សម្ដេច​តេជោ ​ហ៊ុន សែន បន្ត​ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន​ទាំង​អស់​ត្រូវ​ខិតខំ​ផ្ទេរ​មុខងារ និងធនធាន​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២៤ កុម្ភៈ ២០១៧៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្តជំរុញឱ្យក្រសួង ស្ថាប័នថ្នាក់ជាតិទាំងអស់ត្រូវបន្តខិតខំផ្ទេរមុខងារ និងធនធានសមស្របទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិយ៉ាងតិចចំនួនមួយ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

ភ្នំពេញ ២៤ កុម្ភៈ ២០១៧៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្តជំរុញឱ្យក្រសួង ស្ថាប័នថ្នាក់ជាតិទាំងអស់ត្រូវបន្តខិតខំផ្ទេរមុខងារ និងធនធានសមស្របទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិយ៉ាងតិចចំនួនមួយ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

 

នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

 

សម្ដេចមានប្រសាសន៍ថា ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានឈានដល់ដំណាក់កាលកាន់តែស៊ីជម្រៅនោះគឺដំណាក់កាលការផ្ទេរមុខងារ និងធនធាន ដែលតម្រូវឱ្យក្រសួង ស្ថាប័ននីមួយៗត្រូវផ្ទេរមុខងារសមស្របយ៉ាងតិចចំនួនមួយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ «ខ្ញុំនៅតែបន្តអំពាវនាវឱ្យបណ្ដារដ្ឋមន្ត្រីនៅទីនេះ បន្តធ្វើការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ អត់ត្រូវនៅកកស្ទះនៅខាងលើនោះទេ [នៅក្រសួង ស្ថាប័ន]»។

 

សម្ដេចមានប្រសាសន៍បន្តទៀតថា ជាលទ្ធផល  រហូតមកដល់ពេលបច្ចុប្បន្ននេះ មានក្រសួង ស្ថាប័នចំនួន១៥ បាននឹងកំពុងដំណើរការផ្ទេរមុខងារ និងធនធាន និងបានធ្វើសំណើផ្ទេរមុខងារនិងធនធានជាបន្តបន្ទាប់ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗ។

 

ក្នុងឱកាសនោះដែរ សម្ដេចតេជោក៏មានប្រសាសន៍ឱ្យគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បន្តសហការ សម្របសម្រួល និងដឹកនាំកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុកឱ្យសមស្របតាមស្ថានភាពបច្ចុប្បន្ន ពោលគឺរៀបចំទៅជាចង្កោមៗដែលត្រូវស្ថិតក្រោមរចនាសម្ព័ន្ធដែលមានស្រាប់។ ឧទាហរណ៍ចង្កោមផលិតកម្ម មានផ្នែកកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ឧស្សាហកម្ម រ៉ែនិងថាមពល។ល៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់