សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះជួប​ជនពិការនៅមជ្ឈមណ្ឌល ៣១៧ កោះស្លា

កំពត ១១ មិថុនា ២០១៤៖ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាលជាមួយជនពិការ…


កំពត ១១ មិថុនា ២០១៤៖ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាលជាមួយជនពិការនៅមជ្ឈមណ្ឌលយោធិនពិការ ៣១៧ កោះស្លា ខេត្តកំពត។

លោកឧត្តមសេនីយ៍ទោ ទិត ម៉េងឡុង ប្រធានមជ្ឈមណ្ឌលពិការ ៣១៧ កោះស្លា បានរាយ ការណ៍ឱ្យដឹងថា យោធិនពិការដែលមករស់នៅភូមិតេជោអភិវឌ្ឍន៍ដែលជាភូមិដែលទើបបង្កើតថ្មី ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកដល់ពេលនេះមានរយៈពេល ជាង៦ឆ្នាំមកហើយ ដោយក្នុងមួយគ្រួសារទទួលបានដី១ហិកតាកន្លះ និងត្រូវបានកាប់ឆ្ការ ឈូស ឆាយ ព្រមទាំងដាំដំណាំគ្រប់ប្រភេទរួចរាល់។ សព្វថ្ងៃប្រជាពលរដ្ឋបានប្រមូលទិន្នផលជាបណ្តើរៗ និងធ្វើឱ្យជីវភាពរបស់ក្រុមគ្រួសារយោធិនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរឡើង។ នៅទីនេះ បង ប្អូនយោធិនបានដាំដុះនូវដំណាំយូរអង្វែងដូចជាស្វាយ ខ្នុរ ទៀប សាវម៉ាវ ទុរេន..ជាដើម។ ចំណែក ដំណាំរួមផ្សំដទៃទៀតរួមមានដំឡូងមី ពោត សណ្តែក…។ល។ ពេលនេះបងប្អូនមានភាពងាយស្រួល ក្នុងការដោះដូរកសិផលដែលដាំដុះបានពីព្រោះផ្សារតេជោអភិវឌ្ឍន៍ដែលមានតូបលក់ដូរប្រមាណ ជាង៩០ស្ថិតនៅជិតបង្កើយ។             

សូមបញ្ជាក់ថាតំបន់អភិវឌ្ឍន៍យោធិនពិការនេះស្ថិតក្រោមការជួយឧបត្ថម្ភគាំទ្រពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមានលំនៅស្ថានគ្រួសារយោធិន គ្រួសារគ្រូបង្រៀន ចំនួន៣៤០ខ្នង សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា ពីរខ្នង ១២ បន្ទប់ ទីចាត់ការមួយខ្នង៣បន្ទប់ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ក្បាលដំរី ៦បន្ទប់ សាងសង់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន១ខ្នង ២ជាន់ ១២បន្ទប់។ វិស័យសុខាភិបាល សម្តេចតេជោ បានឧបត្ថម្ភចំនួន៥អគារ រួមមាន អគារពិនិត្យជំងឺ អគារសម្ភព អគារជំងឺឆ្លង អគារអាហារដ្ឋាន និងអគារសម្រាប់អ្នកជំងឺសម្រាកព្យា បាល ព្រមទាំងមានគ្រូពេទ្យ និងបុគ្គលិកចំនួន៤៣នាក់។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានកសាងវត្តមួយឈ្មោះវត្តគីរីសែនជ័យកោះស្លា និងបានឧបត្ថម្ភព្រះវិហារមួយ សាលាឆាន់មួយខ្នង សាលាបុណ្យមួយខ្នង កុដិមួយខ្នង បន្ទប់ទឹកមួយខ្នង ដងទង់មួយគូ និងរបង ខ្លោងទ្វារបានប្រ វែង៣២៤ម៉ែត្រ។ មិនតែប៉ុណ្ណោះ សម្តេចតេជោ បានកសាងស្នាក់ការភូមិ១ខ្នង ស្រះទឹក១កន្លែង អណ្តូងទឹកចំនួន៦៥ និងអណ្តូងស្នប់ចំនួន៣២។ លើសពីនេះទៀតសម្តេចក៏បានឧបត្ថម្ភថវិកាចំនួន ៣លានរៀលក្នុងមួយខែសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារយោធិនចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកដល់ បច្ចុប្បន្ន។

កន្លងមកសម្តេចបានឧបត្ថម្ភគ្រូពេទ្យ គ្រូបង្រៀនម្នាក់ៗ១០០ដុល្លារ តែក្រោយមកដោយ សារមានកំណើនគ្រូពេទ្យ និងគ្រូបង្រៀនទើបឧបត្ថម្ភចំនួន៥០ដុល្លារ ក្នុងមួយខែវិញ ព្រមទាំងបានឧបត្ថម្ភម៉ូតូដល់គ្រូពេទ្យ និងគ្រូបង្រៀនម្នាក់ៗ១គ្រឿង។ សម្តេចក៏នៅបានឧបត្ថម្ភក្នុងការកសាងប្រព័ន្ធអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមានកម្លាំង៦០គីឡូវ៉ាត់ សម្រាប់បញ្ចូលអាគុយ និងបំប្លែងភ្លើងដើម្បីឱ្យបងប្អូនយោធិនមានភ្លើងប្រើប្រាស់២៤ម៉ោងលើ២៤ម៉ោង។ បច្ចុប្បន្ននេះអគ្គិសនីខេត្ត កំពតបានរាយខ្សែភ្លើងចូលដល់ក្នុងភូមិរួចរាល់ដោយនៅខែធ្នូ ឆ្នាំ២០១៤ គ្រួសារយោធិនទាំងអស់ នឹងទទួលបានភ្លើងប្រើប្រាស់គ្រប់ផ្ទះហើយ។ ឯប្រព័ន្ធផ្លូវធ្វើដំណើរវិញ មកដល់ពេលនេះផ្លូវចូលពី ថ្នល់ជាតិលេខ៤ជាផ្លូវក្រាលកៅស៊ូងាយស្រួលក្នុងការធ្វើដំណើរ ហើយកំពុងសិក្សាបញ្ហាទឹកដើម្បីឱ្យមានបណ្តាញដល់ផ្ទះផងដែរ ។

គ្រប់ក្រុមគ្រួសារយោធិនពិការ គ្រូពេទ្យ និងគ្រូបង្រៀនដែលរស់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧កោះស្លាទាំងអស់បានសម្តែងនូវការដឹងគុណចំពោះគុណបំណាច់ដ៍ធំធេងមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជួយឧបត្ថម្ភ ព្រមទាំងកសាងសមិទ្ធផលនានាក្នុង មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ កោះស្លា នេះឡើង៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់