នៅ​ក្នុង​ឆ្នាំ​២០១៥ បរិមាណ​ផល​ស្រូវ​នឹង​កើន​ឡើង​ប្រមាណ​៣ភាគរយ

ភ្នំពេញ ២៩ មេសា ២០១៥៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា បរិមាណផល ស្រូវសរុបសម្រាប់ការបង្កបង្កើនផលស្រូវក្នុងឆ្នាំ២០១៥នេះ ត្រូវបានរំពឹងថានឹង កើនឡើងប្រមាណ៣ភាគរយ ដោយសារតែកត្តាអាកាសធាតុអំណោយផលល្អ និងទឹកភ្លៀងធ្លាក់គ្រប់គ្រាន់នៅដើមរដូវវស្សានេះ…

ភ្នំពេញ ២៩ មេសា ២០១៥៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា បរិមាណផល ស្រូវសរុបសម្រាប់ការបង្កបង្កើនផលស្រូវក្នុងឆ្នាំ២០១៥នេះ ត្រូវបានរំពឹងថានឹង កើនឡើងប្រមាណ៣ភាគរយ ដោយសារតែកត្តាអាកាសធាតុអំណោយផលល្អ និងទឹកភ្លៀងធ្លាក់គ្រប់គ្រាន់នៅដើមរដូវវស្សានេះ។

យោងតាមមន្រ្ដីជំនាញកសិកម្មផ្នែកដំណាំស្រូវបានបញ្ជាក់ថា ជាទិសដៅ និងផែនការ ក្រៅពីការបង្កើនផ្ទៃដីដាំដុះ ក្រសួងនឹងខិតខំបង្កើនទិន្នផលស្រូវ ដែលបច្ចុប្បន្ននេះជាមធ្យមទទួលបាន៣តោន ក្នុងមួយហិកតារឱ្យកើនដល់៤,៥ តោន។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ លោកបណ្ឌិត យ៉ង់ សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា (សេដាក) បានលើកឡើងថា តាមការព្យាករណ៍របស់សេដាកក៏នឹងរំពឹងទុកថា បរិមាណផលស្រូវនៅក្នុងឆ្នាំ២០១៥នេះ មានភាពល្អប្រសើរជាងឆ្នាំ២០១៤កន្លងមកផងដែរ។ 

ទឹកភ្លៀងគឺជាផ្នែកមួយប៉ុណ្ណោះ ហើយអ្វីដែលសំខាន់ក្រសួងកសិកម្ម ត្រូវគិតគូរអំពីការស្ដារប្រឡាយ និងប្រព័ន្ធធារាសាស្ត្រ ដើម្បីរក្សាទុកទឹកភ្លៀងឱ្យបានល្អ ពិសេសការជួសជុលស្ដារឡើងវិញ និងការគ្រប់គ្រងទឹកសម្រាប់ទុកឱ្យកសិករធ្វើស្រែនៅរដូវប្រាំងបានបន្ដទៀត ។

លោកបណ្ឌិតបន្ដថា នៅដើមរដូវវស្សាក្នុងឆ្នាំនេះ ក្រសួងគួរតែដាក់មន្រ្ដីជំនាញបច្ចេកទេសកសិកម្មចុះបណ្ដុះបណ្ដាលណែនាំដល់កសិករ និងចុះដល់ស្រែកសិករផ្ទាល់ ដើម្បីឱ្យពួកគាត់ មានការយល់ដឹង និងរៀបចំអនុវត្តតាមបច្ចេកទេសកសិកម្មត្រឹមត្រូវ ។ ទន្ទឹមនឹងនេះ ក្រសួងក៏ត្រូវស្វែងរកទីផ្សារលក់ផលិតផលស្រូវក្នុងតម្លៃមួយសមរម្យ ខណៈពេលដែលពួកគាត់ខិតខំផលិត ហើយទទួលបានទិន្នផលស្រូវខ្ពស់ ដើម្បីឱ្យកសិករទទួលបានផលចំណេញ និងជួយលើកកម្ពស់ជីវភាពរស់នៅផងដែរ។

លោកបណ្ឌិតក៏បានជំរុញដល់មន្រ្ដីជំនាញក្រសួងកសិកម្ម ត្រូវបង្កើនការ អប់រំផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្ម ការប្រើប្រាស់ជីកសិកម្ម ការប្រើប្រាស់ពូជ និងចុះបង្រៀនដល់បងប្អូនកសិករអំពីការធ្វើស្រែតាមប្រព័ន្ធប្រពលវប្បកម្ម ដើម្បីបង្កើនទិន្នផលស្រូវ និងផលដំណាំ ឱ្យបានកាន់តែច្រើន។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្មបានឱ្យដឹងថា ការ ប្រមូលផលស្រូវសរុបកាលពីឆ្នាំ២០១៤ បានចំនួន៩,៣២លានតោន បើប្រៀបធៀបនៅឆ្នាំ២០១៣ គឺទទួលបានទិន្នផលស្រូវ៩,៣៨លានតោន ពោលគឺមាន ការថយចុះប្រមាណ០,៧ ភាគរយ៕ ដោយ៖ អ៊ុន រិទ្ធី

ដកស្រង់ចេញពីគេហទំព័រAKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់