សម្ដេច​ក្រឡាហោម អញ្ជើញ​ជា​អធិបតី​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្ដីពី​វិធានការ​ចាំបាច់​នានា​ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ

ភ្នំពេញ ១០ តុលា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ភ្នំពេញ ១០ តុលា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

 

សម្ដេចក្រឡាហោម មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើកំណែទម្រង់លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសលើការគ្រប់គ្រងព្រៃឈើ ជលផល និងតំបន់ការពារធម្មជាតិ ដោយបាន និងកំពុងធ្វើវិសោធនកម្មច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

 

សម្ដេចមានប្រសាសន៍បន្តទៀតថា ដើម្បីធានាដល់ការពង្រឹងការគ្រប់គ្រង ការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ទាមទារឱ្យមានការធ្វើវិសោធនកម្មច្បាប់ទាំង៣ និងកែសម្រួលលិខិតបទដ្ឋានពាក់ព័ន្ធនានាផ្សេងទៀតដើម្បីបែងចែកឡើងវិញនូវសមត្ថកិច្ចរវាងក្រសួង ស្ថាប័នមានសមត្ថកិច្ចនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្ដល់សិទ្ធអំណាច តួនាទី ភារកិច្ចឱ្យបានច្បាស់លាស់ និងធនធានសមស្របទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។

 

សម្ដេចបានបញ្ជាក់ទៀតថា សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសធនធានធម្មជាតិក្នុងដំណាក់កាលធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ។   សារាចរនេះដាក់ចេញនូវវិធានការចាំបាច់នានាចំនួន៩ចំណុចសម្រាប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិសហការអនុវត្ត។

 

ក្នុងឱកាសនោះដែរ សម្ដេចក៏បានណែនាំដល់ក្រសួង ស្ថាប័ន អង្គភាពជំនាញ រដ្ឋបាលរាជធានី ខេត្ត និងកងកម្លាំងពាក់ព័ន្ធត្រូវរៀបចំផ្សព្វផ្សាយខ្លឹមសារសារាចរណែនាំនេះឱ្យបានទូលំទូលាយ ដោយភ្ជាប់ជាមួយវិធានការជាក់ស្ដែងដើម្បីអនុវត្តសារាចរនេះឱ្យទទួលបានលទ្ធផលខ្ពស់៕ NCDDs

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់