សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីវេទិការស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល នារសៀលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។
ពិធីនេះត្រូវបានរៀបចំធ្វើឡើងជាលើកទី១ ក្រោមកិច្ចសហការពីសំណាក់ក្រសួង ស្ថាប័ន ដែលទទួលបន្ទុកលើការងារយុទ្ធសាស្ត្រ និងការងារដឹកនាំកំណែទម្រង់ស្នូលរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក្រសួងមហាផ្ទៃដឹកនាំការងារកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រសួងផែនការដឹកនាំការងារផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ក្រសួងយុត្តិធម៌ដឹកនាំការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្រសួងមុខងារសាធារណៈ ដឹកនាំការងារកែទម្រង់រដ្ឋបាលសាធារណៈនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕