កិច្ចពិភាក្សាស្តីពីគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ក្នុងកិច្ចប្រជុំសាមញ្ញអាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ

ព្រះសីហនុ ១០ កញ្ញា ២០១៥៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី១៦ស្តីពីការជំរុញរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពសំដៅធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ…

ព្រះសីហនុ ១០ កញ្ញា ២០១៥៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី១៦ស្តីពីការជំរុញរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពសំដៅធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ។

 

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាអាណត្តិទី២នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្តផងដែរ។ កិច្ចប្រជុំនេះបានពិនិត្យ ពិភាក្សារបៀបវារៈចំនួន៧ រួមមាន ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី២, ២-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៥អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ៣-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២៥ ខែកក្កដាដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥) ៤-ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ។ ៥-ពិនិត្យ និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០១៥- ២០១៧), ៦-ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្តីពីការកែរសម្រួលសមាសភាពនៃគ.ក.ស.ក ខេត្ត និងបញ្ហាផ្សេងៗ។

 

ឯកឧត្តម ជាម ហ៊ីម បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ ពិភាក្សាការងារដែលបានអនុវត្តកន្លងមក ជាពិសេសការងារសណ្តាប់ធ្នាប់សាធារណៈ និងការងារចរាចរណ៍ដើម្បីកាត់បន្ថយការគ្រោះថ្នាក់នេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាចំណុចមួយបង្កឱ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់ជាច្រើនដោយសារកត្តាមនុស្ស ដូច្នេះនគរបាលចរាចរផ្លូវគោកគប្បីរឹតបន្តឹង និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តព្រះសីហនុ ។ ក្នុងនោះដែរឯកឧត្តម ក៏បានផ្តល់យោបល់ឲ្យកម្លាំងប្រដាប់អាវុធត្រៀមលក្ខណៈ សម្បត្តិដើម្បីសង្គ្រោះ និងអន្តរាគមន៍ជួយប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងគ្រោះធម្មជាតិនានា ។

 

ឯកឧត្តម ជាម ហ៊ីម បានកោតសរសើររដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានខិតខំប្រឹងប្រែងអនុវត្តការងារបានល្អប្រសើរបម្រើឱ្យចក្ខុវិស័យ និងទិសដៅយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តម បន្តទៀតថា ថ្វីត្បិតតែការអនុវត្តការងារកន្លងមកទទួលបានលទ្ធផលល្អក៏ពិតមែន ប៉ុន្តែយើងត្រូវបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនឱ្យកាន់តែល្អបន្ថែមទៀត ជាពិសេសការងារគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជាចំណុចសំខាន់នៅក្នុងមូលដ្ឋានភូមិ ឃុំរបស់យើង ហើយក៏ជាការចូលរួមប្រឡងប្រណាំងភូមិ ឃុំមានសុវត្ថិភាពផងដែរ៕ រៀបចំដោយ៖ ងូ សុមុនី

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់