម្រាប់ជាមូលដ្ឋានក្នុងការកំណត់កម្រៃសេវា ដែលសមស្របនឹងជីវភាពប្រជាពលរដ្ឋ និងមាននិរន្តរភាព និងសេចក្តីព្រាងគោលការណ៍ណែនាំ បច្ចេកទេសស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន៕

ដកស្រង់ចេញពីគេហទំព័រ Fresh News

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់