រាជរដ្ឋាភិបាល​បង្ហាញ​ពី​ឆន្ទៈ​ផ្នែក​នយោបាយ​យ៉ាង​មោះមុត​ លើ​កម្ម​វិធី​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​​

ភ្នំពេញ ៨ មិថុនា ២០១៥៖ «កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ អភិបាលកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន ព្រមទាំងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ហើយរដ្ឋាភិបាលកម្ពុជាមានឆន្ទៈយ៉ាងមោះមុតផ្នែកនយោបាយក្នុងការបន្តអនុវត្តកម្មវិធីនេះ» …

ភ្នំពេញ ៨ មិថុនា ២០១៥៖ «កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ អភិបាលកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន ព្រមទាំងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ហើយរដ្ឋាភិបាលកម្ពុជាមានឆន្ទៈយ៉ាងមោះមុតផ្នែកនយោបាយក្នុងការបន្តអនុវត្តកម្មវិធីនេះ» ។ នេះជាការថ្លែងរបស់ ឯកឧត្តម ឧបកនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងពិធីចុះហត្ថលេខាព្រមព្រៀងទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលស្វីស និងរដ្ឋាភិបាលស៊ុយអែដ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។

 

ឯកឧត្តម ស ខេង តំណាងអោយរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា ជាមួយរដ្ឋាភិបាលស្វីស និងរដ្ឋាភិបាលស៊ុយអែដ ក្នុងការទទួលហិរញ្ញប្បទានចំនួន១៥,៨ លានដុល្លារអាមេរិក ក្នុងការអនុវត្តកម្មវិធីអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២)  (២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ (២០០៩-២០១៩)។

 

ក្នុងពិធីចុះហត្ថលេខានោះ ឯកឧត្តម ស ខេង ក៏បានប្រសាសន៍ផងដែរថា ការផ្តល់ហិរញ្ញប្បទានគាំទ្ររបស់រដ្ឋាភិបាលស្វីស និងរដ្ឋាភិបាលស៊ុយអែដនៅពេលនេះ នឹងផ្តល់លទ្ធភាពអោយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសគឺ គ.ជ.អ.ប ក្នុងការពង្រឹងសមត្ថភាព និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិអោយមានភាពកាន់តែប្រសើរបន្ថែមទៀត ពិសេសគឺដល់រដ្ឋបាលថ្នាក់ក្រុងស្រុក។ ឯកឧត្តមក៏បានបន្ថែមថា រាជរដ្ឋភិបាលកម្ពុជាមានឆន្ទៈយ៉ាងមោះមុតក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ ហើយឆន្ទៈទាំងនេះបានឆ្លុះបញ្ចាំងក្នុងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានថ្មីៗនានាដែលបានរៀបចំ និងដាក់អោយអនុម័តនាពេលកន្លងមកនេះ។

 

ក្នុងនោះដែរ រដ្ឋាភិបាលស្វីស និងរដ្ឋាភិបាលស៊ុយអែដ បានថ្លែងស្រដៀងគ្នាថា តំណាងរដ្ឋាភិបាលទាំង២មានមោទនភាពក្នុងការចូលរួមផ្តល់ជំនួយហិរញ្ញប្បទានជាបន្តបន្ទាប់ក្នុងកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយយល់ឃើញថាកម្មវិធីកំណែទម្រង់គឺជាកត្តាគន្លឹះសម្រាប់ជំរុញកិច្ចអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្នក្នុងប្រទេសកម្ពុជា។

 

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលស៊ុយអែដ និងរដ្ឋាភិបាលស្វីសរួមជាមួយសហភាពអ៊ឺរ៉ុបកំពុងផ្តល់ហិរញ្ញប្បទានរួមចំណែកក្នុងថវិកាកញ្ចប់រួមរបស់ គ.ជ.អ.ប ដើម្បីគាំទ្រកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ការគាំទ្រនេះបានដាក់បញ្ចូលក្នុងក្របខណ្ឌការងារដែលមានលក្ខណៈទូលំទូលាយនៃយុទ្ធសាស្រ្តសហប្រតិបត្តិការអភិវឌ្ឍរបស់សហភាពអ៊ឺរ៉ុបសម្រាប់ កម្ពុជាឆ្នាំ២០១៤-២០១៨ ដែលក្នុងនោះមាន រដ្ឋាភិបាលស៊ុយអែដតំណាងដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែដ (SIDA) និងរដ្ឋាភិបាលស្វីសតំណាងដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) ជាដៃគូ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់