រាជរដ្ឋាភិបាល​ នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​បៀវត្ស​ថ្មី​ នៅ​ក្នុង​ឆ្នាំ​២០១៥​ (CEN)

ភ្នំពេញ ២៦ កញ្ញា ២០១៤៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងកសាងប្រព័ន្ធបៀវត្សមួយ ដែលបច្ចុប្បន្នយើង មិនទាន់មានប្រព័ន្ធបៀវត្សត្រឹមត្រូវនោះទេ គឺនៅដាច់ដោយឡែកៗពីគ្នាហើយប្រព័ន្ធបៀវត្សមួយ ជាក់លាក់នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៥…

ភ្នំពេញ ២៦ កញ្ញា ២០១៤៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុង កសាងប្រព័ន្ធបៀវត្សមួយ ដែលបច្ចុប្បន្នយើងមិនទាន់មានប្រព័ន្ធបៀវត្សត្រឹមត្រូវនោះទេ គឺនៅដាច់ដោយឡែកៗពីគ្នាហើយប្រព័ន្ធបៀវត្សមួយ ជាក់លាក់នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៥ ខាងមុខបន្ទាប់ពីការធ្វើកំណែទម្រង់ ប្រព័ន្ធបៀវត្សឡើងវិញ។

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត ជ័យលាភីនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា សរុបចំនួន ២.៣៩៨ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ឥឡូវនេះយើងអត់ទាន់មានប្រព័ន្ធបៀវត្សមួយពិតប្រាកដទេ ដូច្នេះប្រព័ន្ធបៀវត្សមួយត្រូវបានរៀបចំ ឡើងដោយធ្វើកំណែទម្រង់ ហើយប្រាក់បៀវត្សមន្ត្រីរាជការ នឹងមានការកើនឡើងពិសេសគ្រូបង្រៀន និងគ្រូពេទ្យ។

សម្តេចតេជោហ៊ុន សែន បានថ្លែងថាយោងតាមការអនុវត្តផែនការថវិកាពាក់កណ្តាលឆ្នាំ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពទៅលើក្រសួងអប់រំ និងក្រសួងសុខាភិបាល គឺជាក្រសួងអាទិភាព ក្នុងការដំឡើងបៀវត្សមុនគេ ដោយសារថានៅក្នុងក្របខណ្ឌមន្ត្រីរាជការជាង ១៨ ម៉ឺន នាក់ ក្នុងនោះក្របខណ្ឌគ្រូបង្រៀនមានចំនួន ជាង ១១ ម៉ឺននាក់ និងគ្រូពេទ្យមានជាង ១៩.០០០ នាក់។
 
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់ក្របខណ្ឌគ្រូបង្រៀន ដែលមានប្រាក់ខែច្រើនហើយពុំបានដំឡើងទៀតទេ ការដំឡើង សម្រាប់ក្របខណ្ឌគ្រូដែលមានប្រាក់ខែទាប ដែលក្នុងនោះក្របខណ្ឌមន្ត្រីការិយាល័យនៅតាមសាលា គឺទាបបំផុត ៤២៤.០០០ រៀលនោះ នៅក្នុងខែកញ្ញាខាងមុខ នឹងឡើងដល់ ៥០៥.០០០ រៀល ហើយចាប់ពីខែមករា ដល់ខែមិនា ឆ្នាំ២០១៥ នឹងឡើងដល់ ៥០៧.៨០០ រៀល ហើយចាប់ពី ខែមេសាទៅឡើងដល់ ៥៥២.៨០០ រៀល។ ចំណែកក្របខណ្ឌគ្រូបឋមសិក្សា ដែលមានរហូតដល់ទៅ ៥១.៦១៥ នាក់នោះ ប្រាក់ខែទាបបំផុត ៤៨២.៨០០រៀលនោះ ចាប់ពីខែកញ្ញាទៅ នឹងឡើងដល់ ៥៥០.០០០ រៀល ហើយចាប់ពីខែមករា ដល់មីនា ឆ្នាំ២០១៥ នឹងឡើងដល់ ៥៦៦.៤៨០ រៀល ហើយចាប់ពីខែមេសាទៅ នឹងឡើងដល់ ៦៤៦.៤៨០ រៀល។ អ្នកដែលទៅបង្រៀននៅតំបន់ដាច់ស្រយាល ត្រូវបានបន្ថែមចំនួន ៨០.០០០ រៀលទៀត។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងទាក់ទងពីការដំឡើងប្រាក់បៀវត្សដល់គ្រូបង្រៀនដែរថា នឹងឡើងចាប់ពីខែកញ្ញា ឆ្នាំ២០១៤ នេះ ក៏ប៉ុន្តែដោយការរៀបចំមិនទាន់រួចរាល់ទាំងស្រុង ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងជំរុញការរៀបចំ ឱ្យរួចរាល់ ក្នុងពេលខាងមុខ នៅពេលបើកប្រាក់បៀរវត្សនៅខែតុលាខាងមុខ នឹងបើកប្រាក់រំលឹកបន្ថែមជូនវិញ បន្ទាប់ពីការរៀបចំដល់គ្រូបង្រៀនរួចនឹងរៀបចំដល់គ្រូពេទ្យជាបន្តទៀត ដែលវិស័យទាំងពីរនេះជាអាទិភាព ដើម្បីពង្រាយគ្រូបង្រៀននិងគ្រូពេទ្យទៅដល់ជនបទ។

ទាក់ទងនឹងប្រាក់បៀវត្សនេះដែរ សម្តេចក៏បានសរសើរដល់ក្រសួងមួយចំនួន ដែលបានបើកប្រាក់ខែជូនមន្ត្រីរាជការបានមុនបុណ្យភ្ជុំបិណ្ឌ លើកលែងតែក្រសួងស្ថាប័នចំនួន ៧ ប៉ុណ្ណោះ ដោយសារតែសាមីក្រសួងមិនបានបញ្ជូនឯកសារដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាន់ពេលវេលា។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ក្រសួងទាំង ៧ នោះ រួមមាន ក្រសួងផែនការ ក្រសួងសាធារណៈការ និង ដឹកជញ្ជូន ក្រសួងកិច្ចការនារី ក្រសួងអភិវឌ្ឍន៍ជនបទ សាលាឧទ្ធរណ៍ អគ្គសវនកម្មជាតិ និងអង្គភាពប្រឆាំងពុករលួយ ។

សម្តេចបានមានប្រសាសន៍ថា ប្រធានស្ថាប័នទាំង ៧ នេះត្រូវតែបើកប្រាក់បៀវត្សជូនមន្ត្រីរាជការរបស់ខ្លួនឲ្យបានមុនដំណាច់ខែ ដោយសម្តេចបានលើកឡើងថា កុំអាងតែខ្លួនធ្វើធំមានលុយចាយហើយ មិនខ្វល់ពីប្រាក់បៀវត្សរបស់មន្ត្រីថ្នាក់ក្រោមឲ្យសោះ សម្តេចនឹងធ្វើការតាមដានបញ្ហានេះដោយមិនឲ្យដឹងខ្លួនឡើយ ហើយសម្តេចក៏នឹងមានវិធានការចំពោះមន្ត្រីទាំងនោះ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអះអាងពីការគិតគូការតម្លើងប្រាក់ខែសម្រាប់កម្មករនិយោជិត ដែលបញ្ហានេះរាជរដ្ឋាភិបាលកំពុងធ្វើការពិភាក្សា ដើម្បីតម្លើងបៀវត្សផងដែរ។                           
 សម្តេចតេជោក៏បានលើកឡើងផងដែរពាក់ព័ន្ធជាមួយរដូវភ្ជុំបិណ្ឌកន្លងមក ដោយបានថ្លែងអំណរគុណចំពោះអាជ្ញាធរ ដែនដី និងសមត្តកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ការពារសុវត្តិភាពជូនប្រជាពលរដ្ឋបានល្អ ទោះបីមិនបានល្អឥតខ្ចោះ តែវាប្រសើជាងប្រទេសមួយចំនួននៅលើពិភពលោក នៅពេលដែលយើងកំពុងសប្បាយរីករាយក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ តែពួកគេត្រូវទទួលរងនូវការបាញ់ប្រហារពីលើអាកាសពីសំណាក់កងទ័ពអាមេរិក។

សម្តេចបានលើកឡើងផងដែរថា កត្តាសន្តិភាពគឺជាកត្តាចំបងបំផុតដែលធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងប្រទេសជាតិមានឳកាសអភិវឌ្ឍន៍ ។

សម្តេចបានបន្តថា ប្រជាពលរដ្ឋបានធ្វើដំណើរពេញទូទាំងប្រទេស ក្នុងឱកាសភ្ជុំបិណ្ឌនេះ គឺដោយសារមានកត្តា៤ ទីមួយ សុខសន្តិភាពពេញផ្ទៃប្រទេស ទីពីរាជរដ្ឋាភិបាលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ទីបីមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋមានការកើនឡើងទាំងមធ្យោបាយផ្ទាល់ខ្លួន និងរថយន្តឈ្នួល និង ទីបួនគឺប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង។

នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការឈប់ពិសារបារីជាស្ថាពរហើយ។ ដោយបានប្រើពេលជាង១៤ ឆ្នាំ ក្នុងការតស៊ូជាមួយខ្លួនឯងឈប់ជក់បារីនេះ។

លោកបណ្ឌិត សោម សុមុនី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រខាងលើនេះបានបញ្ចប់ការសិក្សាចាប់ពីឆ្នាំសិក្សា ២០០៧-២០០៨ ដល់ឆ្នាំសិក្សា២០១២-២០១៣ ក្នុងនោះក៏មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១៥០នាក់ នារី ៤៧នាក់ផងដែរ។ ក្នុងចំណោមនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មាននិស្សិតឥស្សរជនជាមន្ត្រីរាជការមានចំនួន ១.២០២ នាក់ នារី ១៩៤ នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១.១៣៧ នាក់ និង ថ្នាក់បណ្ឌិតចំនួន ៦៥ នាក់។

ព្រមជាមួយនឹងការអបអរសាទរចំពោះសមិទ្ធផលនៃការបណ្តុះបណ្តាលធនធានមនុស្សនៅសាកលវិទ្យាល័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មិនភ្លេចពីការអំពាវនាវដល់គ្រប់សាកលវិទ្យាល័យទាំងអស់ទាំងរដ្ឋ និងឯកជនត្រូវខិតខំពង្រឹងគុណភាពអប់រំឱ្យមានកំរិតប្រហាក់ប្រហែលគ្នា។

 សម្តេចក៏បានបន្តថា ការប្រឡងបាក់ឌុប នាពេលកន្លងទៅនេះ គឺជាការបញ្ជាក់អំពីគុណភាពអប់រំនៅកម្ពុជា ហើយក៏ជាការបញ្ជាក់ថា អ្នកចេះ គឺជាប់ ដែលនេះគឺជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យ អប់រំ ហើយកំណែទម្រង់នេះនឹងបន្តទៅមុខជារៀងរហូត៕ ដោយ៖ រិទ្ធី

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់