រាជ​រដ្ឋាភិបាល​កម្ពុជា បង្កើន​ថវិកា​២​លាន​ដុល្លារ​ បន្ថែម​លើ​ថវិកា​ផ្ដល់​រួច​ហើយ​ចំនួន​៣,២លានដុល្លារ​ ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា (AKP)

ភ្នំពេញ ៣ កញ្ញា ២០១៥៖ ដើម្បីទ្រទ្រង់ចីរភាពប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា រាជរដ្ឋាភិបាលនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់ចំនួន២លានដុល្លារអាម៉េរិក បន្ថែមលើថវិកាវិភាគទានជាសាច់ប្រាក់៣,២លានដុល្លារអាម៉េរិក ដែលបានសម្រេចផ្តល់ឱ្យមន្ទីរពេទ្យរួចហើយ ហើយនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់រហូតដល់៦លានដុល្លារអាម៉េរិកនៅឆ្នាំ២០១៦ …

ភ្នំពេញ ៣ កញ្ញា ២០១៥៖ នៅក្នុងដំណើរទស្សនកិច្ចនិងត្រួតពិនិត្យមើលពីស្ថានភាពនៃការផ្តល់សេវាសុខាភិបាល ការថែទាំសុខភាពនិងការគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កាលពីព្រឹកថ្ងៃទី០២  ខែកញ្ញា ឆ្នាំ២០១៥នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបឱ្យដឹងថា ដើម្បីទ្រទ្រង់ចីរភាពប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា រាជរដ្ឋាភិបាលនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់ចំនួន២លានដុល្លារអាម៉េរិក បន្ថែមលើថវិកាវិភាគទានជាសាច់ប្រាក់៣,២លានដុល្លារអាម៉េរិក ដែលបានសម្រេចផ្តល់ឱ្យមន្ទីរពេទ្យរួចហើយ ហើយនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់រហូតដល់៦លានដុល្លារអាម៉េរិកនៅឆ្នាំ២០១៦។ នៅពេលខាងមុខរាជរដ្ឋាភិបាលនឹងខិតខំពិនិត្យលទ្ធភាពពង្រឹងការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាជាបន្តទៀត និងស្វែងរកវិធីសាស្រ្តសមស្របសំដៅរក្សាមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យរដ្ឋប្រកបដោយស្តង់ដារសេវាសុខភាពគំរូ។

 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោយការចុះធ្វើ ទស្សនកិច្ចនិងត្រួតពិនិត្យរួចមកបានឱ្យដឹងថា មកដល់បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាសម្រេចសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាលរួមមាន៖ ការផ្តល់ប្រឹក្សាវេជ្ជសាស្រ្តដល់អ្នកជំងឺកុមារចំនួន១៤,៥លាននាក់, ការផ្តល់ការព្យាបាលជាសះស្បើយដល់កុមារចំនួន១,៦លាននាក់ ដែលមានជំងឺធ្ងន់ធ្ងរ, ការផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺរលាកខួរក្បាលដល់កុមារប្រមាណ ៥០០ នាក់ក្នុងមួយថ្ងៃ, ការផ្តល់សេវាពិនិត្យផ្ទៃពោះដល់ស្រ្តីមានផ្ទៃពោះនិងការផ្តល់សេវាសម្រាលមាតុភាព។

 

ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា កន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុក ដាក់និងផ្តល់ការទ្រទ្រង់ចំពោះសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យ វរ្ម័នទី៧ជាបន្តបន្ទាប់ជាពិសេសនៅក្នុងឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលបានចូលរួមបដិភាគថវិកាប្រមាណ៦,៥លានដុល្លារអាម៉េរិក ក្នុងនោះមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញចំនួន២១.៩៧៣ លានរៀល(ប្រមាណ៥,៤លានដុល្លារអាម៉េរិក), បៀវត្សរ៍បុគ្គលិកក្របខ័ណ្ឌ១៤២នាក់នៅមន្ទីរ ពេទ្យគន្ធបុប្ផាភ្នំពេញចំនួន១.១៣៦លានរៀល(ប្រមាណ២៨០.០០០ ដុល្លារអាម៉េរិក), ចំណាយដំណើរការចំនួន៧.៩៧៧លានរៀល (ប្រមាណ ១,៩លានដុល្លារ អាម៉េរិក), ជំនួយសង្គម (ជំនួយប្រជាជនសម្រាកពេទ្យ)ចំនួន១២.៨៦០លានរៀល (ប្រមាណ ៣,២លានដុល្លារអាម៉េរិក)។ ចំណាយដំណើរការមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាបចំនួន៤.៥៦០លានរៀល (ប្រមាណ១,១លានដុល្លារអាម៉េរិក) សម្រាប់អគ្គិសនី និងទឹក៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)

 

ទាញយក សេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់