ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ជួប​សំណេះសំណាល​ជា​មួយ​មន្ត្រីរាជការ​ខេត្ត​មណ្ឌលគិរី

មណ្ឌលគិរី ១៦ កញ្ញា ២០១៦៖ ក្នុងខណៈដែលអញ្ជើញចុះត្រួតពិនិត្យមើល សមិទ្ធផលពាក់កណ្ដាលអាណត្តិ និងដោះស្រាយបញ្ហាប្រឈមនានានៅខេត្តមណ្ឌលគិរីនោះ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ខេត្តមណ្ឌលគិរី មុននឹងបន្តដំណើរទៅកាន់ខេត្តរតនគិរី។

 

មណ្ឌលគិរី ១៦ កញ្ញា ២០១៦៖ ក្នុងខណៈដែលអញ្ជើញចុះត្រួតពិនិត្យមើល សមិទ្ធផលពាក់កណ្ដាលអាណត្តិ និងដោះស្រាយបញ្ហាប្រឈមនានានៅខេត្តមណ្ឌលគិរីនោះ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ខេត្តមណ្ឌលគិរី មុននឹងបន្តដំណើរទៅកាន់ខេត្តរតនគិរី។

 

ក្នុងពិធីសំណេះសំណាល សម្ដេចតេជោបានរម្លឹកពីអតីតនៃខេត្តមណ្ឌលគិរី ដែលពីមុននិងឥឡូវ គឺខុសគ្នាដាច់ស្រឡះ ដោយបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជាច្រើន ត្រូវបានកើតឡើងដូចជា ផ្លូវជាតិលេខ៧៦ ពីខេត្តមណ្ឌលគិរីទៅខេត្តរតនគិរី និងទៅកាន់រាជធានីភ្នំពេញ ដែលពីមុន ធ្វើដំណើរជាច្រើនថ្ងៃ។ តែពេលនេះធ្វើដំណើរតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

 

សម្ដេចតេជោ បានរម្លឹកដល់អាជ្ញាធរខេត្តគ្រប់លំដាប់ត្រូវជំរុញការចុះឈ្មោះបោះ ឆ្នោតឱ្យបានឆាប់រហ័ស និងបានគ្រប់ៗគ្នា។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហា ពាក់ព័ន្ធ នឹងផ្សារដែរថា អាជ្ញាធរខេត្តត្រូវធ្វើការផ្សព្វផ្សាយនូវសារាចរណែនាំផ្សារដែល បានចេញរួចហើយឱ្យបានទូលំទូលាយ ជាពិសេសត្រូវចម្លងសារាចរនេះចែកជូនអាជីវករតាមផ្សារនីមួយៗបន្ថែមទៀត។

 

សម្តេចតេជោបានរម្លឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និង ធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។

 

ទន្ទឹមនឹងនេៈត្រូវយកចិត្តទុកដាក់ ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋឱ្យ បានលឿននិងមានប្រសិទ្ធភាព មន្ត្រីត្រូវគិតថាខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា។

 

កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការដើម្បីប្រមូលពន្ធ ដើម្បីជំរុញការប្រមូលពន្ធឱ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងចំណូលថវិកាជាតិដោយយកចិត្តទុកដាក់។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

 

អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចេះសហការគ្នាសម្រួល នៅតាមតំបន់ព្រំដែន ដើម្បីការពារនូវបទល្មើសផ្សេងៗ ជាពិសេសត្រូវខិតខំបង្កើនទំនាក់ទំនង ឱ្យបានល្អជាមួយវៀតណាម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការនាំចេញ នាំចូលនូវផលិតផលឱ្យគ្នាទៅវិញទៅមក។

 

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់អាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ដោះស្រាយ បញ្ហាខ្វះខាតទឹកកន្លងមក ព្រមទាំងកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នា អភិវឌ្ឍន៍ខេត្តមណ្ឌលគិរីឱ្យកាន់តែរីកលូតលាស់ទៅមុខ។

 

សម្តេចតេជោ បានលើកឡើងផងដែរអំពីកំណើនសេដ្ឋកិច្ចកម្ពុជា៧ភាគរយ មានលំនឹងដោយសារយើងមាន ស្ថិរភាពនយោបាយល្អ និងមានដៃគូវិនិយោគទុនជាតិនិងអន្តរជាតិច្រើន ដែលមានទំនុកចិត្ត លើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

 

កិច្ចការទាំងឡាយដែលសម្រេចទៅបាន ដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងអស់ប្រកបដោយមនសិការ និងឆន្ទៈល្អ មោះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់