អត្រា​អនាម័យ​ជនបទ​សម្រេច​បាន​តាម​គោលដៅ (​ភ្នំពេញ​ប៉ុស្តិ៍)

ភ្នំពេញ ២៤ កុម្ភៈ ២០១៦៖ ក្រសួងអភិវឌ្ឍន៍ជនបទកាល ពីម្សិលបានប្រកាសថាក្រសួងបានសម្រេចអត្រាគ្របដណ្តប់អនាម័យជនបទបាន ៤៦,២ ភាគរយ និងអត្រាគ្របដណ្តប់ផ្គត់ផ្គង់ទឹកស្អាតជនបទបាន ៥០ ភាគរយក្នុងឆ្នាំ ២០១៥ ជាការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា។

ភ្នំពេញ ២៤ កុម្ភៈ ២០១៦៖ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីម្សិលបានប្រកាសថាក្រសួងបានសម្រេចអត្រា គ្របដណ្តប់អនាម័យជនបទបាន ៤៦,២ ភាគរយ និងអត្រាគ្របដណ្តប់ផ្គត់ផ្គង់ទឹកស្អាតជនបទបាន ៥០ ភាគរយក្នុងឆ្នាំ ២០១៥ ជាការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា។

 

ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦ នៅសាលសន្និសីទចតុមុខដោយបានបង្ហាញរបាយការណ៍របស់ខ្លួនឲ្យដឹងថាអត្រាគ្របដណ្តប់អនាម័យជនបទសម្រេចបាន ៤៦,២ ភាគរយលើសពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលបានកំណត់ថានៅឆ្នាំ ២០១៥ ប្រជាពលរដ្ឋ ៣០ ភាគរយដែលរស់នៅតំបន់ជនបទត្រូវរស់នៅដោយទទួលបាននូវសេវាអនាម័យល្អ។

 

ចំណែកអត្រាគ្របដណ្តប់ការផ្តត់ផ្គង់ទឹកស្អាតជនបទសម្រេចបាន ៥០ ភាគរយមានន័យថាកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលកំណត់ថានៅឆ្នាំ ២០១៥ ប្រជាពលរដ្ឋ ៥០ ភាគរយដែលរស់នៅក្នុងតំបន់ជនបទត្រូវមានសេវាទឹកស្អាតសម្រាប់ប្រើប្រាស់។

 

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងក្នុងអង្គសន្និបាតថាក្នុងឆ្នាំ ២០១៥ ក្រសួងបានចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាក្នុងវិស័យទឹកស្អាត និងអនាម័យ។

 

លោកបានថ្លែងថា៖ «នេះជាសមិទ្ធផលសំខាន់ៗតាមវិស័យដែលក្រសួងសម្រេចបានក្នុងឆ្នាំ ២០១៥ ហើយបន្តសម្រាប់ទិសដៅឆ្នាំ ២០១៦ ធានាបានថាប្រជាពលរដ្ឋនៅជនបទទទួលបានអនាម័យល្អ និងមានទឹកស្អាតប្រើប្រាស់»។

 

ក្នុងឆ្នាំ ២០១៥ ក្រសួងបានសង់អណ្តូងស្នប់បាន ១៨៩ និងអណ្តូងលូបាន ៣១ សាងសង់ស្រះសហគមន៍ផលិតធុងចម្រោះជីវសាស្រ្តបានចំនួន ២០០ ធុងជាដើម។ ជាមួយនេះក៏បានសាងសង់បង្គន់អនាម័យគ្រួសារបាន ២៧៤៤ បង្គន់នៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តព្រៃវែង។

 

តាមបទបង្ហាញរបស់លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទបានឲ្យដឹងថាបើគិតពីឆ្នាំ ១៩៩៨ អត្រាគ្របដណ្តប់នៃអនាម័យជនបទមានត្រឹមតែ ៨,៦ ភាគរយនៅ ឆ្នាំ ១៩៩៨ ដោយបន្តទាបនៅឆ្នាំ ២០០៣។ រាជរដ្ឋាភិបាលបានកំណត់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាឆ្នាំ ២០១៥ ត្រឹម ៣០ ភាគរយសម្រាប់ការលើកកម្ពស់អនាម័យជនបទ។ ជាលទ្ធផលយើងបានសម្រេចគោលដៅទាំងអស់នេះ។

 

លោកថា «វិស័យលើកកម្ពស់អនាម័យជនបទបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងទើបការងារនេះបានជោគជ័យជួយដល់ប្រជាពលរដ្ឋរស់នៅតាមជនបទឲ្យមានអនាម័យ»។

 

ចំណែកលោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបានបង្ហាញថាមន្ទីរបានអនុវត្តផែនការគ្រប់គ្រងអនាម័យជនបទដែលជាខេត្តមួយនៅឆ្ងាយទីក្រុងចាំបាច់ត្រូវការអនាម័យ និងទឹកស្អាតសម្រាប់ពលរដ្ឋដែលរស់នៅខេត្តមួយនេះ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់