សម្តេចក្រឡាហោម ស ខេង ជំរុញអភិបាលខេត្តមណ្ឌលគិរីថ្មី ខិតខំអភិវឌ្ឍខេត្ត ខណៈប្រជាពលរដ្ឋរិះគន់ថា ខេត្តនេះអភិវឌ្ឍយឺត

មណ្ឌលគិរី ១៨ កុម្ភៈ ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញឲ្យអភិបាលខេត្តមណ្ឌលគិរីថ្មី លោក ស្វាយ សំអ៊ាង ខិតខំអភិវឌ្ឍខេត្តមណ្ឌលគិរី ឲ្យកាន់តែរីកចម្រើនថែមទៀត ខណៈដែលប្រជាពលរដ្ឋក្នុងខេត្តរិះគន់ថា…

មណ្ឌលគិរី ១៨ កុម្ភៈ ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញឲ្យអភិបាលខេត្តមណ្ឌលគិរីថ្មី លោក ស្វាយ សំអ៊ាង ខិតខំអភិវឌ្ឍខេត្តមណ្ឌលគិរី ឲ្យកាន់តែរីកចម្រើនថែមទៀត ខណៈដែលប្រជាពលរដ្ឋក្នុងខេត្តរិះគន់ថា ខេត្តមណ្ឌលគិរីមានការអភិវឌ្ឍយឺតយ៉ាវ បើធៀបនិងខេត្តដទៃ។

ការថ្លែងជំរុញរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញប្រកាសតែងតាំងលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តថ្មី នៃខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។

សម្តេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរដល់មន្រ្តីសាលាខេត្តមណ្ឌលគិរីទាំងអស់ ដែលបានខិតខំរួមគ្នា អភិវឌ្ឍខេត្តភូមិភាគឦសានមួយនេះ ឲ្យមានភាពរីកចម្រើន និងមានកំណើនប្រជាពលរដ្ឋពីជាង ១ម៉ឺននាក់ក្នុងឆ្នាំ១៩៨៧ រហូតដល់ជិត ១០ម៉ឺននាក់នាពេលបច្ចុប្បន្ន។

ទោះជាយ៉ាងណា សម្តេចក្រឡាហោម ស ខេង នៅតែលើកទឹកចិត្ត និងជំរុញឲ្យលោក ស្វាយ សំអ៊ាង ដែលទើបប្រកាសចូលកាន់តំ ណែងប្រឹងប្រែងអភិវឌ្ឍបន្តទៀត ឲ្យខេត្តមណ្ឌលគិរីកាន់តែរីកចម្រើន និង អាចទទួលភ្ញៀវទេសចរបានកាន់តែច្រើន។

ការទទួលបានតំណែងជាអភិបាលខេត្តមណ្ឌលគិរីនេះ បានធ្វើឲ្យលោក ស្វាយ សំអ៊ាង ដែលអតីតជាអភិបាលរងខេត្តមានការភ្ញាក់ផ្អើលខ្លាំង ដោយលោកបានបញ្ជាក់ថា លោកមិនបានដឹងព័ត៌មាននេះជាមុននោះឡើយ។ ថ្លែងទៅកាន់គណៈអធិបតី និងភ្ញៀវកិត្តិ យស លោក ស្វាយ សំអ៊ាង បានឲ្យដឹងថា «ក្នុងនាមខ្ញុំផ្ទាល់ក្នុងមួយជីវិតខ្ញុំ ស្ទើរតែមិនជឿ និង នឹកស្មានថា មានថ្ងៃនេះ។ ខ្ញុំមានការរំភើបចិត្តជាខ្លាំង»។

ជាមួយការរំភើបរីករាយនេះ លោកអភិបាលខេត្តថ្មី បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងចិត្ត ដើម្បីឆ្លើយតបសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ ហើយសន្យាអភិវឌ្ឍន៍បន្ថែមទៀត ឱ្យកាន់តែមានភាពល្អប្រសើរ នៅលើទឹកដីនៃខេត្តមណ្ឌលគិរី ប្រយោជន៍ដល់សង្គមមានការរីកចំរើន។

ការចូលកាន់តំណែងរបស់លោក ស្វាយ សំ អ៊ាង ក៏បាននាំឲ្យមានការសាទរផងដែរ ពីប្រជាពលរដ្ឋខេត្តមណ្ឌលគិរី តែពួកគេក៏រំពឹងថា អភិបាលខេត្តថ្មី នឹងប្រឹងប្រែងអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើន ខណៈដែលខេត្តមួយនេះមើលទៅមានការអភិវឌ្ឍយឺតយ៉ាវ ជាងបណ្តាខេត្តដទៃ បើទោះបីខេត្តភូមិភាគឦសាននេះ ជាសម្បុកធនធានរ៉ែ ព្រៃឈើ និងជាខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏ដោយ នោះ។

លោក ដារ៉ា ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី បានថ្លែងថា «ខេត្តខ្ញុំអភ័ព្វជាងគេ ហាក់មានការអភិវឌ្ឍយឺតយ៉ាវ បើទោះបីអភិបាលខេត្ត ត្រូវបានផ្លាស់ប្តូរញឹកញាប់ក្តី។ ចឹងខ្ញុំសង្ឃឹមលោកអភិបាលខេត្តថ្មី នឹងប្រឹងប្រែងអភិវឌ្ឍខេត្តនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត»។

សូមបញ្ជាក់ផងដែរថា លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលទើបនិងបញ្ចប់តំណែង ត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សា រាជរដ្ឋាភិបាលជំនួសវិញ៕

 

ប្រភពៈ Fresh News

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់