រដ្ឋមន្ត្រី​ក្រសួង​​អភិវឌ្ឍន៍​​ជនបទ​​៖ ផ្លូវ​​ជនបទ​​ គឺ​ជា​​គោលដៅ​​យុទ្ធសាស្ត្រ​​ដ៏​​សំខាន់​​សម្រាប់​​ជួយ​​កាត់​​បន្ថយ​​ភាព​​ក្រីក្រ​

ភ្នំពេញ ០១ ធ្នូ ២០១៤៖ ផ្លូវក្រាលកៅស៊ូពីរជាន់ចំនួន ៤ ខ្សែ នៅខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម គឺជាគោលដៅយុទ្ធសាស្រ្តដ៏សំខាន់ដែលអាចជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផលិតផលផ្សេងៗរបស់ប្រជាពលរដ្ឋ…

ភ្នំពេញ ០១ ធ្នូ ២០១៤៖ ផ្លូវក្រាលកៅស៊ូពីរជាន់ចំនួន ៤ ខ្សែ នៅខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម គឺជាគោលដៅយុទ្ធសាស្រ្តដ៏សំខាន់ដែលអាចជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផលិតផលផ្សេងៗ របស់ប្រជាពលរដ្ឋ ដោយចំណេញទាំងពេលវេលា និងថវិកា ដែលអាចជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទីជនបទផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

 

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយលោកបណ្ឌិត Shihiru Date មន្ត្រីជាន់ខ្ពស់ផ្នែកដឹកជញ្ជូននៃការិយាល័យកណ្ដាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី រួមជាមួយសមាជិកក្រុមបេសកកម្ម បានអញ្ជើញពិនិត្យផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) និងមូលនិធិអភិវឌ្ឍន៍ណ័រឌិក (NDF)។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុផារ៉ា ក៏បានមានប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ និងបានជម្រាបជូនប្រជាពលរដ្ឋថាដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការចូលរួមចំណែកគាំទ្រពីអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋគ្រប់ទីកន្លែង រួមជាមួយនឹងការជួយជ្រោមជ្រែងពីម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នានា ក្រសួងអភិវឌ្ឍន៍ជនបទបានបន្តខិតខំយ៉ាងសកម្ម ធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ តាមរយៈការបន្តកសាងផ្លូវជនបទ ការរៀបចំឲ្យមានដំណើរការនៃប្រព័ន្ធគ្រប់គ្រង និងថែទាំផ្លូវជនបទ ជាពិសេសការកែលំអផ្លូវជនបទ ជាជំហានៗ ពីផ្លូវក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ ឬ ផ្លូវបេតុង។ 

 

ទន្ទឹមនេះ ឯកឧត្តម ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ហើយប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ត្រូវចូលរួមដាំដើមឈើនៅតាមដងផ្លូវពិសេសគឺត្រូវចាប់ផ្តើមពីមុខផ្ទះរបស់ បងប្អូនទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ និងខូចខាតផ្លូវដោយសារបម្រែបម្រួលអាកាសធាតុ ពិសេសធ្វើឲ្យបរិស្ថានធម្មជាតិនៅក្នុងភូមិកាន់តែមានភាពល្អប្រសើរ៕

 

ផ្លូវដែលបញ្ចប់ការកែលម្អពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៤ ខ្សែនោះមាន១ ខ្សែ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ១ ខ្សែស្ថិតក្នុងខេត្តកំពង់ធំ និង២ ខ្សែ ស្ថិតក្នុងខេត្តកំពង់ចាម ដែល១ ខ្សែមិនទាន់បានបញ្ចប់នៅឡើយ ដែលមានប្រវែងដូចខាងក្រោម៖

១) ខេត្តត្បូងឃ្មុំ

ខ្សែទី១៖ ពីឃុំប៉ើស២-ទៅឃុំក្តុលលើ (ភូមិទ្រា) ប្រវែង ២១,២០៦ គ.ម មានលូមូលចំនួន ៩ កន្លែង លូប្រអប់ ១ កន្លែង និងស្ពាន ១ កន្លែង ស្ថិតក្នុងស្រុកក្រូចឆ្មារ ឆ្លងកាត់ឃុំចំនួន ៤ (ឃុំប៉ើស២ ស្វាយឃ្លាំង ក្រូចឆ្មារ និងឃុំទ្រា) និងភូមិចំនួន ៨ ។

 

២) ខេត្តកំពង់ធំ

ខ្សែទី១៖ ពីឃុំប្រាសាទសំបូរ ទៅឃុំសណ្តាន់ ប្រវែង ៦៥,៩៨៧ គ.ម មានលូមូល ១៨ កន្លែង លូប្រអប់ ៧ កន្លែង ឆ្លងកាត់ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ឆ្លងកាត់ ឃុំចំនួន ៩ (ឃុំជ័យ សំបូរ ឈូក គោល ក្លែង ឈើទាល សណ្តាន់ មានរិទ្ធ និងឃុំងន)

 

៣) ខេត្តកំពង់ចាម

ខ្សែទី១៖ ពីផ្សារផ្អាវ-ឃុំត្រប់ ប្រវែង ១៦,៧២០ គ.ម មានលូមូលចំនួន ៣៤ កន្លែង ឆ្លងកាត់ស្រុកបាធាយ ឆ្លងកាត់ឃុំចំនួន ៥ (ឃុំផ្អាវ ជើងព្រៃ ទំនប់ សណ្តែក និងឃុំត្រប់) និងភូមិចំនួន ១៦។

 

ខ្សែទី២៖ ពីភ្នំហាន់ជ័យ-ស្ទឹងត្រង់ ប្រវែង ៩,៩៥៩ គ.ម លូមូលចំនួន ២ កន្លែង លូប្រអប់ ចំនួន ៣ កន្លែង ឆ្លងកាត់ស្រុកស្ទឹងត្រង់ ឆ្លងកាត់ឃុំចំនួន ២ (ឃុំព្រែកបាក់ និងឃុំព្រែកកក់) និងភូមិចំនួន ៥ ។

 ដកស្រង់ចេញពីគេហទំព័រ CEN

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់