ភ្នំពេញ​ប៉ុស្តិ៍៖ រដ្ឋាភិបាល​ឲ្យ​ជប៉ុន​ស្ថាបនា​អាង​ចិញ្ចឹម​ត្រី​ [Aquarium] ទឹក​សាប

ភ្នំពេញ ២៨ វិច្ឆិកា ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងនឹងស្ថាបនាអាងពិព័រណ៍ចិញ្ចឹមត្រីដ៏ធំមួយ (Aquarium) លើផ្ទៃដីទំហំប្រមាណ ៥ ហិកតាសម្រាប់បម្រើឲ្យទេសចរណ៍ និងការសិក្សាស្រាវជ្រាវពូជត្រីទឹកសាបគ្រប់ប្រភេទនៅតាមបណ្ដោយបឹងទន្លេសាប និងទន្លេមេគង្គដែលជាជំនួយរបស់មិត្តជប៉ុនក្នុងទឹកប្រាក់១០០ លានដុល្លារ។

ភ្នំពេញ ២៨ វិច្ឆិកា ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងនឹងស្ថាបនាអាងពិព័រណ៍ចិញ្ចឹមត្រីដ៏ធំមួយ (Aquarium) លើផ្ទៃដីទំហំប្រមាណ ៥ ហិកតាសម្រាប់បម្រើឲ្យទេសចរណ៍ និងការសិក្សាស្រាវជ្រាវពូជត្រីទឹកសាបគ្រប់ប្រភេទនៅតាមបណ្ដោយបឹងទន្លេសាប និងទន្លេមេគង្គដែលជាជំនួយរបស់មិត្តជប៉ុនក្នុងទឹកប្រាក់១០០ លានដុល្លារ។

 

គម្រោងនេះត្រូវបានព្រមព្រៀងនៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃសុក្រសប្ដាហ៍មុននៅវិមានសន្តិភាពរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា និងអតីតអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។

 

តាមព័ត៌មានដែលបានចេញផ្សាយក្នុងហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីបានថ្លែងថា៖ «អាង Aquarium នេះគឺមិនត្រឹមតែទាក់ទាញទេសចរទេគឺនឹងផ្តល់ឱកាសឲ្យប្រជាជាតិទាំងក្នុងតំបន់ និងអន្តរជាតិអាចមកសិក្សាស្រាវជ្រាវពូជត្រី ការភ្ញាស់ និងថែរក្សាពូជត្រីទឹកសាបនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះគម្រោងនេះក៏អាចផ្តល់ពូជត្រី និងវិធីសាស្រ្តល្អៗក្នុងការចិញ្ចឹមត្រីដល់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះរស់នៅតាមច្រាំងទន្លេអាចចិញ្ចឹមត្រីសម្រាប់ទទួលទានបានយ៉ាងងាយស្រួលទៀតផង។ យើងរំពឹងថាអាងពិព័រណ៍ត្រី Aquarium ទឹកសាបនៅកម្ពុជាអាចនឹងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនបន្ទាប់ពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញ»។

 

សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យបង្កើតជាគណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ជាប្រធាន និងមាន ឯកឧត្តម សុខ ចិន្តាសោភា ជាអនុប្រធានប្រចាំការព្រមទាំងមានសមាសភាពរដ្ឋលេខាធិការមួយចំនួនទៀតមកពីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ។

 

សម្ដេចនាយករដ្ឋមន្ត្រីបានណែនាំផងដែរឲ្យរៀបចំគណៈកម្មការអន្តរក្រសួងឲ្យបានឆាប់ហើយសិក្សាអំពីទីតាំង និងផលប៉ះពាល់នានាឲ្យបានច្បាស់លាស់ដើម្បីជំរុញគម្រោងខាងលើនេះឲ្យចេញជារូបរាងប្រកបដោយជោគជ័យដែលជាមរតកសម្រាប់កម្ពុជា និងប្រជាជាតិអាស៊ានទាំងមូលដើម្បីបានឃើញពីពូជត្រីគ្រប់ប្រភេទនៅតាមដងទន្លេសាប និងទន្លេមេគង្គ។ យោងតាមទីភ្នាក់ងាររបស់រដ្ឋាភិបាល AKP បានឲ្យដឹងថាគម្រោងនេះនឹងបញ្ចប់មុនឆ្នាំ ២០២៣។

 

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានថ្លែងកាលពីម្សិលមិញថាគម្រោងនេះមិនទាន់មានអ្វីច្បាស់លាស់នៅឡើយទេព្រោះខាងក្រសួងកំពុងស្វែងរកទីតាំងដែលមានទំហំដី ៥ ហិកតាដែលស្ថាបនាបែបធម្មជាតិ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់