ឯកឧត្ដម ស ខេង តឿន​មន្ត្រី​រដ្ឋបាល​ទីប្រជុំជន​ទូទាំង​ប្រទេស​ឱ្យ​គ្រប់គ្រង​សំណល់​រឹង-រាវ ឲ្យ​បាន​ល្អ

ភ្នំពេញ ២៦ កុម្ភៈ ២០១៥៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍គោលការណ៍ប្រឡងប្រណាំងទីក្រុងស្អាត ឲ្យមានប្រសិទ្ធិខ្ពស់នោះ មន្ត្រីរដ្ឋបាលទីប្រជុំជនថ្នាក់ក្រោមជាតិត្រូវខិតខំស្វែងរក វិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីគ្រប់គ្រងសំណល់រឹង រាវ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត និងមានសោភ័ណភាពស្រស់បំព្រង។

ភ្នំពេញ ២៦ កុម្ភៈ ២០១៥៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍គោលការណ៍ប្រឡងប្រណាំងទីក្រុងស្អាត ឲ្យមានប្រសិទ្ធិខ្ពស់នោះ មន្ត្រីរដ្ឋបាលទីប្រជុំជនថ្នាក់ក្រោមជាតិត្រូវខិតខំស្វែងរក វិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីគ្រប់គ្រងសំណល់រឹង រាវ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត និងមានសោភ័ណភាពស្រស់បំព្រង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីការផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន សម្រាប់គ្រប់គ្រងសំណល់រឹង រាវ តាមទីប្រជុំជន ក្រុងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមានការចូលរួមពី ឯកឧត្ដម សាត សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

 

ឯកឧត្ដម ស ខេង បានបញ្ជាក់ថា កន្លងមករដ្ឋបាលថ្នាក់ក្រោមជាតិ គឺមិនធ្លាប់ទទួលបាន ការអនុម័តកញ្ចប់ថវិកាផ្ទាល់សម្រាប់រៀបចំបរិស្ថាននោះទេ ហេតុនេះហើយការគ្រប់គ្រងសំរាម ឬក៏សំណល់រឹង-រាវ គឺនៅមានកម្រិតនៅឡើយ។ ប៉ុន្តែសម្រាប់ឆ្នាំ២០១៥នេះ ក្រសួងបរិស្ថាន បានសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីបានអនុម័តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានឡើង ដើម្បីបង្កើនភាពងាយស្រួលជូនមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅអនុវត្តឲ្យមាន ប្រសិទ្ធភាពខ្ពស់ជាងមុន។

 

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបន្ដថា លទ្ធផលឆ្នាំមុនៗមានភាពល្អប្រសើរមួយចំនួនធំហើយ ប៉ុន្ដែការទទួលបានគោលការណ៍ថ្មីនេះ គឺសបញ្ជាក់ឲ្យឃើញថា មន្ដ្រីក្រសួងបរិស្ថានទាំងអស់ ពិតជាបានប្ដេជ្ញាចិត្តរួមចំណែកក្នុងបញ្ហាអនាម័យ បរិស្ថាន ស្របទៅតាមទស្សនៈទាននិរន្តរភាពទីក្រុងស្អាត និងមានសោភ័ណភាពល្អ។

 

ប៉ុន្ដែ ឯកឧត្ដមបានសង្កត់ធ្ងន់ថា «ដើម្បីធ្វើឲ្យទីក្រុងមានភាពស្រស់បំព្រង និងមានសោភ័ណភាពល្អ ដែលអាចប្រឡងប្រណាំងទីក្រុងស្អាតបាននោះ ខ្ញុំសូមអំពាវនាវដល់រដ្ឋបាលទីប្រជុំជនក្រុងទាំង ២៦ ត្រូវតែខិតខំស្វែងរកមធ្យោបាយដើម្បីអនុវត្តផែនការរបស់ខ្លួនឲ្យទទួលបានជោគជ័យ ពិសេសគឺការបង្កើតភាពឆ្នៃប្រឌិតរបស់ខ្លួនធ្វើយ៉ាងណាដើម្បីគ្រប់គ្រងសំណល់រឹង រាវ ឲ្យបានស្អាត ដែលជាគោលការណ៍ប្រឡងប្រណាំងទីក្រុងស្អាត» ។

 

ឯកឧត្ដមបានបន្ថែមថា សម្រាប់ជំហានដំបូងក្នុងឆ្នាំ២០១៥នេះ កញ្ចប់ថវិកាសេវាអនាម័យបរិស្ថានខាងលើគឺបានអនុម័តឲ្យប្រើប្រាស់ចំនួន៥លានដុល្លារ នៅលើគោលដៅចំនួន២៦កន្លែង ដែលជាតំបន់ទីប្រជុំជន។ ទោះបីកញ្ចប់ថវិកាជំហានដំបូងនេះ មានទំហំតូចជាងការងារក្រសួងរក៏ពិតមែន ប៉ុន្តែបើយើងចេះជ្រើសរើសដៃគូអាជីវកម្ម និងបច្ចេកវិទ្យា សមស្របឬរៀបចំគ្រប់គ្រងសំណល់រឹង-រាវ បានល្អ នោះយើងនឹងអាចដោះស្រាយបាននូវបញ្ហាប្រឈមដោយជោគជ័យជាបន្ដបន្ទាប់ តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។

 

គួរបញ្ជាក់ដែរថា សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅភោជនីយដ្ឋានទន្លេបាសាក់២ ចាប់ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមានសិក្ខាកាមចូលរួមចំនួន៣០៩នាក់ នឹងលើក យកប្រធានបទសំខាន់ៗចំនួន ៣ មកធ្វើបទបង្ហាញក្នុងនោះមាន៖ ទី១-ការគ្រប់គ្រងសំណល់រឹង-រាវ វិមជ្ឈការ និងវិសហមជ្ឈការ និងការប្រើប្រាស់ និងការគ្រប់គ្រងថវិកា, ទី២- ការអភិវឌ្ឍទីក្រុងដោយចិរភាព និងទី៣- បទពិសោធន៍ នៃការគ្រប់គ្រងសំណល់រឹង-រាវ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល៖ http://www.dap-news.com/2011-06-14-02-39-55/86920-2015-02-26-07-39-40.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់