ការចុះពិនិត្យ និងគាំទ្រការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់រដ្ឋបាលខេត្តព្រះវិហារ

ព្រះវិហារ ២៣ កក្កដា ឆ្នាំ២០១៤៖ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ក្រុមការងារ របស់អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដឹកនាំដោយ កញ្ញា ម៉ៅ ម៉ាលីស ប្រធានការិយាល័យអភិវឌ្ឍន៍សមត្ថភាព និងរួមដំណើរដោយលោក សង់ ពលរិទ្ធ ទីប្រឹក្សាគាំទ្រកម្មវិធីថ្នាក់ជាតិ និងលោក ប៊ិត ចាន់ខន មន្ត្រីគ្រប់គ្រងគម្រោងថ្នាក់ជាតិ។

ព្រះវិហារ ២៣ កក្កដា ឆ្នាំ២០១៤៖ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ក្រុមការងាររបស់អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី នៃលេខាធិការដ្ឋាន គ.ជ.អ.ប ដឹកនាំដោយ កញ្ញា ម៉ៅ ម៉ាលីស ប្រធានការិយាល័យអភិវឌ្ឍន៍សមត្ថភាព និងរួមដំណើរដោយលោក សង់ ពលរិទ្ធ ទីប្រឹក្សាគាំទ្រកម្មវិធីថ្នាក់ជាតិ និងលោក ប៊ិត ចាន់ខន មន្ត្រីគ្រប់គ្រងគម្រោងថ្នាក់ជាតិ។

ជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋបាលខេត្ត មានរយៈពេលប្រមាណជា២ម៉ោង ដោយមានការអញ្ជើញ ចូលរួមពី គ្រប់ទីចាត់ការចំណុះសាលាខេត្ត អង្គភាពលទ្ធកម្ម ទីប្រឹក្សា និងអ្នកពាក់ព័ន្ធ ជាមួយនឹង ការអនុវត្តផែនការសកម្មភាព និងថវិកានៃសេចក្តីសម្រេចរួមឆ្នាំ២០១៤ របស់រដ្ឋបាលខេត្តព្រះវិហារ សរុបចំនួន១៥នាក់ (ស្រី៥នាក់) ក្រោមការដឹកនាំ សម្របសម្រួលរបស់ លោក មុត ភិសិទ្ធនា នាយករដ្ឋបាលស្តីទីសាលាខេត្ត។

គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពិនិត្យមើល និងគាំទ្រទៅដល់ការអនុវត្តសេចក្តីសម្រេចរួម របស់រដ្ឋបាលខេត្ត អស់រយៈ ពេល៦ខែដើមឆ្នាំ អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា បន្ទាប់ពីក្រុមការងារផែនការអនុវត្តបីឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិ ត្រូវបាន រំសាយ (យោងលិខិត០៨២ សជណ/គ.ជ.អ.ប ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការពង្រឹងការទទួលខុសត្រូវ និងភាពម្ចាស់ការ របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ)។

ថ្លែងក្នុងឱកាសនោះ លោក មុត ភិសិទ្ធនា នាយករដ្ឋបាលស្តីទី សាលាខេត្តព្រះវិហារ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាព និងបញ្ហាប្រឈមសំខាន់ៗ។ យោងសេចក្តីសម្រេចរួមលេខ13/CP/1400-00(IP3) ខេត្តព្រះវិហារទទួលបានថវិកាចំនួន ៣០២.១២៧,៥៦ ដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តសកម្មភាពចំនួន៥៦ នៃលទ្ធផលសរុបចំនួន១៨។ ក្នុងឆមាសទី១ សកម្មភាព សម្រេចបាន តាមផែនការមានចំនួន១៥នៃសកម្មភាពគ្រោងចំនួន៣៧ (ក្នុងនោះមាន៦សកម្មភាពបន្តអនុវត្តនៅឆមាសទី២ទៀត) សកម្មភាព កំពុងដំណើរការមានចំនួន៤ ហើយក៏មានសកម្មភាពចំនួន១៨ដែលមិនអាចសម្រេចបានតាមផែនការ។

ករណីដែលមានសកម្មភាពខ្លះមិនអាចអនុវត្តតាមផែនការ មានកត្តាប្រឈមធំៗចំនួនពីរ៖(១) វគ្គជាសេរី ថ្នាក់ខេត្តមិនអាច អនុវត្តបាន (រង់ចាំថ្នាក់ជាតិ) និងរួមជាមួយការអូសបន្លាយពេលវេលាក្នុងការរៀបចំសេចក្តីសម្រេចរួម លំហូថវិកា និងនីតិវិធី នៃការជ្រើសរើស បុគ្គលិក (២) វគ្គខ្លះជាការគ្រោងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក តែដោយការងារមមាញឹក និងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា ការបោះឆ្នោត ជ្រើសរើស និងការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ ជាដើម។

ជាបន្តនៃជំនួបពិភាក្សានេះ ក្រុមការងារថ្នាក់ជាតិបានបំផុសឲ្យមានការពិភាក្សា សំណួរ-ចម្លើយយ៉ាងផុលផុស ពីអ្នកចូលរួម ប្រកបដោយ ភាពស្និទ្ធស្នាល និងមានទំនួលខុសត្រូវ។ បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាលជាមួយក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ជាតិក៏បានចុះទៅកាន់ស្រុកគូលែន និងស្រុកជាំក្សាន្ត ដើម្បីបន្តកិច្ចដំណើរការតាមការគ្រោងទុក។ រៀបរៀងដោយ៖ លោកស្រី នុត សាមាន ទីប្រឹក្សាខេត្តព្រះវិហារ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់