ក្នុងជំនួបជាមួយថ្នាក់ដឹកនាំសាធារណណរដ្ឋសហព័ន្ធអាល្លឺម៉ង សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងអំពីសកម្មភាពរបស់ក្រុមជនក្រៅ ច្បាប់មួយក្តាប់តូចដែលប៉ុនប៉ងបង្កអសន្តិសុខ និងភាពវឹកវរតាមរយៈការបំផុសឱ្យមានចលនា បះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងចេតនាទុច្ចរិតពិសពុលឈាន ទៅបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជន និងសង្គមជាតិ ដើម្បីបម្រើមហិច្ឆតារបស់ក្រុមខ្លួន។ ការលើក ឡើងរបស់សម្តេចក្រឡាហោមនេះ ធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញ ទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអន្តរក្រសួងកម្ពុជាបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាសមាជិកសភាសហព័ន្ធរបស់អាល្លឺម៉ង់ ព្រមទាំងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយក្នុងនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងភាពជាដៃគូរវាងកម្ពុជា-អាល្លឺម៉ង់ និងកម្ពុជា-សហភាពអឺរ៉ុប ដែលក្នុងនោះ រួមមានបញ្ហាពាក់ព័ន្ធនឹងការស្វែងរកការគាំទ្រទៅលើកិច្ចការនយោបាយ ការផ្លាស់ប្តូរបទពិសោធន៍លើ ការងារលើកកម្ពស់សិទ្ធិមនុស្ស ការអភិវឌ្ឍលើវិស័យសំខាន់នានា ដូចជា អប់រំ សុខាភិបាល ការគ្រប់គ្រងព្រៃឈើ និងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាដើម។ ទន្ទឹមនេះ ពាក់ព័ន្ធនឹងការងារថែរក្សាធនធានធម្មជាតិ និងបរិស្ថាន ភាគីកម្ពុជាបានសំណូមពរដល់ ភាគីអាល្លឺម៉ង់ ពិនិត្យលទ្ធភាពទិញកាបោនពីកម្ពុជា ដែលនេះគឺជាយន្តការ និងជាការរួមចំណែកមួយដ៏មានសារៈសំខាន់ ក្នុងការថែរក្សាឱ្យបានគង់វង្សនូវសម្បត្តិ និងធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានសំណូមពរភាគីអាល្លឺម៉ង់ ពិនិត្យលទ្ធភាព និងសិក្សាបង្កើតទំនាក់ទំនង កិច្ចសហប្រតិបត្តិការផ្លូវការរវាងភាគីទាំងពីរ លើការ ងារអាទិភាពជាក់ស្តែងមួយចំនួន ដូចជា ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យ សន្តិសុខនិងការចែករំលែកបទពិសោធន៍កំណែទម្រង់វិមជ្ឈការ។ ក្រៅពីជំនួបពិភាក្សាខាងលើនេះ គណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងបានអញ្ជើញធ្វើទស្សនកិច្ចសិក្សា អំពីប្រព័ន្ធរដ្ឋបាលសាធារណៈរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទាំងនៅថ្នាក់រដ្ឋសហព័ន្ធ ថ្នាក់ស្រុក និងថ្នាក់ឃុំ ដើម្បីឈ្វេងយល់អំពីការគ្រប់គ្រង ការរៀបចំ ការប្រព្រឹត្តទៅនៃឋានានុក្រមរដ្ឋបាលថ្នាក់ក្រោមជាតិ រចនាសម្ព័ន្ធ សិទ្ធិ តួនាទី និងភារកិច្ច ដែលថ្នាក់រដ្ឋបាលនីមួយៗទទួលខុសត្រូវ និងការផ្តល់សេវាសាធារណៈ ចាំបាច់នានា ដូចជា សេវាអប់រំ សុខាភិបាល ការគ្រប់គ្រងកាកសំណល់ និងការគ្រប់គ្រងព្រៃឈើធនធានធម្មជាតិ។ល។
ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនេះដែរ គណៈប្រតិភូជាន់ខ្ពស់អន្តរក្រ សួង ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយសម្ដេចក្រឡាហោមក៏បានជម្រាបជូនអំពីសភាពការណ៍ទូទៅ និងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ដែលមកដល់ពេលនេះសម្រេចបានសមិទ្ធផលសេដ្ឋកិច្ច សង្គមធំៗជាច្រើនគួរឱ្យកត់សម្គាល់ ក្រោមលក្ខខណ្ឌអំណោយផល នៃសន្តិភាពពេញបរិបូរណ៍ ទូទាំងប្រទេស។ សម្តេចក្រឡាហោមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវចេះសាមគ្គីគ្នា និងរួមគ្នាថែរក្សាឱ្យបានគង់វង្សនូវសន្តិភាពដែលបានមកដោយលំបាក ដើម្បីធ្វើយ៉ាងណា បង្កលក្ខណៈអំណោយផលសម្រាប់ព្រះរាជាណាចក្រកម្ពុជា មានឱកាសបន្តការអភិវឌ្ឍ និងវឌ្ឍនភាពកាន់តែជឿនលឿន ថែមទៀត៕