ក្រសួងមហាផ្ទៃ៖ មានប្រសាសន៍នៅចំពោះមុខបណ្តា អភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ក្នុងវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តកិច្ចការ និងបង្កភាពងាយស្រួលដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលប្រតិបត្តិការក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវអនុវត្តកិច្ចការមួយចំនួនរួមមាន៖ ១.ត្រូវបន្តសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិល ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាពដោយសេរី គ្មានការគំរាមកំហែង និងមិនលំអៀង ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន, ២.រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋបាលរាជធានី ខេត្ត ជាមួយអង្គការសង្គមស៊ីវិល ឱ្យបានទៀងទាត់តាមការកំណត់ និងត្រូវរាយការណ៍អំពីលទ្ធផលជូនមកក្រសួងមហាផ្ទៃ, ៣.រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវខិតខំផ្សព្វផ្សាយតាមវេទិកាសាធារណៈកម្មវិធី ឬកិច្ចប្រជុំនានា ដើម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីច្បាប់នៃការខ្ចីប្រាក់ និងកាតព្វកិច្ចសងប្រាក់ ព្រមទាំងត្រូវមានការប្រុងប្រយ័ត្នជាប្រចាំចំពោះសកម្មភាពរបស់ភ្នាក់ងារសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពមិនស្របនឹងច្បាប់ និងមានការបោកបញ្ឆោតប្រជាពលរដ្ឋ ដើម្បីទទួលបានកម្ចីដោយសន្យាផ្តល់នូវការប្រាក់ខ្ពស់, ៤.រដ្ឋបាលរាជធានី ខេត្ត ត្រូវណែនាំដល់អាជ្ញាធររដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភ្នាក់ងារភូមិ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មិនត្រូវដើរតួនាទីជាភ្នាក់ងាររបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុនោះឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។
គួររំលឹកដែរថា តាមរយៈលទ្ធផលនៃវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី២ កន្លងមក ក្រសួងមហាផ្ទៃបានដាក់ចេញនូវសេចក្តីជូនដំណឹង ដោយតម្រូវឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលរាជធានី ខេត្ត ជាមួយនឹងអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ បានពិនិត្យឃើញថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសហគមន៍នានានៅមូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ជាធរមាន មានការយល់ដឹងច្រើន និងផ្តល់កិច្ចសហការកាន់តែល្អប្រសើរជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន៕
ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា